(ព្រះសីហនុ)៖ កម្លាំងនគរបាលការិយាល័យកណ្តាល​ព្រហ្មទណ្ឌ សហការជាមួយ​កម្លាំងនគរបាល​ក្រុងព្រះសីហនុ នៅថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ក្រោយធ្វើ​សកម្មភាពប្លន់ ដោយប្រើកាំបិតចុងស្រួច ភ្ជង់ទៅ​លើនារីរងគ្រោះ ២នាក់ផ្សេងទៀត យកអស់ទូរស័ព្ទ លុយ និងរបស់របរមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ​សាលាដំបូង​ខេត្តចាត់ការតាមនីតិវិធី។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់​បានធ្វើសកម្មភាព​ប្លន់ទៅលើពួកនាង កាលពីនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ យកអស់​ទូរស័ព្ទ​ដៃម៉ាក IPhone5s ១គ្រឿង ទូរស័ព្ទដៃម៉ាក IPhone5 ១គ្រឿង ទូរស័ព្ទចុចពិល១គ្រឿង អត្តសញ្ញាណប័ណ្ណ១សន្លឹក លុយខ្មែរ ១៣០,០០០រៀល លុយដុល្លារ ២០ដុល្លា កាតធនាគារ១សន្លឹក កាបូបស្ពាយ១។

លោកឧត្តមសេនីយ៍ស្នងការ បានបន្តថា ជនសង្ស័យមានគ្នា២នាក់ ម្នាក់ឈ្មោះ គង់ កីឡាកាស អាយុ១៨ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ជាជនដៃដល់ និងឈ្មោះ ង៉ែត ឡែន អាយុ៣១ឆ្នាំ មានទីលំនៅជាមួយគ្នា។

ចំណែកជនរងគ្រោះមានគ្នា២នាក់ដែរ​ម្នាក់ឈ្មោះ ខុំ ភាព អាយុ២៦ឆ្នាំ មានទីលំនៅក្រុម៤៧ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងឈ្មោះ ហែម ស្រីមុំ អាយុ២៥ឆ្នាំ នៅជាមួយគ្នា។

វត្ថុតាងដែលដកហូតបានពីជនសង្ស័យ រួមមាន ដាវមុខរណាចុងស្រួច ១ដើម ម៉ូតូម៉ាក JUPITER ១គ្រឿង ទូរស័ព្ទដៃម៉ាក អាយហ្វូនហ្វាយអេស១គ្រឿង ទូរស័ព្ទដៃម៉ាក អាយហ្វូនហ្វាយ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងបន្តនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត៕

ប្រភព៖ fresh news

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

អាសូរណាស់! ស្រ្តីម្នាក់សម្រាលកូនដំបូង នៅកណ្តាលវាលស្រែក្នុងខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង)៖ អាសូណាស់! កូនទី១ ឈឺពោះសម្រាលក្រោមកម្តៅថ្ងៃ កណ្តាលវាលស្រែ ឆ្ងាយពីភូមិ ជិតមួយគីឡូម៉ែត្រ និង ឃា្លតឆ្ងាយពីមណ្ឌលសុខភាព ស្រែក្រសាំង រាប់គីឡូម៉ែត្រនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិដំរីផុង ឃុំកោះសម្ពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ទាំងនេះគឺជាការរៀបរាប់របស់អ្នកភូមិ សំដៅដល់ស្រ្តីម្នាក់ឈ្មោះ ថេង ធារី អាយុ២៦ឆ្នាំ ស្រុកកំណើត នៅភូមិច្រវ៉ា ឃុំគោលាប់ ស្រុកចិត្របូរី ខេត្តក្រចេះ និងទើបមករស់នៅធ្វើស្រែចំការ នៅភូមិដំរីផុងឃុំកោះ​សម្ពាយ​ស្រុកសៀមបូក បានមួយឆ្នាំប៉ុណ្ណោះ។

តែយ៉ាងណាក៏ដោយ ដោយសារតែមានបុណ្យជួយ បច្ចុប្បន្នទាំងទារក និងម្តាយកំពុងសម្រាកថែទាំសុខភាព នៅមណ្ឌល​សុខភាព ស្រែក្រសាំងស្រុកសៀមបូក ដោយរួចផុតពីគ្រោះថ្នាក់ហើយ ដោយសារតែបានប្រជាពលរដ្ឋបានជួយទាន់។

ស្ត្រីសម្រាលកូនខាងលើនេះ បានរៀបរាប់ថា នាងពុំដឹងខ្លួនឈឺពោះរៀបនឹងសម្រាលកូននោះទេ តែស្រាប់កើតឡើងភ្លាមៗ នៅថ្ងៃទី២៧ ខែកុម្ភៈនេះ ទាំងពុំដឹងខ្លួនបែបហ្នឹង។ នាងបន្តថា នេះជាចំណងដៃកូនទីមួយ​ក្រោយរៀបការ​ជាមួយប្តីបាន​ជាងមួយឆ្នាំកន្លងទៅ។

