អាហ្សង់ទីន៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង នៅក្នុងទីក្រុង Santiago del Estero ភាគខាងជើងប្រទេសអាហ្សង់ទីន ដោយក្រុមក្មេងៗជាច្រើនកំពុងលេងបាល់យ៉ាងសប្បាយរីករាយ ខណៈនោះស្រាប់តែលេចចេញសត្វចម្លែក រាងតូចដូចម្រេញគង្វាល (Globin) ធ្វើឲ្យពួកគេភ័យខ្លាច នាំគ្នារត់សស្រាច លែងហ៊ានមកលេងម្តងទៀត។

ទិដ្ឋភាពនេះត្រូវបានប្រទះឡើងដោយក្មេងប្រុសម្នាក់ កំពុងថតវីដេអូមិត្តភក្កិរបស់គេលេងបាល់យ៉ាងសប្បាយរីករាយនៅលើទីលាន ក្រោយមកខណៈកំពុងថត ស្រាប់តែបានប្រទះឃើញរឿងចម្លែកមួយកើតឡើង រួចក៏បានពង្រីកមើល ក៏ឃើញចំនុចពណ៌ខ្មៅមានចលនាមួយ ដើរវើកៗយ៉ាងចម្លែក ក៏បានធ្វើឲ្យពួកគេនាំគ្នាស្រែកផ្អើល នាំគ្នារត់ត្រលប់មកផ្ទះវិញយ៉ាងភ័យខ្លាច។

បន្ទាប់ពីមានមហាជនជាច្រើនបានឃើញទិដ្ឋភាពដ៏ចម្លែកក្នុងវីដេអូនោះរួច ពួកគេបាននាំគ្នានិយាយថា នេះគឺជាសត្វចម្លែក (Goblin) ខណៈដែលក្មេងៗដែលជួបហេតុការណ៍នេះផ្ទាល់ រាងចាលលែងហ៊ានមកលេងនៅលើតារាងបាល់នោះទៀត។

ម្តាយរបស់ក្មេងប្រុសដែលស្ថិតក្នុងហេតុការណ៍នោះម្នាក់បាននិយាយថា «នេះជាករណីចម្លែកមួយកម្របានជួប។ បើតាមអបិយជំនឿ Globin គឺជាប្រភេទសត្វទេវៈដ៏ធំសម្បើមមួយដែលមានដំបូង នៅក្នុងយុគសម័យបុរាណនៅតំបន់អឺរ៉ុប។ ជាទូទៅ វាប្រៀបបានដូចជាបិសាចដែលមានឥទ្ធិពលដ៏កាចសាហាវ និងមួយវិញទៀតមានសមត្ថភាពពិសេសទៀតផងដែរ»

ប្រភព៖ Dailymail

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ត្រីនាគជាច្រើនក្បាល ងាប់លើឆ្នេរសមុទ្រហ្វីលីពីន អ្នកស្រុកភ័យខ្លាចថាជាប្រផ្នូលនៃគ្រោះមហន្តរាយ

ហ្វីលីពីន៖ ត្រីយក្សប្រភេទ Oarfish ដែលគេជឿថា ជាអ្នកនាំសាររបស់សមុទ្រ ត្រូវបានគេប្រទះឃើញងាប់ ហើយរសាត់មកទើរលើឆ្នេរសមុទ្រប្រទេសហ្វីលីពីន កាលពីពេលថ្មីៗនេះ ដោយបង្កឲ្យមានការភ័យខ្លាចយ៉ាងខ្លាំងថា ជាប្រផ្នូលនៃការកើតមានគ្រោះរញ្ជួយដីដ៏ធំជាថ្មីម្តងទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉ែល។

អ្នកស្រុកជាច្រើន ព្រមទាំងអ្នកវិទ្យាសាស្រ្តមួយចំនួនផង ជឿជាក់ថា ត្រីនេះ គឺជាត្រីនាគ វាត្រូវបានរលកធំៗបោកបក់មកទើរលើឆ្នេរសមុទ្រខេត្ត Agusan del Norte ប្រទេសហ្វីលីពីន ប៉ុន្មានថ្ងៃមុនពេលមានគ្រោះរញ្ជួយដីវាយប្រហារលើកោះ Mindanao island កាលពីថ្ងៃទី១១ ខែកុម្ភៈ។

ប្រភពបន្តថា ក្រោយពីមានគ្រោះរញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ ត្រីនាគ ចំនួន៥ក្បាលទៀត ត្រូវបានគេរកឃើញងាប់ទើរលើឆ្នេរសមុទ្រ រួមជាមួយព័ត៌មាន មនុស្សចំនួន៨នាក់បានស្លាប់ និង២០០នាក់់ផ្សេងទៀតបានរងរបួសនៅក្នុងហេតុការណ៍ខាងលើនោះ។ 

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ត្រីនាគចុងក្រោយដែលគេរកឃើញ គឺកាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅឆ្នេរសមុទ្រក្នុងទីក្រុង Cagayan de Oro ដែលមានប្រវែង ៤,៥ម៉ែត្រ។ វាបានធ្វើឲ្យអ្នកស្រុកជាច្រើន មានការភ័យខ្លាចថាជាប្រផ្នូលមិនល្អ ហើយព័ត៌មានទាំងនេះ បានរីករាលដាលយ៉ាងឆាប់រហ័ស។

តែទោះជាយ៉ាងណា លោក Marcial Labininay ដែលជាអ្នកគ្រប់គ្រងប្រចាំតំបន់ បានបដិសេធចំពោះការអះអាង ពីការងាប់ត្រីនាគទាំងនោះថា ជាសញ្ញានៃគ្រោះមហន្តរាយ និងបាននិយាយថា វាគ្រាន់តែជាការអះអាងពឹងផ្អែកលើអបិយជំនឿតែប៉ុណ្ណោះ។

ក្រុមអ្នកវិទ្យាសាស្រ្តបានថ្លែងថា ប្រភេទត្រីចម្លែករស់នៅក្នុងទឹកជ្រៅទាំងនេះ ប្រហែលជាត្រូវបានបោកបក់មកលើផ្ទៃទ្វីប ដោយសារចរន្តទឹកខ្លាំង។ ជាធម្មតានៅផ្ទៃទឹករាក់ រលកមានទំហំធំ និងខ្លាំង ហើយពួកវាអាចនឹងងាប់ដោយសារការប៉ះទង្គិចជាមួយចរន្តទឹកខ្លាំងទាំងអស់នោះ។

គួរបញ្ជាក់ថា ត្រីនាគប្រភេទ Oarfish នេះ ជាធម្មតាវាមានពណ៌ខៀវ ស្វាយ ឬក្រហម ប៉ុន្តែពណ៌ទាំងអស់នេះនឹងរលាយបាត់ទៅ យ៉ាងលឿននៅពេលដែលពួកវាងាប់។ ដោយសារតែវារស់នៅក្នុងសមុទ្រទឹកជ្រៅ ដូច្នេះមនុស្សមានការលំបាកជាខ្លាំងក្នុងការសិក្សាពីវាឲ្យបានច្រើន៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]