អូស្ត្រាលី៖ តៀមស្រាត្រូវបានក្លាយជាកន្លែងពេញនិយមសម្រាប់អ្នកដែលចូលចិត្តស្វែងរកនូវបរិយាកាសរីករាយ ដើម្បីជួបជុំជាមួយមិត្តភក្តិ និងគ្រួសារនាពេលទំនេរ។

ជាទូទៅតាមហាងស្រានីមួយៗ តែងតែហាមឃាត់ដាច់ខាតចំពោះ ភ្ញៀវដែលចង់យកសត្វចិញ្ចឹមចូលទៅក្នុងបរិវេណហាង ព្រោះសត្វចិញ្ចឹមជួនកាលអាចបំផ្លាញបរិយាកាសរីករាយនៅក្នុងហាងបាន ខណៈដែលភ្ញៀវកំពុងតែជជែកកម្សាន្តសប្បាយ ហើយមិនចង់លឺសម្លេងរំខានពីសត្វទាំងនោះ។

ជាក់ស្តែងហាងស្រាមួយឈ្មោះ Mimosa ដែលមានទីតាំងនៅក្នុងតំបន់ New South Wales ប្រទេសអូស្រា្តលី ក៏បានហាមឃាត់ភ្ញៀវលើការយកសត្វចិញ្ចឹមមកក្នុងបរិវេណហាងដូចគ្នា។ ស្របពេលដែលភ្ញៀវកំពុងជជែកកម្សាន្ត និងក្រេបរសជាតិស្រាយ៉ាងសប្បាយរីករាយ ស្រាប់តែនារីរត់តុម្នាក់ បានធ្វើឲ្យភ្ញៀវក្នុងហាងស្រែកឆោរឡោ រត់ឆ្លេរឆ្លា ខណៈដែលនារីរត់តុក្លាហានរូបនោះ បានចាប់ទាញកន្ទុយសត្វត្រកួតយក្សមួយចេញពីខាងក្នុងហាង និងអូសកាត់តុភ្ញៀវដែលកំពុងអង្គុយតែម្ដងដែលបណ្ដាលឲ្យភ្ញៀវខ្លះហក់ឡើងលើកៅអីថែមទៀតផង។

នារីក្លាហានរូបនោះ ឈ្មោះ Samia Lily អាយុ២៥ឆ្នាំ បានបម្រើការក្នុងហាងស្រាដូចសព្វមួយដង។ តែចៃដន្យក្នុងថ្វៃកើតហេតុ នាងបានប្រទះឃើញកន្ទុយសត្វម្យ៉ាងនៅក្រោមតុ។ ដោយស្មានថាជាកន្ទុយឆ្កែ នាងក៏ចាប់ទាញកន្ទុយសត្វនោះ អូសចេញមកក្រៅ ស្រាប់តែនាងបានលឺសម្លេងភ្ញៀវស្រែកទ្រហឹងពេញហាង ទើបនាងក្រលេកមើលទៅឃើញថានាងកំពុងអូសកន្ទុយត្រកួតយក្សមួយក្បាល។ 

ជាមួយនឹងអារម្មណ៍ភ្ញាក់ផ្អើលលាយតក់ស្លុត ចង់ស្រែកក៏ស្រែកមិនចេញ រូបនាងក៏មិនដឹងថាសម្រេចចិត្តយ៉ាងណាត្រូវនោះដែរ តែដោយសារតែតួនាទីនាងជាអ្នករត់តុ នាងក៏បន្តអូសសត្វនោះចេញពីហាងដើម្បីសុវត្ថិភាពភ្ញៀវ។

ក្រោយពេលនាងចាប់សត្វនោះចេញ ម្ចាស់ហាងក៏បានបង្ហោះឃ្លីបសកម្មភាពរបស់នាងនៅលើហ្វេសប៊ុក ដែលម្នាក់ៗបានសរសើរពីភាពក្លាហានរបស់នាង ខណៈដែលវីដេអូនេះមានអ្នកទស្សនាជាង ៤០០ ០០០ដង។

គួរបញ្ជាក់ផងដែរថា នារីរត់តុរូបនេះមានសញ្ជាតិដើមបារាំង ហើយបានផ្លាស់មកធ្វើការនៅប្រទេសអូស្ត្រាលី។  បន្ទាប់ពីឆ្លងកាត់រឿងនេះ ម្នាក់ៗបានកោតសរសើរពីភាពក្លាហានរបស់នាង រហូតមានអ្នកខ្លះបានបញ្ចេញយោបល់ថា  ប្រទេសអូស្រ្តាលីគួរតែផ្ដល់សញ្ជាតិដល់នារីក្លាហាននេះជាការលើកទឹកចិត្តថែមទៀតផង៕

ទស្សនាវីដេអូរបស់នារីក្លាហាននោះទាំងអស់គ្នា! 