បុរសជាប្តីក៏បានរៀបរាប់ដែរថា ខ្លួនមិនដឹងប្រពន្ធត្រូវជួបប្រទះរឿងបែបនេះសោះ ហើយវាជាអនុស្សាវរីយ៍មួយ ដែលមិនអាច​បំភ្លេចបាន ក្រោយកូនប្រុសត្រូវសម្រាលនៅកណ្តាលវាលស្រែ ដ៏ជូរចត់បែបនេះ ហើយខ្លួនក៏មាន​ការរំភើបដែលបាន​ធ្វើជាឪពុក​ក្នុងប្រវត្តិជូរចត់របស់កូនគ្រានេះដែរ។

បុរសរូបនេះបន្តថា ទន្ទឹមនឹងប្រពន្ធផ្តើមឈឺពោះ ខ្លួនមានការបារម្ភណ៍ពីបញ្ហាប្រឈមទីមួយ គ្មានពេទ្យឆ្មប និងទីពីរ មណ្ឌល​សុខភាព​នៅឆ្ងាយរាប់គីឡូម៉ែត្រ និងជាការធ្វេសប្រហែសមួយ ដែលមិនបានទៅពិនិត្យផ្ទៃពោះ ទទួលការណែនាំ​នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដើម្បីត្រៀមលក្ខណៈជាមុន។

តាមការឲ្យដឹងពីប្អូនស្រីស្រ្តីខាងលើ នៅថ្ងៃទី២៧ ខែកុម្ភៈ រូបនាងរួមបងប្អូន ប្រុស ស្រី៤នាក់ រួមទាំងបងស្រីមាន ផ្ទៃពោះផង​នោះ​ទៅចូលបុណ្យលើកធាតុយាយនៅភូមិចម្ងាយពីខ្ទមស្រែ ជិតមួយគីឡូម៉ែត្រលុះដើបានជាង១០០ម៉ែត្រ គាត់ប្រាប់ថា ឈឺចង្កេះដោយពុំនឹកស្មានថា ឈឺពោះសម្រាលកូននោះទេ បន្ទាប់មកក៏ស្រាប់ឈឺពោះកាន់តែខ្លាំង និងដើរមិនរួចទើប​សម្រាល​នៅកណ្តាលស្រែតែម្តង។

នារីដដែលបន្តថា គ្រាកំពុងឈឺពោះជាការដៃដន្យបំផុត មានអ្នកគ្រូពេទ្យឆ្មបម្នាក់ឆ្លងកាត់ ជួយពិនិត្យ និងជូនដំណឹងទៅ ប្រធាន មណ្ឌលសុខភាពស្រែក្រសាំងឲ្យបញ្ជូនអ្នកគ្រូពេទ្យឆ្មបជំនាញពីរនាក់ រួមទាំងសភារៈមកជួយបន្ថែមទាន់ពេល ចំណែកប្​តីរបស់គាត់ប្រឹងកាប់ដើមឬស្សីចងអង្រឹង សែងទៅបណ្តើរតែការឈឺពោះនោះលឿនពេកសម្រាលភ្លាមៗ នៅកណ្តាល​ស្រែនោះតែម្តង បន្ទាប់មកក្រុមគអ្នកគ្រូពេទ្យឆ្មបមកដល់ជួយសម្អាតសុកចេញ និងបញ្ជូនតាមម៉ូតូបន្តទៅ​ទទួលការ​ថែទាំនៅមណ្ឌលសុខភាពភ្លាមៗដែរ។

លោក ឯម ប៊ុនសុំ ប្រធានមណ្ឌលសុខភាពភូមិស្រែក្រសាំង ឃុំស្រែក្រសាំងស្រុកសៀមបូក បានបញ្ជាក់ថា សុខភាពម្តាយ និងទារកមានសុខភាពល្អធម្មតា ហើយវាជារឿងមួយដែលកម្រសម្រាប់ស្ត្រីមានផ្ទៃពោះជួបប្រទះ ការសម្រាលកូន​ដោយខ្លួនឯង ដោយមិនដឹងខ្លួនបែបនេះ។

លោក ឯម ប៊ុនសុំ បានបន្ថែមថា ទាក់ទិនការសម្រាលកូនបែបនេះ មានការប្រឈមគ្រោះថ្នាក់ខ្លាំងណាស់ ប្រសិនលើក​ក្រោយសម្រាល មិនបានយកសុកចេញឈាម នឹងចាប់ផ្តើមធ្លាក់ដែលអាចកើតមានគ្រោះថ្នាក់គ្រប់ពេលលើសុខភាពម្តាយ។

លោកបានបញ្ជាក់បន្ថែមថា ខាងមណ្ឌលសុខភាពបានចុះផ្សព្វផ្សាយអប់រំដល់មូលដ្ឋានជាប្រចាំ តែមានប្រជាពលរដ្ឋ ខ្លះគាត់​ចូលរួមនិងខ្លះទៀតគាត់មិនបានចូលរួមស្តាប់ការផ្សព្វផ្សាយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]