រាជធានី​ភ្នំពេញ ​៖ សេចក្តីរាយការណ៍​ បានឱ្យ​ដឹង​​ថា មានការ​ភ្ញាក់ផ្អើល​មួយ ដោយសារ​តែ​ស្ត្រី​ម្នាក់​ បាន​បី​សាកសព​កូនស្រី​ ទើប​អាយុ​៣​​ខែ​មក​វត្ត «​តាំង​កសាង​» ដើម្បី​ឱ្យ​តា​អាចារ្យ​ និង​តា​ភ្លុក ​ជួយ​រៀបចំ​បូជា ។

លុះ​ពេល​សួរ​រឿង​ឯកសារ​លិខិត​ស្នាម​ មូលហេតុ​ដែល​កូនស្រី​ស្លាប់ ស្រាប់តែ​ម្តាយ​នោះ​ឆ្លើយ​ថា «អត់​មាន​ទេ» បង្ក​ឱ្យ​មានការ​ងឿងឆ្ងល់​គ្រប់​គ្នា ពេល​នោះ​តា​អាចារ្យ​បាន​ជជីក​សួរ​នាំ​​ចុះឡើង​ៗ​បន្ត ស្រាប់តែ​បែកធ្លាយ​ចេញ​​​រឿងផ្សេង​តែ​​ម្តង ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ ១០​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភ នេះ ស្ថិត​នៅ​​​វត្ត «​តាំង​កសាង​ខាងត្បូង​» ក្នុងភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​ជា​ម្តាយ​​ខាងលើ ​មានឈ្មោះ​ណុ​ប ស្រី​ពៅ អាយុ​២៣​ឆ្នាំ ជា​កម្មការិនី​រោងចក្រ មានស្រុក​កំណើត​នៅ​ភូមិ​ថ្ពង ឃុំ​ថ្ពង ខេត្តកំពង់ធំ សព្វថ្ងៃ​ស្នាក់​បន្ទប់​ជួល​លេខ​២ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ​គួរហួសចិត្តទៀតនោះ គឺស្ត្រីរូបនេះមិនស្គាល់​ឈ្មោះ​​ប្តីខ្លួន​ពេញលេញផង ដឹងត្រឹមឈ្មោះយ៉ា រស់នៅស្រុកកៀនស្វាយ ។

ចំពោះ​រឿង​ដែល​បែកធ្លាយ​នោះ គឺ​ត្រូវ​បាន​ស្ត្រី​រូប​នេះ​រៀបរាប់​ថា ខ្លួន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្តី​អត់​ខាន់ស្លា​ម្នាក់ ដោយ​រស់​នៅ​ជាមួយ​ រហូត​មាន​ផ្ទៃពោះ​កូនស្រី​នេះ តែ​ត្រូវ​ប្តីដឹង​ថា​មានកូន ក៏​រត់​ចោល​ខ្លួន​បាត់​​ទៅ ។ ទើបតែ​២​ថ្ងៃមុន​នេះ ប្តី​ខ្លួន​មក​សុំ​ត្រូវរ៉ូវ​គ្នា​វិញខ្លួន​ក៏​យល់ព្រម​ដែរ ។

ស្ត្រី​រូប​នេះ​បន្ត​ថា កាល​វេលា​ម៉ោង​ប្រហែល​ ៨​យប់​ថ្ងៃ​ទី​២៣ កុម្ភៈ ខ្លួន​និង​ប្តី​បាន​អង្គុយ​ផឹកស្រា​ជាមួយ​គ្នា​ ក្នុង​បន្ទប់​អស់​​ម្តង ក៏​ត្រូវ​ប្តី​ប្រើ​ឱ្យទៅ​ទិញ​ស្រា​ម្តងទៀត ដោយ​នាង​បាន​​ទុក​កូនស្រី​ឱ្យ​នៅ​ជាមួយ​ប្តីនោះ ។ ពេល​ត្រឡប់​មក​ពី​ទិញ​ស្រា​វិញ ក៏​ឃើញ​នារី​ម្នាក់​ដែល​ជា​គូស្នេហ៍​ប្តី​នោះ​ ក៏នៅ​ក្នុង​បន្ទប់​នោះដែរ ហើយ​ពួក​ខ្លួន​ក៏​ផ្ទុះ​ជម្លោះ​គ្នា​ខ្លាំង​តែ​ម្តង ដោយ​មិនដឹង​ថា កូនស្រី​តូចរបស់​​ខ្លួន​បាន​ស្លាប់ ​តាំងពី​ពេល​ណា​នោះ​ទេ ។