ប្រភព៖ បរទេស

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

ក្មេងស្រីម្នាក់ត្រូវបានជួយសង្គ្រោះ ​ចេញពីគំនរបំណែកអគារបាក់សង្កត់ (មានវីដេអូ)

ស៊ីរី៖ ប្រទេសស៊ីរីត្រូវបានញាំញីដោយភ្លើងសង្គ្រាម ដែលបណ្ដាលឲ្យប្រជាជនរបស់ប្រទេសនេះរស់នៅមិនបានសុខឡើយ ដោយអ្នកខ្លះបានស្លាប់ ខ្លះរត់ភៀសខ្លួន រីឯអ្នកនៅក្នុងប្រទេសក៏បានរងទុក្ខវេទនារៀងរាល់ថ្ងៃ។

កាលពីថ្ងៃច័ន្ទកន្លងមកនេះ ការវាយប្រហារតាមផ្លូវអាកាសបានបណ្ដាលឲ្យអគារមួយចំនួន ក្នុងទីក្រុង Damacus នៃប្រទេសនេះបានបាក់រលំ និងសង្កត់ពលរដ្ឋស្លូតត្រង់ឲ្យរងរបួស និងស្លាប់ ។

ជាក់ស្ដែងក្មេងស្រីម្នាក់ត្រូវបានគេប្រទះឃើញ នៅក្រោមគំនរបាក់បែក លាយឡំជាមួយនឹងកំទេចធូលីរុំព័ទ្ធខ្លួនប្រាណនាងជិតឈឹង បន្សល់តែចុងច្រមុះសម្រាប់ដកដង្ហើម និងមាត់សម្រាប់ស្រែកហៅរកជំនួយតែប៉ុណ្ណោះ។

តាមរយៈឃ្លីបវីដេអូ ក្មេងស្រីម្នាក់ដែកមិនបានស្គាល់អត្តសញ្ញាណ បានយំស្រែករកជំនួយ នៅក្រោមកំទេចផេះផង់បំណែកអគារដែលបាក់សង្កត់មកលើរូបនាង ដោយសារការបំផ្ទុះគ្រាប់បែក។ ក្រុមជួយសង្គ្រោះបានចូលទៅជួយ ដោយព្យាយាមកាយកំទេចដី ដោយដៃទទេ មុនពេលទាញនាងចេញឲ្យផុតពីគំនរបាក់បែកទាំងនោះ និងផុតពីគ្រោះថ្នាក់។

សកម្មភាពនៃហេតុការណ៍ជួយសង្គ្រោះនេះ ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម ដែលធ្វើឲ្យមនុស្សម្នាទូទាំងពិភពលោក បានបង្ហាញការអាណិត និងការឈឺចាប់ចំពោះក្មេងស្រីនេះផងដែរ។ គួរបញ្ជាក់ផងដែរថា កុមាររបស់ប្រទេសស៊ីរីត្រូវបានរងគ្រោះដោយសារសង្រ្គាមនេះច្រើនដងមកហើយ ហើយក៏បានបន្សល់នូវរូបភាពឈឺចាប់សម្រាប់ពិភពលោកច្រើនដងដូចគ្នា។

យ៉ាងណាមិញ ការវាយប្រហារតាមអាកាស និងការបំផ្ទុះគ្រាប់បែកនេះ បានបណ្ដាលឲ្យមនុស្ស៤នាក់បានស្លាប់និងរងរបួសជាច្រើនទៀត ដោយយោងតាមសម្ដីអ្នកសង្កេតការពីស្ថានភាពសិទ្ធិមនុស្សនៅស៊ីរី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]