បរទេស៖ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមហ៊ុន Nokia បាននាំយកទូរស័ព្ទជំនាន់ចាស់ Nokia 3310 ឬក្បាលត្រីអណ្តែង មកកាន់ទីផ្សារពិភពលោកជាថ្មីម្តងទៀត ជាមួយនឹងរូបរាងយ៉ាងឡូយ ស៊េរី២០១៧។

គួររំឮកថា ទូរស័ព្ទជំនាន់ចាស់ Nokia 3310 ឬក្បាលត្រីអណ្តែងនេះ ត្រូវបានចេញលក់ជាលើកដំបូងនៅក្នុងឆ្នាំ២០០០ ដោយមានភ្ជាប់មកជាមួយនូវ ហ្គេមពស់ ដ៏មានប្រជាប្រិយបំផុត និងថាមពលថ្មទុកចោលបានដល់ទៅ ១ខែឯណោះ។

ក្រុមហ៊ុន Nokia បានឲ្យដឹងថា ទូរស័ព្ទ Nokia 3310 ឬក្បាលត្រីអណ្តែង ជំនាន់ថ្មីនេះ គឺមិនមានប្រព័ន្ធអ៊ិនធើណេតនោះទេ ហើយវាមានតម្លៃជាង ៥០ដុល្លារ និងសាកសមបំផុតសម្រាប់អ្នកដែលចង់ប្រើតែលើការសន្ទនាទូរស័ព្ទ និងផ្ញើសារ ហើយមានទាំងប្រភេទស៊ីម១ និងស៊ីម២។ 

ខាងក្រោមជាលក្ខណៈសម្បត្តិលម្អិតរបស់ Nokia 3310 ស៊េរី២០១៧៖

អេក្រង់៖ ប្រភេទ TFT ទំហំ២,៤អ៊ីញ កម្រិតរូបភាព ២៤០x៣២០ ភីកសែល

អង់ចង់ចាំ(MEMORY)៖ ប្រភេទ microSD ទំហំ១៦MB អាចបន្ថែមបានដល់ទៅ ៣២GB, មានកម្មវីធីថតការសន្ទនាទូរស័ព្ទ

កាមេរ៉ា៖ ទំហំ ២MP (មានថតវីដេអូ), និងភ្លើងពិល

សម្លេង៖ សំឡេងរោទ៍ MP3, ប្រដាប់បំពងសំឡេង, រន្ធដោតកាស 3.5mm jack

ប្លូធួ៖ Bluetooth v3.0, A2DP វិទ្យុ និងរន្ធ USB microUSB v2.0

ថ្ម៖ ប្រភេទ Li-Ion 1200 mAh អាចដោះបាន

ទុកចោល៖ អាចដល់ ៧៤៤ម៉ោង

សន្ទនា៖ អាចដល់ ២២ម៉ោង

ស្តាប់ចម្រៀង៖ អាចដល់ ៥១ម៉ោង

ប្រភេទស៊ីម២ ៖ ថ្មប្រភេទ Li-Ion 1200 mAh អាចដោះបាន

ទុកចោល៖ អាចដល់ ៦០០ម៉ោង

សន្ទនា៖ អាចដល់ ២២ម៉ោង

ពណ៌៖ ក្រហមចាស់(រលោង), ខៀវចាស់ (គ្រៀម), បៃតង (រលោង), ប្រផេះ (គ្រៀម)៕ 

ប្រភព៖ GSMArena | Mirror | TheVerge

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ឡូយហួស! ឌូបៃ នឹងដំណើរការតាក់ស៊ីលើមេឃ ដំបូងគេបង្អស់ នៅក្នុងខែកក្កដា ខាងមុខនេះ

ទីក្រុងឌូបៃ គ្រោងនឹងដំណើរការសេវាកម្ម តាក់ស៊ីលើមេឃ ដំបូងគេបំផុតនៅក្នុងឆ្នាំ២០១៧ ដោយប្រើប្រាស់ដ្រូន ដំណើរការស្វ័យប្រវត្តិ ដែលផលិតដោយក្រុមហ៊ុនចិន ឈ្មោះ EHang Inc ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន VOA របស់អាមេរិក។

