(ក្រចេះ)៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានចាប់វាយខ្នោះ និងបញ្ជូនបុរសវ័យចំណាស់ជាគ្រូថ្នាំខ្មែរម្នាក់ ទៅតុលាការ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ពីបទរំលោភសេពសន្ថវៈលើក្មេងស្រី អនីតិជនវ័យ១៦ឆ្នាំ ដែលត្រូវជាចៅស្រីចុងរហូតមានផ្ទៃពោះ៦ខែ។

កម្លាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិតាសោម ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ បន្ទាប់ពីមានការបែកធ្លាយអាថ៌កំបាំង​ «រំលោភចៅរហូតមានផ្ទៃពោះ៦ខែ»។ រឿងនេះបានធ្លាយនៅពេល មានការលើកឡើងពីក្រុមប្រឹក្សាឃុំ។

មន្រ្តីនគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជា គា អាយុ៧៣ឆ្នាំ មានមុខរបរជាគ្រូថ្នំាខ្មែរ រស់នៅក្នុងភូមិតាសោម ឃុំស្វាយជ្រៈ ស្រុកស្នួល ជាឪពុកចុងរបស់ម្តាយក្មេងស្រីរងគ្រោះ និងក៏ជាជីតាចុងរបស់នាងផងដែរ។

សម្រាប់ករណីរំលោភនេះ ក្រុមគ្រួសាររបស់ក្មេងស្រីរងគ្រោះមិនបានប្តឹងទេ តែក្រុមប្រឹក្សាឃុំទៅវិញជាអ្នកប្តឹង ដោយសារតែក្មេងស្រីរងគ្រោះ ជាកូនទោកំព្រាឪពុក និងសព្វថ្ងៃរស់នៅជាមួយម្តាយ ដែលមានមិនមានការយកចិត្តទុកដាក់លើនាង។ មិនតែប៉ុណ្ណោះជនសង្ស័យ តែងតែគំរាមដោយប្រើពាក្យសម្តីយ៉ាងធ្ងន់ធ្ងរ​ មកលើនាងទៀតផងនោះ។

នគរបាលស្រុកស្នួល បានឲ្យដឹងថា បន្ទាប់ពីមានការលើកឡើងពី សមាជិកក្រុមប្រឹក្សាឃុំស្វាយជ្រះ នៅក្នុងកិច្ចប្រជុំមួយ នៅសាលាស្រុកស្នួល កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ថាមានករណីរំលោភសេពសន្ថវៈ លើចៅស្រីចុងរហូតមានផ្ទៃពោះទើប កម្លាំងជំនាញព្រហ្មទណ្ឌស្រុក បានចុះឃាត់ខ្លួន ជនសង្ស័យវ័យចំណាស់មកសាកសួរទាំងគ្មានពាក្យបណ្តឹង។

នគរបាលដដែលបានបន្តទៀតថា ក្រោយការនាំខ្លួនបុរសសង្ស័យវ័យចំណាស់ ព្រមទាំងក្មេងស្រីរងគ្រោះមកសាកសួរ និងទទួលបានចម្លើយសារភាព ទើបនគរបាលសម្រេចឃាត់ខ្លួនបុរស សង្ស័យវ័យចំណាស់ រូបនេះពាក់ព័ន្ធ និងករណីរំលោភសេពសន្ថវៈ។

បើតាមការសម្រង់ចម្លើយរបស់ក្មេងស្រីរងគ្រោះវ័យ១៦ឆ្នាំ​រូបនេះ កាលពីខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ សង្ស័យបានបបួល នាងដើរមើលជម្ងឺឲ្យគេតាមភូមិ។ ដោយក្នុងមួយកន្លែងត្រូវដេកផ្លូវ២ ទៅ៣យប់ទើបត្រឡប់មកផ្ទះវិញ។

