ចិន៖ វាមិនមែនជារឿង ដែលគួរឲ្យអស់សំណើចឡើយ នៅពេលដែលអ្នកបានឃើញទិដ្ឋភាព ស្រ្តីៗជាច្រើននៅក្នុងប្រទេសចិន បាននាំគ្នាទៅដេកក្នុងផ្នូរ។ នោះក៏ដោយសារតែ ពួកគេចង់បំភ្លេចនូវរឿងរ៉ាវ មិនល្អដែលបានកើតឡើង នៅក្នុងជីវិតពីអតីតកាល ដោយទទួលបានមកវិញ នូវជីវិតដ៏ស្រស់ថ្លាមួយសម្រាប់ពួកគេ។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា វិធីសាស្រ្តដ៏ចម្លែកប្លែកខុសគេនេះ គឺជាបទពិសោធន៍មួយ ដែលត្រូវបានរកឃើញដោយ ស្រ្តីជនជាតិចិនម្នាក់ឈ្មោះ Liu Taijie មានអាយុ៣០ឆ្នាំ មកពីទីក្រុង Chongqing ភាគខាងត្បូងប្រទេសចិន។ ដោយបច្ចុប្បន្ន នាងបានព្យាយាមរស់នៅ ធ្វើឲ្យជីវិតរបស់ខ្លួនឯង មានភាពប្រសើរឡើង បានជាង៣ឆ្នាំមកហើយ។

កន្លងមកជីវិតរបស់ Liu ស្ទើរតែធ្លាក់ដល់កម្រិតសូន្យ ក្រោយពីនាងមិនអាចស្វែងរកការងារធ្វើបានចំពេលផ្ទួនៗគ្នា ខណៈជីវិតអាពាហ៍ពិពាហ៍របស់នាង កំពុងតែរងនូវភាពបរាជ័យ។ ប៉ុន្តែក្រោយពីនាងរកឃើញនូវវិធីសាស្រ្តមួយនេះមក នាងបានសម្រេចចិត្តថា និងប្រើប្រាស់បទពិសោធន៍ដ៏ឈឺចាប់មួយនោះ ប្រែក្លាយជីវិតរបស់នាងឲ្យរស់នៅប្រសើរឡើងវិញ ខុសប្លែកពីនារីដទៃទៀត។

Liu បានជីកធ្វើផ្នូរនេះឡើងចំនួន៦ នៅលើជាយភ្នំ ដោយមានក្រាលថង់ជ័រប្លាស្ទិចនៅពីលើ ដើម្បីការពារពីការប្រលាក់។ ស្រ្តីដែលមានវិបត្តិរឿងស្នេហា គ្រួសារបែកបាក់ទាំងអស់ គឺត្រូវតម្រូវឲ្យពួកគេ ដេកនៅក្នុងផ្នូរនោះ បិទភ្នែកសញ្ជឹងគិត ក្នុងអារម្មណ៍ស្ងប់ស្ងាត់ ដោយគិតថាពិភពលោកនេះ គឺគ្មានរូបពួកគេឡើយ។

មូលហេតុនៃការធ្វើបែបនេះ ក៏ដោយសារតែ Liu ចង់ឲ្យស្រ្តីទាំងមានវិបត្តិទាំងអស់ មានការយកចិត្តទុកដាក់ ជំរុញលើកកម្លាំងចិត្ត ដើម្បីឲ្យពួកគេមានអារម្មណ៍ថា ធូរស្បើយពីទុក្ខវេទនាកន្លងមកដែលបានកើតឡើងដោយសារបាត់បង់គ្រួសារ ស្វាមី មនុស្សជាទីស្រលាញ់ជាដើម  ដើម្បីឲ្យពួកគេមានទំនុកចិត្តជាថ្មី ផ្តល់តម្លៃឲ្យខ្លួនឯង បំភ្លេចនូវរឿងអតីតកាលឈឺផ្សាទាំងឡាយ ប្រើជីវិតរស់នៅប្រសើរឡើងវិញ។

ជួបជាមួយនាង Liu បានថ្លែងប្រាប់សារព័ត៌មានថា «ខ្ញុំត្រូវបានស្វាមីបោះបង់ចោល ហើយថែមទាំងត្រូវបានខាងក្រុមគ្រួសារ មើលងាយមើលថោក មកលើរូបខ្ញុំទៀតផង។ លើសពីនេះ ខ្ញុំក៏ធ្លាប់បានចាញ់បោកគេគ្រប់រូបភាព ជាហេតុធ្វើឲ្យខ្ញុំពិតជាចង់សម្លាប់ខ្លួនណាស់»

នាងបន្តថា «ប៉ុន្តែទោះបីជាយ៉ាងក្តី ស្រក់ទឹកភ្នែកគឺគ្រាន់តែជារឿងអត់ប្រយោជន៍មួយ ហើយការស្លាប់ក៏មិនមែនជាដំណោះស្រាយឡើយ។ ខ្ញុំចង់ផ្លាស់ប្តូរខ្លួនឯង ហើយប្រើប្រាស់បទពិសោធន៍ដែលខ្ញុំមាន ដើម្បីចែករំលែកជួយដល់ស្រ្តីផ្សេងៗទៀត ដែលកំពុងជួបទុក្ខផងដែ» ។ 

ក្នុងនោះ ក៏មានស្រ្តីម្នាក់ ដែលបានចូលរួមក្នុងពិធីខាងលើ បានលើកឡើងដែរ ប្រសិនបើខ្លួននាងស្លាប់ទៅ នៅពេលនោះឪពុកម្តាយ កូនៗនិងប្តីរបស់នាង ពួកគេច្បាស់ជាទទួលយកពុំបានឡើយ។ ដូច្នេះត្រូវតែគិតជាថ្មីម្តងទៀត រស់នៅដោយភាពរឹងមាំ៕

ចុះសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ? 