ប្រភពព័ត៌មានបានឲ្យដឹងថា តាក់ស៊ីដ្រូន EHang 184 នេះ ដំណើរការដោយថាមពលថ្ម នឹងត្រូវបានរចនាឡើយដោយមានរាងដូចជាស៊ុតមួយគ្រាប់។ វាអាចផ្ទុកអ្នកដំណើរចំនួនម្នាក់ និងធ្វើដំណើរលើរយៈចម្ងាយជិត ឬមធ្យម ហើយអាជ្ញាធរក្នុងទីក្រុងឌូបៃ បាននិយាយថា ពួកគេគ្រោងនឹងប្រើដ្រូន ដែលផលិតដោយក្រុមហ៊ុនចិនមួយនេះ ក្នុងការដំណើរការសេវាកម្មតាក់ស៊ីលើមេឃ ឲ្យបានឆាប់បំផុតនៅក្នុងខែកក្កដា។

ប្រភពបន្តថា ដ្រូន EHang 184 ដែលផលិតដោយក្រុមហ៊ុនចិនមួយនេះ មានស្លាប កង្ហារចំនួន ០៤ ហើយវាត្រូវបានរចនាឡើង ដើម្បីដាក់អ្នកដំណើរចំនួនម្នាក់ និងអាចផ្ទុកទំងន់បាន ១០០គីឡូក្រាម ព្រមទាំងមានកន្លែងដាក់អីវ៉ាន់តូចមួយ នៅខាងក្រោយ។

ប្រធាននាយកដ្ឋានផ្លូវថ្នល់ និងដឹកជញ្ជូនរបស់ទីក្រុងឌូបៃ បានឲ្យដឹងថា តាក់ស៊ីលើមេឃ ស្វ័យប្រវត្តិមួយនេះ ត្រូវបានធ្វើការសាកល្បងរួចទៅហើយនៅក្នុងទីក្រុង នៃប្រទេសអារ៉ាប់រួមមួយនេះ។ ហើយសេវាកម្មរបស់វា ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមដំណើរការនៅក្នុងខែកក្កដាឆ្នាំ២០១៧។

តាក់ស៊ីដ្រូន ដែលមានរាងដូចជាស៊ុតមួយនេះ អាចធ្វើដំណើរបានក្នុងល្បឿនអតិបរមា ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាអាចហោះបានរយៈពេល ៣០នាទី រាល់ការសាកថ្មពេញម្តងៗ និងអាចហោះហើរក្នុងរយៈចម្ងាយឆ្ងាយបំផុត ៥០គីឡូម៉ែត្រ។

តាមរយៈវីដេអូបង្ហាញពីតាក់ស៊ីដ្រូននេះ បានឲ្យយើងឃើញថា ដំណើរការទាំងអស់ត្រូវបានធ្វើឡើងដោយស្វ័យប្រវត្តិ។ រីឯការហៅតាក់ស៊ីមួយនេះ អាចធ្វើឡើងតាមរយៈកម្មវិធីទូរស័ព្ទមួយ ដើម្បីឲ្យវាហោះមកទទួលអ្នកដំណើរ នៅទីតាំងដែលបានកំណត់ ហើយអ្នកដំណើរអាចកំណត់ពីគោលដៅដែលត្រូវទៅ ដោយចុចនៅលើផែនទី ដែលរចនាឡើងនៅក្នុងតាក់ស៊ីស្រាប់។

មន្រ្តីបច្ចេកទេសរបស់ក្រុមហ៊ុនចិន EHang បានឲ្យដឹងថា ដើម្បីបង្កើនសុវត្តិភាពរបស់អ្នកដំណើរ រាល់ការធ្វើដំណើរ និងដំណើរការនៃម៉ាស៊ីនរបស់តាក់ស៊ីដ្រូនទាំងអស់ ត្រូវបានតាមដានយ៉ាងល្អិតល្អន់ដោយបុគ្គលិក នៅក្នុងមជ្ឈមណ្ឌបញ្ជា និងគ្រប់គ្រង ហើយអ្នកដំណើរនៅក្នុងតាក់ស៊ី ក៏អាចធ្វើការទំនាក់ទំនងជាមួយមជ្ឈមណ្ឌបញ្ជា និងគ្រប់គ្រង ប្រសិនបើមានការចាំបាច់៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]