ការដើរមើលជម្ងឺព្យាបាលឲ្យគេ ជាមួយនិងបុរសជាប់ចោទជាជីតារូបនេះ បានធ្វើឡើងជាច្រើនកន្លែង។ រហូតដល់ថ្ងៃមួយទៀត គាត់បានបបួលនាងមកព្យាបាលជម្ងឺឲ្យគេនៅភូមិស្នួលវត្តកើត ឃុំស្នួល ស្រុកស្នួល និងបានសម្រាកនៅទីនោះ រយៈពេល៣យប់។ នៅថ្ងៃមិនចាំ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៤ទាបភ្លឺ ដែលបុរសជាប់ចោទវ័យចំណាស់រូបនេះ បានល្បួងនាងរំលោភ រហូតបានសម្រេចចំនួន៣ដង។

ក្រោយការល្បួងចាប់រំលោភ បានសម្រេចជាបន្តបន្ទាប់ រហូតដល់សព្វថ្ងៃនេះ បានធ្វើឲ្យក្មេងស្រីរងគ្រោះវ័យ១៦ឆ្នាំ​ មានផ្ទៃពោះចំនួន៦ខែ។ តែយ៉ាងណា នាងក៏មិនហ៊ានប្តឹងប្តល់ជនសង្ស័យជាជីតារូបនេះទេ ក៏ព្រោះតែកន្លងមក ជនសង្ស័យរូបនេះ បានគំរាមនាងដោយបង្គាប់នាងឲ្យដើរប្តឹង ថា ទោះជាប្តឹងដល់ទីណាក៏គាត់មិនខ្លាចដែរ។

លោក កែវ ចន្ធី ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ឲ្យដឹងថា ក្រោយពីសួរនាំ ជនសង្ស័យបានសារភាពថាខ្លួនបានរំលោភលើជនរងគ្រោះមែន ដោយសម្រេចចំនួន៣ដងពិតមែន៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ អ្នក​ម្តាយ​អើយ​អ្នក​ម្តាយ! បីសពកូន​ឯង​មក​​​ដុត ប្រុង​បញ្ចប់​រឿង​ត្រឹមហ្នឹង​មែន?

រាជធានី​ភ្នំពេញ ​៖ សេចក្តីរាយការណ៍​ បានឱ្យ​ដឹង​​ថា មានការ​ភ្ញាក់ផ្អើល​មួយ ដោយសារ​តែ​ស្ត្រី​ម្នាក់​ បាន​បី​សាកសព​កូនស្រី​ ទើប​អាយុ​៣​​ខែ​មក​វត្ត «​តាំង​កសាង​» ដើម្បី​ឱ្យ​តា​អាចារ្យ​ និង​តា​ភ្លុក ​ជួយ​រៀបចំ​បូជា ។

លុះ​ពេល​សួរ​រឿង​ឯកសារ​លិខិត​ស្នាម​ មូលហេតុ​ដែល​កូនស្រី​ស្លាប់ ស្រាប់តែ​ម្តាយ​នោះ​ឆ្លើយ​ថា «អត់​មាន​ទេ» បង្ក​ឱ្យ​មានការ​ងឿងឆ្ងល់​គ្រប់​គ្នា ពេល​នោះ​តា​អាចារ្យ​បាន​ជជីក​សួរ​នាំ​​ចុះឡើង​ៗ​បន្ត ស្រាប់តែ​បែកធ្លាយ​ចេញ​​​រឿងផ្សេង​តែ​​ម្តង ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ ១០​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភ នេះ ស្ថិត​នៅ​​​វត្ត «​តាំង​កសាង​ខាងត្បូង​» ក្នុងភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​ជា​ម្តាយ​​ខាងលើ ​មានឈ្មោះ​ណុ​ប ស្រី​ពៅ អាយុ​២៣​ឆ្នាំ ជា​កម្មការិនី​រោងចក្រ មានស្រុក​កំណើត​នៅ​ភូមិ​ថ្ពង ឃុំ​ថ្ពង ខេត្តកំពង់ធំ សព្វថ្ងៃ​ស្នាក់​បន្ទប់​ជួល​លេខ​២ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ​គួរហួសចិត្តទៀតនោះ គឺស្ត្រីរូបនេះមិនស្គាល់​ឈ្មោះ​​ប្តីខ្លួន​ពេញលេញផង ដឹងត្រឹមឈ្មោះយ៉ា រស់នៅស្រុកកៀនស្វាយ ។