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ បរទេស

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ទីបំផុត លោកយាយវ័យ៨៩ឆ្នាំ ដាច់ចិត្តរៀបការជាមួយនឹង លោកតាអនាថាម្នាក់ ក្រោយពីជួបស្គាល់គ្នាអស់ជាង ៤០ឆ្នាំ

អង់គ្លេស៖ វាជារឿងដ៏គួរឲ្យរំភើប និងភ្ញាក់ផ្អើលមួយ ចំពោះគូស្នេហ៍វ័យចំណាស់មួយគូ ដែលទីបំផុតកូនក្រុមុំវ័យ៨០ផ្លាយ ដាច់ចិត្តរៀបការជាមួយគ្នានឹង លោកតាអនាថាគ្មានផ្ទះសំបែងម្នាក់ ក្រោយពីការស្គាល់គ្នាអស់រយៈពេល រាប់សិបឆ្នាំរួចមក។

បើតាមប្រភពសារព័ត៌មានបានឲ្យដឹងថា លោកយាយ Joan Neininger និងលោកតា Ken Selway ពួកគេទាំងពីរមានអាយុ៨៩ឆ្នាំដូចគ្នា ទីបំផុតបានសម្រេចចិត្តរៀបការជាមួយគ្នា កាលពីថ្ងៃសៅរ៍ សប្តាហ៍មុននេះ នៅចំពោះមុខគ្រួសារ និងមិត្តភក្តិជាច្រើន។

បើក្រឡេកទៅមើលពីអតីតកាលវិញ គូស្នេហ៍វ័យចំណាស់មួយគូខាងលើនេះ បានជួបគ្នាជាលើកដំបូង តាំងពីអំឡុងឆ្នាំ១៩៧៥មកម្ល៉េះ។ ខណៈនៅពេលដែលលោកយាយ Neininger បានប្រទះឃើញលោកតា Selway តាមមាត់បង្អួចហាងលក់សៀវភៅរបស់គាត់ ដោយគ្រានោះ លោកតា Selway គឺជាជនអនាថាម្នាក់ ដែលកំពុងតែដើររើសអេតចាយ នៅក្នុងធុងសម្រាមក្បែរហាងរបស់លោកយាយ Neininger ។

ប៉ុន្តែផ្ទុយទៅវិញ អ្វីដែលមិននឹកស្មានដល់នោះ លោកយាយ Neininger ជាមនុស្សម្នាក់ដែលមិនចេះប្រកាន់ និងឲ្យតម្លៃដល់មនុស្សគ្រប់គ្នា ហើយថែមទាំងចេញមកខាងក្រៅ ជួបជាមួយនឹងលោកតា Selway ដើម្បីបង្កើតចំណងមិត្តភាពដ៏អស្ចារ្យ និងយូរអង្វែងមួយ ជាមួយគ្នាថែមទៀតផង។

រហូតមកដល់ត្រឹមឆ្នាំ២០១៦ ពួកគេទាំងពីរនាក់ ក៏បានផ្លាស់ទៅរស់នៅក្នុង មណ្ឌលថែទាំចាស់ជរាដូចគ្នា ដែលគ្រានោះហើយ លោកយាយ Neininger និងលោកតា Selway បានសម្រេចចិត្តរៀបការជាមួយគ្នាតែម្តង។

លោកយាយ Neininger បាននិយាយថា «វាគឺជាក្តីស្រលាញ់មួយសម្រាប់អ្នករាល់គ្នា ដែលបានអញ្ជើញមកចូលរួមថ្ងៃពិសេសរបស់ខ្ញុំ។ បើនិយាយទៅកាលនោះ នៅពេលដែលខ្ញុំបានឃើញគាត់ (លោកតា Selway) កំពុងតែកកាយសម្រាមក្នុងធុង នៅបរិវេនខាងក្រៅហាងលក់ត្រីនិងដំឡូងបំពង ក្បែរហាងលក់សៀវភៅរបស់ខ្ញុំ ក្នុងទីក្រុង Gloucester ធ្វើឲ្យខ្ញុំមានអារម្មណ៍មួយ ដែលមិនធ្លាប់នឹកគិតសោះថា ជីវិតវាទៅជាបែបនោះឡើយ» ។

លោកយាយ Neininger បន្តថា «...ទោះបីជាខ្ញុំដឹងថា គាត់រស់នៅតាមចិញ្ចើមផ្លូវក្តី ប៉ុន្តែខ្ញុំសម្លឹងឃើញថា Ken Selway គឺជាបុរសដែលមានទឹកចិត្តស្មោះត្រង់ និងថែមទាំងមានបេះដូងដ៏ស្រស់ស្អាតម្នាក់ផងដែរ» ។

គួរឲ្យដឹងដែរថា អាពាហ៍ពិពាហ៍គូស្នេហ៍ វ័យចំណាស់ខាងលើនេះ បានរៀបចំធ្វើឡើង នៅក្នុងបន្ទប់ការិយាល័យមួយ ក្នុងទីក្រុង Cinderford ។ តាមរយៈរូបភាពជាច្រើនសន្លឹក គេឃើញថា លោកយាយ Neininger និងស្វាមីរបស់គាត់ Ken Selway គឺពិតជាមានក្តីរីករាយជាខ្លាំង ក្នុងថ្ងៃពិសេសរបស់ពួកគេ ដោយមានការចូលរួមជាច្រើន ពីសំណាក់មិត្តភក្តិ និងក្រុមគ្រួសារពួកគេផងដែរ ៕    

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]