​លុះ​វេលា​ម៉ោង​ ០២​ចូល​ថ្ងៃ​ទី​២៤ កុម្ភៈ ​នេះ ​ភ្ញាក់ផ្អើលកូនស្រី​​ស្លាប់ ព្រោះកូនអត់ដឹងខ្លួននោះឡើយ ​តែក៏មិនថា ស្លាប់ដោយ​សារ​​មូល​ហេតុ​អ្វី​ដែរ​ ។ ហើយ​បុរស​ជា​ប្តី​នោះ ក៏​បាន​គេចខ្លួន​បាត់​ទៀត ទើបព្រឹកឡើង​​ខ្លួន​​ បី​​សព​កូនស្រី​​នេះមក​បូជា​តែ​ម្តង​​។

យោងប្រភព ពីអ្នកជិតខាងឱ្យដឹងថា ស្ត្រីជាម្តាយខាងលើនេះ ត្រូវសង្ស័យ​ជាប្រពន្ធចុងនោះទេ ហើយ​​នារី​ម្នាក់​ ដែល​តែង​តែមករក​រឿង​​​នាង ​គឺជា​ប្រពន្ធដើម ខណៈ​ពួកគេទាំង២នាក់ (ប្តី​និងនារីម្នាក់ទៀត)​ គេចខ្លួនអស់ហើយ ។

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

នារីបំរើខារ៉ាអូខេ២នាក់ វាយតប់គ្នា ដោយសារតែនិយាយឌឺដងរឿងធ្វើការ, ម្នាក់ចូលប៉ុស្តិ៍ ម្នាក់ទៀតដាច់ស្លឹកត្រចៀកម្ខាង

(ភ្នំពេញ)៖ នារីបំរើខារ៉ាអូខេ២នាក់ ទាស់ពាក្យសំដីគ្នាបង្កចេញជាជម្លោះវាយតប់ និងខាំដាច់ស្លឹកត្រចៀកម្ខាង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវ ដែលកំពុងសប្បាយ រត់ជាន់ជើងគ្នាព្រោងព្រាត កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅហាខារ៉ាអូខេភេសជ្ជៈតន្ត្រី KTV តាមបណ្តោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

គូរជម្លោះដែលបានដាច់ស្លឹកត្រចៀកម្ខាងឈ្មោះ ម៉ុន ចាន់ឌឿន អាយុ៣០ឆ្នាំ មុខរបរអ្នកចំរៀងស្នាក់នៅ ផ្ទះជួលភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកភាគីម្ខាងទៀតឈ្មោះ ស្រី ពេជ្រ អាយុប្រហែល២៩ឆ្នាំ ស្នាក់នៅ បន្ទប់ជួលភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

នៅមុនពេលកើតហេតុភាគីទាំងសងខាង បាននិយាយឌឺដងគ្នារឿងធ្វើការជារៀងរាល់ថ្ងៃ រហូតឈានទៅដល់ប្រើហិង្សាដាក់គ្នាទៅវិញទៅមក ធ្វើឲ្យភាគីម្ខាងរងរបួសផ្នែកត្រចៀកម្ខាង បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវ ដែលកំពុងអង្គុយផឹកស៊ីនាំគ្នាចោមរោមមើល និងបុគ្គលិកនាំគ្នាជួយចាប់បំបែក។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ និងឃាត់ភាគីម្ខាងមកសួនាំនៅប៉ុស្តិ៍ ខណៈភាគីម្ខាងទៀតចូលពេទ្យ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]