ចំពោះ​រឿង​ដែល​បែកធ្លាយ​នោះ គឺ​ត្រូវ​បាន​ស្ត្រី​រូប​នេះ​រៀបរាប់​ថា ខ្លួន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្តី​អត់​ខាន់ស្លា​ម្នាក់ ដោយ​រស់​នៅ​ជាមួយ​ រហូត​មាន​ផ្ទៃពោះ​កូនស្រី​នេះ តែ​ត្រូវ​ប្តីដឹង​ថា​មានកូន ក៏​រត់​ចោល​ខ្លួន​បាត់​​ទៅ ។ ទើបតែ​២​ថ្ងៃមុន​នេះ ប្តី​ខ្លួន​មក​សុំ​ត្រូវរ៉ូវ​គ្នា​វិញខ្លួន​ក៏​យល់ព្រម​ដែរ ។

ស្ត្រី​រូប​នេះ​បន្ត​ថា កាល​វេលា​ម៉ោង​ប្រហែល​ ៨​យប់​ថ្ងៃ​ទី​២៣ កុម្ភៈ ខ្លួន​និង​ប្តី​បាន​អង្គុយ​ផឹកស្រា​ជាមួយ​គ្នា​ ក្នុង​បន្ទប់​អស់​​ម្តង ក៏​ត្រូវ​ប្តី​ប្រើ​ឱ្យទៅ​ទិញ​ស្រា​ម្តងទៀត ដោយ​នាង​បាន​​ទុក​កូនស្រី​ឱ្យ​នៅ​ជាមួយ​ប្តីនោះ ។ ពេល​ត្រឡប់​មក​ពី​ទិញ​ស្រា​វិញ ក៏​ឃើញ​នារី​ម្នាក់​ដែល​ជា​គូស្នេហ៍​ប្តី​នោះ​ ក៏នៅ​ក្នុង​បន្ទប់​នោះដែរ ហើយ​ពួក​ខ្លួន​ក៏​ផ្ទុះ​ជម្លោះ​គ្នា​ខ្លាំង​តែ​ម្តង ដោយ​មិនដឹង​ថា កូនស្រី​តូចរបស់​​ខ្លួន​បាន​ស្លាប់ ​តាំងពី​ពេល​ណា​នោះ​ទេ ។

​លុះ​វេលា​ម៉ោង​ ០២​ចូល​ថ្ងៃ​ទី​២៤ កុម្ភៈ ​នេះ ​ភ្ញាក់ផ្អើលកូនស្រី​​ស្លាប់ ព្រោះកូនអត់ដឹងខ្លួននោះឡើយ ​តែក៏មិនថា ស្លាប់ដោយ​សារ​​មូល​ហេតុ​អ្វី​ដែរ​ ។ ហើយ​បុរស​ជា​ប្តី​នោះ ក៏​បាន​គេចខ្លួន​បាត់​ទៀត ទើបព្រឹកឡើង​​ខ្លួន​​ បី​​សព​កូនស្រី​​នេះមក​បូជា​តែ​ម្តង​​។

យោងប្រភព ពីអ្នកជិតខាងឱ្យដឹងថា ស្ត្រីជាម្តាយខាងលើនេះ ត្រូវសង្ស័យ​ជាប្រពន្ធចុងនោះទេ ហើយ​​នារី​ម្នាក់​ ដែល​តែង​តែមករក​រឿង​​​នាង ​គឺជា​ប្រពន្ធដើម ខណៈ​ពួកគេទាំង២នាក់ (ប្តី​និងនារីម្នាក់ទៀត)​ គេចខ្លួនអស់ហើយ ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]