អង់គ្លេស៖ វាជារឿងដ៏គួរឲ្យរំភើប និងភ្ញាក់ផ្អើលមួយ ចំពោះគូស្នេហ៍វ័យចំណាស់មួយគូ ដែលទីបំផុតកូនក្រុមុំវ័យ៨០ផ្លាយ ដាច់ចិត្តរៀបការជាមួយគ្នានឹង លោកតាអនាថាគ្មានផ្ទះសំបែងម្នាក់ ក្រោយពីការស្គាល់គ្នាអស់រយៈពេល រាប់សិបឆ្នាំរួចមក។

បើតាមប្រភពសារព័ត៌មានបានឲ្យដឹងថា លោកយាយ Joan Neininger និងលោកតា Ken Selway ពួកគេទាំងពីរមានអាយុ៨៩ឆ្នាំដូចគ្នា ទីបំផុតបានសម្រេចចិត្តរៀបការជាមួយគ្នា កាលពីថ្ងៃសៅរ៍ សប្តាហ៍មុននេះ នៅចំពោះមុខគ្រួសារ និងមិត្តភក្តិជាច្រើន។

បើក្រឡេកទៅមើលពីអតីតកាលវិញ គូស្នេហ៍វ័យចំណាស់មួយគូខាងលើនេះ បានជួបគ្នាជាលើកដំបូង តាំងពីអំឡុងឆ្នាំ១៩៧៥មកម្ល៉េះ។ ខណៈនៅពេលដែលលោកយាយ Neininger បានប្រទះឃើញលោកតា Selway តាមមាត់បង្អួចហាងលក់សៀវភៅរបស់គាត់ ដោយគ្រានោះ លោកតា Selway គឺជាជនអនាថាម្នាក់ ដែលកំពុងតែដើររើសអេតចាយ នៅក្នុងធុងសម្រាមក្បែរហាងរបស់លោកយាយ Neininger ។

ប៉ុន្តែផ្ទុយទៅវិញ អ្វីដែលមិននឹកស្មានដល់នោះ លោកយាយ Neininger ជាមនុស្សម្នាក់ដែលមិនចេះប្រកាន់ និងឲ្យតម្លៃដល់មនុស្សគ្រប់គ្នា ហើយថែមទាំងចេញមកខាងក្រៅ ជួបជាមួយនឹងលោកតា Selway ដើម្បីបង្កើតចំណងមិត្តភាពដ៏អស្ចារ្យ និងយូរអង្វែងមួយ ជាមួយគ្នាថែមទៀតផង។

រហូតមកដល់ត្រឹមឆ្នាំ២០១៦ ពួកគេទាំងពីរនាក់ ក៏បានផ្លាស់ទៅរស់នៅក្នុង មណ្ឌលថែទាំចាស់ជរាដូចគ្នា ដែលគ្រានោះហើយ លោកយាយ Neininger និងលោកតា Selway បានសម្រេចចិត្តរៀបការជាមួយគ្នាតែម្តង។ 

លោកយាយ Neininger បាននិយាយថា «វាគឺជាក្តីស្រលាញ់មួយសម្រាប់អ្នករាល់គ្នា ដែលបានអញ្ជើញមកចូលរួមថ្ងៃពិសេសរបស់ខ្ញុំ។ បើនិយាយទៅកាលនោះ នៅពេលដែលខ្ញុំបានឃើញគាត់ (លោកតា Selway) កំពុងតែកកាយសម្រាមក្នុងធុង នៅបរិវេនខាងក្រៅហាងលក់ត្រីនិងដំឡូងបំពង ក្បែរហាងលក់សៀវភៅរបស់ខ្ញុំ ក្នុងទីក្រុង Gloucester ធ្វើឲ្យខ្ញុំមានអារម្មណ៍មួយ ដែលមិនធ្លាប់នឹកគិតសោះថា ជីវិតវាទៅជាបែបនោះឡើយ»

លោកយាយ Neininger បន្តថា «...ទោះបីជាខ្ញុំដឹងថា គាត់រស់នៅតាមចិញ្ចើមផ្លូវក្តី ប៉ុន្តែខ្ញុំសម្លឹងឃើញថា Ken Selway គឺជាបុរសដែលមានទឹកចិត្តស្មោះត្រង់ និងថែមទាំងមានបេះដូងដ៏ស្រស់ស្អាតម្នាក់ផងដែរ»

គួរឲ្យដឹងដែរថា អាពាហ៍ពិពាហ៍គូស្នេហ៍ វ័យចំណាស់ខាងលើនេះ បានរៀបចំធ្វើឡើង នៅក្នុងបន្ទប់ការិយាល័យមួយ ក្នុងទីក្រុង Cinderford ។ តាមរយៈរូបភាពជាច្រើនសន្លឹក គេឃើញថា លោកយាយ Neininger និងស្វាមីរបស់គាត់ Ken Selway គឺពិតជាមានក្តីរីករាយជាខ្លាំង ក្នុងថ្ងៃពិសេសរបស់ពួកគេ ដោយមានការចូលរួមជាច្រើន ពីសំណាក់មិត្តភក្តិ និងក្រុមគ្រួសារពួកគេផងដែរ ៕    

ប្រភព៖ ដេលីម៉ែល

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ស្នេហ៍ស្មោះមិនប្រកាន់វ័យ! លង់ស្នេហ៍តាមទូរស័ព្ទ ពេលជួបផ្ទាល់ទើបដឹងថា ជាស្រ្តីចំណាស់អាយុ៨២ឆ្នាំ តែចុងក្រោយនៅតែរៀបការជាមួយគ្នា

