ម៉ាឡេស៊ី៖ ខ្សែការពាររបស់ក្លិបបឹងកេតអង្គរ កីឡាករ លី វ៉ាហេទ បានធ្វើឲ្យអ្នកគាំទ្រកម្ពុជាគ្រប់គ្នាភ្ញាក់ផ្អើល បន្ទាប់ពីកីឡាកររូបនេះ បានព្យាយាមរត់ទៅការពារបាល់មិនឲ្យដៃគូស៊ុតបញ្ចូលទីនៅចុងម៉ោង ក្នុងជំនួបការប្រកួតពានរង្វាន់ AFC Cup រវាងក្លិបបឹងកេតអង្គរ និងក្លិបរបស់ម៉ាឡេស៊ី Johor Dural Ta’Zin (JDT) ។

យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា ខ្សែប្រយុទ្ធមួយរូបរបស់ក្លិប JDT បានព្យាយាមអូសបាល់ញាក់ដាច់អ្នកចាំទី ស៊ូ យ៉ាទី ហើយស៊ុតសំដៅទៅសំណាញ់ទី ប៉ុន្តែទីបំផុតត្រូវបានរារាំងដោយខ្សែការពារវ័យក្មេង លី វ៉ាហេទ រត់មកពីចម្ងាយ ព្យាយាមផ្តេកខ្លួនស្លាយបាល់ចេញទៅក្រៅវិញ ដោយទិដ្ឋភាពនេះហើយ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការកោតសរសើរចំពោះកីឡាកររូបនេះ ឯខ្លះទៀតក៏បានសរសើរជាលក្ខណៈចំអកលេងសើចផងដែរ។

លើសពីនេះទៀត វីដេអូមួយនេះក៏ត្រូវបានចែកចាយដោយគេហទំព័រកីឡាល្បីៗដូចជា Fox Sport Asia និងទំព័រកីឡាដ៏ល្បីនៅក្នុងហ្វេសប៊ុកទៀតផង។

ប៉ុន្តែយ៉ាងណាមិញ ចុងក្រោយ ក្រុមបឹងកេតអង្គរ មិនអាចធ្វើអ្វី ក្រុម Johor Darul Ta’zim (JDT) របស់ម៉ាឡេស៊ីបាន ដោយលទ្ធផលបញ្ចប់ការប្រកួត បឹងកេតចាញ់ក្រុមម្ចាស់ផ្ទះ ៣-០ នៃជំនួបពានរង្វាន់ AFC Cup 2017 វគ្គជម្រុះប្រចាំពូល F នៅក្នុងកីឡដ្ឋាន Tan Sri Dato Haji Hassan Yunos ប្រទេសម៉ាឡេស៊ី៕ 

ទស្សនាវីដេអូខាងក្រោម៖

ដោយឡែករំលឹកព័ត៌មានកីឡាមួយផ្សេងទៀត៖ ដឹងមូលហេតុពិត នៃម៉ូតសក់របស់ Ronaldo ប្រេស៊ីល កាលពីឆ្នាំ២០០២

បរទេស៖ ប្រិយមិត្តដែលស្នេហាកីឡាបាល់ទាត់ និងជាពិសេសអ្នកគាំទ្រកាលពីជំនាន់ព្រឹត្តការណ៍ World Cup ឆ្នាំ២០០២ ច្បាស់ជាបានដឹងហើយអំពី ម៉ូតសក់ដ៏ល្បីរបស់អតីតខ្សែប្រយុទ្ធកំពូលរបស់ប្រេស៊ីល Ronaldo។ តើធ្លាប់ដឹងទេថា មួលហេតុអ្វីបានជា Ronaldo សម្រេចចិត្តលេងម៉ូតទុកតែមួយដុំខាងមុខនេះ?

បន្ទាប់ពីបានផ្តល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ESPN កាលពីពេលថ្មីៗនេះ Ronaldo បានអះអាងឲ្យដឹងថា មូលហេតុដែលខ្លួនកោរសក់ទុកមួយដុំខាងមុខនេះ ដោយសារតែចង់ឲ្យអ្នកគាំទ្រភ្លេចនូវរបួសក្រលៀនរបស់គេ ហើយមកចាប់អារម្មណ៍ត្រង់ម៉ូតសក់នេះវិញ។

អតីតខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីលបានប្រាប់ទៅកាន់ ESPN ដោយផ្ទាល់ថា «ខ្ញុំមានរបួសត្រង់ក្រលៀន ហើយកាលនោះខ្ញុំលេងបានតែ៦០%ប៉ុណ្ណោះ ដូច្នេះដើម្បីកុំឲ្យអ្នកគាំទ្របារម្ភ ទើបខ្ញុំសម្រេចចិត្តកោរសក់» ។

Ronaldo បន្តទៀតថា «គ្រប់គ្នាបាននាំគ្នានិយាយ និងបារម្ភពីបញ្ហារបួសរបស់ខ្ញុំ ប៉ុន្តែនៅពេលដែលខ្ញុំត្រលប់មកធ្វើការហ្វឹកហាត់ជាមួយម៉ូតសក់ថ្មីនេះ គ្រប់គ្នាក៏លែងនិយាយពីបញ្ហារបួសទៀត ហើយមកនិយាយអំពីម៉ូតសក់នេះវិញម្តង» ។

គួរបញ្ជាក់ថា Ronaldo គឺជាខ្សែប្រយុទ្ធឆ្នើមមួយរូប ដែលជួយឲ្យប្រេស៊ីលឈ្នះជើងឯក World Cup ឆ្នាំ២០០២ ដោយបានបំបាក់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ២-០ ដោយគ្រាប់បាល់ទាំង២នោះ គឺស៊ុតចូលដោយ Ronaldo ទាំងអស់។ ដោយឡែក ចំពោះបច្ចុប្បន្នភាពនេះវិញ Ronaldo បានសម្រេចចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ហើយ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]