ហ្វីលីពីន៖ ត្រីយក្សប្រភេទ Oarfish ដែលគេជឿថា ជាអ្នកនាំសាររបស់សមុទ្រ ត្រូវបានគេប្រទះឃើញងាប់ ហើយរសាត់មកទើរលើឆ្នេរសមុទ្រប្រទេសហ្វីលីពីន កាលពីពេលថ្មីៗនេះ ដោយបង្កឲ្យមានការភ័យខ្លាចយ៉ាងខ្លាំងថា ជាប្រផ្នូលនៃការកើតមានគ្រោះរញ្ជួយដីដ៏ធំជាថ្មីម្តងទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉ែល។

អ្នកស្រុកជាច្រើន ព្រមទាំងអ្នកវិទ្យាសាស្រ្តមួយចំនួនផង ជឿជាក់ថា ត្រីនេះ គឺជាត្រីនាគ វាត្រូវបានរលកធំៗបោកបក់មកទើរលើឆ្នេរសមុទ្រខេត្ត Agusan del Norte ប្រទេសហ្វីលីពីន ប៉ុន្មានថ្ងៃមុនពេលមានគ្រោះរញ្ជួយដីវាយប្រហារលើកោះ Mindanao island កាលពីថ្ងៃទី១១ ខែកុម្ភៈ។

ប្រភពបន្តថា ក្រោយពីមានគ្រោះរញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ ត្រីនាគ ចំនួន៥ក្បាលទៀត ត្រូវបានគេរកឃើញងាប់ទើរលើឆ្នេរសមុទ្រ រួមជាមួយព័ត៌មាន មនុស្សចំនួន៨នាក់បានស្លាប់ និង២០០នាក់់ផ្សេងទៀតបានរងរបួសនៅក្នុងហេតុការណ៍ខាងលើនោះ។ 

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ត្រីនាគចុងក្រោយដែលគេរកឃើញ គឺកាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅឆ្នេរសមុទ្រក្នុងទីក្រុង Cagayan de Oro ដែលមានប្រវែង ៤,៥ម៉ែត្រ។ វាបានធ្វើឲ្យអ្នកស្រុកជាច្រើន មានការភ័យខ្លាចថាជាប្រផ្នូលមិនល្អ ហើយព័ត៌មានទាំងនេះ បានរីករាលដាលយ៉ាងឆាប់រហ័ស។

តែទោះជាយ៉ាងណា លោក Marcial Labininay ដែលជាអ្នកគ្រប់គ្រងប្រចាំតំបន់ បានបដិសេធចំពោះការអះអាង ពីការងាប់ត្រីនាគទាំងនោះថា ជាសញ្ញានៃគ្រោះមហន្តរាយ និងបាននិយាយថា វាគ្រាន់តែជាការអះអាងពឹងផ្អែកលើអបិយជំនឿតែប៉ុណ្ណោះ។

ក្រុមអ្នកវិទ្យាសាស្រ្តបានថ្លែងថា ប្រភេទត្រីចម្លែករស់នៅក្នុងទឹកជ្រៅទាំងនេះ ប្រហែលជាត្រូវបានបោកបក់មកលើផ្ទៃទ្វីប ដោយសារចរន្តទឹកខ្លាំង។ ជាធម្មតានៅផ្ទៃទឹករាក់ រលកមានទំហំធំ និងខ្លាំង ហើយពួកវាអាចនឹងងាប់ដោយសារការប៉ះទង្គិចជាមួយចរន្តទឹកខ្លាំងទាំងអស់នោះ។

គួរបញ្ជាក់ថា ត្រីនាគប្រភេទ Oarfish នេះ ជាធម្មតាវាមានពណ៌ខៀវ ស្វាយ ឬក្រហម ប៉ុន្តែពណ៌ទាំងអស់នេះនឹងរលាយបាត់ទៅ យ៉ាងលឿននៅពេលដែលពួកវាងាប់។ ដោយសារតែវារស់នៅក្នុងសមុទ្រទឹកជ្រៅ ដូច្នេះមនុស្សមានការលំបាកជាខ្លាំងក្នុងការសិក្សាពីវាឲ្យបានច្រើន៕ 

ប្រភព៖ Dailymail

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ចេះនោះចេះ! ទាល់តែមានអ្នកមកស្ទាបអង្អែលថ្នាក់ថ្នម បានព្រមចូលជំរុំវិញ

តោឈ្មោលធំមួយក្បាល នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វ ក្នុងទីក្រុង Harrismith ប្រទេសអាហ្រ្វិកខាងត្បូង ត្រូវគេថតបាន មិនព្រមដើរចូលក្នុងជំរុំ សុខចិត្តឈរពាំងផ្លូវមិនឲ្យគេធ្វើដំណើរឆ្លងកាត់ ប៉ុន្តែទាល់តែទៅថ្នាក់ថ្នម បំបោសអង្អែលទើបវាព្រមចូលជំរុំវិញ។

ទិដ្ឋភាពនេះមានទីតាំងស្ថិតនៅមជ្ឈមណ្ឌលអភិរក្សសត្វ Glen Garriff។ អ្នកធ្វើការនៅទីនោះបានបញ្ជាក់ឲ្យដឹងថា សត្វតោឈ្មោលដ៏ធំមួយក្បាលនោះឈ្មោះ Smokey វាតែងតែស្តាប់បង្គាប់នៅរាល់ពេលដែលអនុរក្សដែលវាចូលចិត្ត មកស្ទាបអង្អែល ថ្នាក់ថ្នម ហើយបើពុំដូច្នោះទេ វាមិនព្រមទៅណាឡើយ។

បុគ្គលិកនៅមជ្ឈមណ្ឌលអភិរក្សសត្វម្នាក់ឈ្មោះ Suzanne Scott បាននិយាយថា «ពួកយើងមិនអាចដឹងថាសត្វតោ វាកំពុងគិតអ្វីនោះទេ។ នៅពេលល្ងាច ពួកយើងតែងតែបើកទ្វាជំរុំ ដើម្បីឲ្យ Smokey អាចដើរតាមផ្លូវបានដោយសេរី ប៉ុន្តែពួកយើងក៏បានគិតពីសុវត្ថិភាពដែរ» ។

នាងបានបន្តទៀតថា «ចំពោះពេលព្រឹកវិញ អនុរក្សដែលមើលថែសត្វម្នាក់ឈ្មោះ Mike តែងតែបណ្តើរ Smokey ចូលទៅក្នុងជំរុំវិញ ដើម្បីទុកផ្លូវឲ្យមានអ្នកដំណើរ និងយានយន្តឆ្លងកាត់» ។

ក្នុងនោះដែរមានតែលោក Mike ទេ ដែលវាចូលចិត្ត។ នាងបានបន្ថែមឲ្យដឹងថា «Smokey មិនដែលស្តាប់បង្គាប់នរណាទេ ហើយតែងតែឈរបង្អាក់ផ្លូវធ្វើដំណើរ ប៉ុន្តែនៅពេលដែល Mike បានមកឱបក្រសោប ថ្នាក់ថ្នមវិញនោះ វាក៏ស្តាប់ភ្លាម» ។

គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលអភិរក្សសត្វ Glen Garriff គឺប្រៀបបានដូចជាផ្ទះមួយ ដែលមានសត្វតោ សរុបចំនួន៨០ក្បាល និងសត្វផ្សេងៗទៀត ហើយទីកន្លែងនេះផងដែរ ក៏ជាកន្លែងពិសោធន៍ស្រាវជ្រាវអំពីពូជ និងពួកប្រភេទសត្វគ្រប់ប្រភេទផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]