ឥណ្ឌូនេស៊ី៖ នេះបានហៅថាស្នេហ៍ស្មោះ មិនប្រកាន់អាយុមែន! បុរសម្នាក់លង់ស្នេហ៍ តាមសម្លេងពេលនិយាយគ្នាតាមទូរស័ព្ទ ដោយមិនដឹងថាជានារីវ័យចំណាស់ តែនៅពេលទៅជួបផ្ទាល់ អារម្មណ៍មិនប្រែប្រួលផ្លាស់ប្តូរ ចុងក្រោយក៏សម្រេចចិត្តរៀបការជាមួយគ្នារស់នៅយ៉ាងមានសុភមង្គល។

ហេតុការណ៍នេះកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយខាងប្រុសឈ្មោះ Sofian Loho Dandel អាយុ២៨ឆ្នាំ រីឯខាងស្រីជាស្រ្តីចំណាស់អាយុ៨២ឆ្នាំ ឈ្មោះ Martha Potu បានសម្រេចចិត្តរៀបការជាមួយគ្នា បើទោះជាអាយុខុសគ្នា៥៤ឆ្នាំក្តី។

យោងតាមប្រភពបានបញ្ជាក់ថា មូលហេតុដែលអ្នកទាំង២ស្មោះស្ម័គ្ររៀបការបែបនេះ ដោយសារតែដំបូងឡើយខាងប្រុស បានទទួលទូរស័ព្ទហៅចូលច្រឡំលេខពីខាងស្រី ធ្វើឲ្យការសន្ទនាតាមទូរស័ព្ទក៏កើតមានឡើងជាប្រចាំ ចុងក្រោយ Dandel បុរសវ័យ២៨ឆ្នាំ ក៏បានលង់ស្នេហ៍នឹងសម្លេងតាមទូរស័ព្ទតែម្តង។

ក្រោយមក Dandel ដែលមានមុខរបរជាជាងជួសជុលឡាន ក៏សម្រេចចិត្តទៅជួបខាងស្រីផ្ទាល់ជាលើកដំបូង ប៉ុន្តែនៅពេលទៅដល់គេហដ្ឋានបានជួបខាងស្រីនោះ Dandel មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែនារីដែលគាត់លង់ស្នេហ៍តាមទូរស័ព្ទនោះ ជាស្ត្រីមេម៉ាយចំណាស់មានអាយុ៨២ឆ្នាំ។

ខណៈនោះដែរ ក្រោយពីមានការភ្ញាក់ផ្អើលហើយនោះ Dandel ដែលមានអាយុក្មេងជាងខាងស្រី៥៤ឆ្នាំនេះ មិនបាននឹកស្មានថាអាយុរបស់នាង និងសម្លេងតាមទូរស័ព្ទខុសគ្នាឆ្ងាយដល់ម្លឹងនោះទេ ប៉ុន្តែយ៉ាងណាក៏ដោយ Dandel ក៏មិនមានការផ្លាស់ប្តូរចិត្តអ្វីដែរ មិនតែប៉ុណ្ណោះថែមទាំងបានបង្ហាញអារម្មណ៍ស្រលាញ់ទៅកាន់នាងទៀតផង។

Dandel ផ្ទាល់បានអះអាងយ៉ាងដូច្នេះដែរថា «វាបានចាប់ផ្តើមឡើងនៅពេលនាងហៅចូលទូរស័ព្ទច្រឡំលេខមកកាន់ខ្ញុំ។ ខ្ញុំបានលង់ស្រលាញ់នាង ពីព្រោះតែពាក្យសម្តីស្វាគមន៍ និងការនិយាយស្តីសមរម្យ មួយវិញទៀតនាងចេះសួរនាំខ្វល់ខ្វាយ បើទោះជាយើងមិនដែលជួបមុខគ្នាក្តី» ។

លោកបានបន្តទៀតថា «ខ្ញុំមិនអាចរង់ចាំបាន ដោយសារតែពួកយើងយល់ព្រមមានទំនាក់ទំនងជាមួយគ្នា ដូច្នេះខ្ញុំក៏សម្រេចចិត្តទៅជួបនាងផ្ទាល់ ក្រោយមកក៏សម្រេចរៀបការតែម្តង» ។

គួរបញ្ជាក់ថា ដំបូងឡើយ ការសម្រេចចិត្តមួយនេះបានជួបប្រទះបញ្ហាជាច្រើន ដោយសារ Dandel ទទួលបានការបដិសេធពីឪពុកម្តាយរបស់ខ្លួន ហើយថែមទាំងមានអ្នកជិតខាងនិយាយពីនេះពីនោះទៀតផង។ ប៉ុន្តែយ៉ាងណាមិញ ដោយសារតែឥទ្ធិពលស្នេហ៍ និងការស្មោះស្ម័គ្រមានទំហំធំជាង ក៏បានធ្វើឲ្យពូកគេជំនះរាល់ឧបសគ្គដែលកើតមានឡើងទាំងអស់នេះ។

គួរំលឹកថា អ្នកទាំង២ បានរៀបការជាមួយគ្នា កាលពីថ្ងៃទី១៨ ខែកុម្ភៈកន្លងទៅ ដោយបានរៀបចំកម្មវិធីមង្គលការទៅតាមប្រពៃណីត្រឹមត្រូវ។ មួយវិញទៀត គូស្នេហ៍មួយគូនេះ ក៏ទទួលបានការចាប់អារម្មណ៍ច្រើននៅក្នុងបណ្តាញសង្គមផងដែរ ដោយសារតែមានភ្ញៀវបានបង្ហោះរូបភាពមង្គលការរបស់ពួកគេចូលទៅក្នុងអិុនធើណេត៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]