ប៉ាគីស្ថាន៖ វាជារឿងដ៏ខ្លោចផ្សាក្នុងជីវិតមួយសម្រាប់ស្ត្រីជនជាតិប៉ាគីស្ថានម្នាក់ ដែលត្រូវបន្សល់ស្លាកស្នាមអស់មួយជីវិតនៅលើផ្ទៃមុខរបស់នាង ដោយសារការជះទឹកអាស៊ីត ដែលជាស្នាដៃរបស់មិត្តចិត្តអប្រិយ មានចិត្តច្រណែនឈ្នានីសលើរូបនាង។

នេះបើយោងតាមប្រភពដកស្រង់ ពីទីភ្នាក់ងារសារព័ត៌មាន ដេលីម៉ែល ចុះផ្សាយនៅថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០១៧ បានឲ្យដឹងថា នាង Kanwal Qayyum មានអាយុ២៩ឆ្នាំ បានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ តាមរយៈការជះទឹកអាស៊ីត មកលើផ្ទៃមុខរបស់នាង ខណៈពេលដែលនាងកំពុងតែគេងជាមួយនឹងមិត្តភក្តិដែលធ្លាប់តែមានប្រវត្តិជូរចត់ជាមួយគ្នា តែបែរជាមានគំនិតមិនល្អ ឈ្នានីសវាយប្រហារលើរូបនាងទៅវិញ ដោយកើតចេញពីការច្រណែន ព្រោះមិនចង់ឲ្យនាង Kanwal ក្លាយជានារីអូតេសម្នាក់ ដែលមានរូបស្រស់ស្អាត បម្រើការងារលើយន្តហោះ។

នាង Kanwal បានខូចមុខ និងបាត់បង់ខ្ទង់ច្រមុះដ៏ស្រួចស្អាតរបស់នាង ស្ទើរតែទាំងស្រុង ក្រោយពីការវាយប្រហារ ដោយការជះទឹកអាស៊ីតលើផ្ទៃមុខ ក្រោមស្នាដៃមិត្តចិត្តក្អែក ដែលរហូតមកទល់ពេលនេះ នាងបានចំណាយពេលអស់រាប់សិបឆ្នាំ ដើម្បីធ្វើការវះកាត់ ផ្សាំបណ្តុះរូបរាងច្រមុះថ្មីរបស់នាងផងដែរ។

ជាក់ស្តែង តាមរយៈរូបភាពជាច្រើនសន្លឹក ដែលត្រូវបានបង្ហោះចែករំលែក នៅលើអ៊ីនធើណែតនាពេលថ្មីៗនេះ គេអាចកត់សម្គាល់ឃើញ ពីភាពខុសប្លែកគ្នានៃទម្រង់មុខនាង Kanwal រួមទាំងក្តោងច្រមុះថ្មីរបស់នាង ត្រូវបានបញ្ចប់រួចរាល់ទាំងស្រុង ក្រោយពីខាងគ្រូពេទ្យជំនាញ មកពីអង់គ្លេសលោក វេជ្ជបណ្ឌិត Asim Shahmalak បានប្រើប្រាស់នូវជាលិកាភ្លៅរបស់នាង ដើម្បីមកប៉ះប៉ូវជួសជុលឡើងវិញ។ លើសពីនេះ លោកវេជ្ជបណ្ឌិត ក៏បានបង្កើតចិញ្ចើមថ្មីចំនួន២ និងរោមភ្នែក លើភ្នែកខាងឆ្វេងរបស់ Kanwal ដោយយកសក់របស់នាងផ្ទាល់ មកប៉ះប៉ូវធ្វើផងដែរ។

នាង Kanwal និយាយថា «ខ្ញុំពិតជារំភើបសឹងតែ រកពាក្យអ្វីថ្លែងពុំបាន ទៅកាន់លោកវេជ្ជបណ្ឌិត ដែលរូបគាត់បានព្យាយាម បំពេញការងារមួយនេះដោយជោគជ័យ ផ្លាស់ប្តូរមុខមាត់របស់ខ្ញុំបាន។ ខ្ញុំពិតជាស្រលាញ់ពេញចិត្តចិញ្ចើម និងរោមភ្នែករបស់ខ្ញុំណាស់»

គួរឲ្យដឹងដែរថា លោកវេជ្ជបណ្ឌិត Shahmalak បានចំណាយថវិកាផ្ទាល់ខ្លួនរបស់លោក អស់ប្រមាណជាង ៥០០,០០០ផោន (ប្រហែលជា ៦៣,០០០ដុល្លារអាមេរិក) ដើម្បីជួយដល់នាង Kanwal ។ លើសពីនេះ រូបគាត់ត្រូវបានគេចាត់ទុកថា ជាវេជ្ជបណ្ឌិតដែលមានចិត្តសប្បុរស ធ្វើការងារមិនខ្លាចនឿយហត់ម្នាក់ផងដែរ។ ដោយកន្លងមកស្រ្តីចំនួន៥នាក់ផ្សេងទៀត កាលពី២ឆ្នាំមុន ដែលធ្លាប់ត្រូវបានទទួលរងការវាយប្រហារ ដោយសារតែទឹកអាស៊ីត ក៏ធ្លាប់ត្រូវបានវេជ្ជបណ្ឌិត Shahmalak ជួយព្យាបាលដោយមិនគិតកម្រៃផងដែរ ៕ 

រូបភាព៖ នាង Kanwal ពេលបច្ចុប្បន្ន
រូបភាព៖ នាង Kanwal កាលពីមុន
រូបភាព៖ នាង Kanwal កាលពីមុន
រូបភាព៖ លោកវេជ្ជបណ្ឌិត Asim Shahmalak

ប្រភព៖ ដេលីម៉ែល

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ក្មេងប្រុសជំទង់ម្នាក់ ជាអ្នកដឹកជញ្ជូនម្ហូប បានជ្រុលបុកឡាន BMW ឡើងឆ្កូត ប៉ុន្តែដោយសារភាពស្មោះត្រង់ បានធ្វើឲ្យម្ចាស់រថយន្តរំជួលចិត្ត លទ្ធផលពិតជាមិននឹកស្មានដល់

ចិន៖ បន្ទាប់ពីបានដឹកជញ្ជូនម្ហូបឲ្យភ្ញៀវរួចរាល់ សិស្សវិទ្យាល័យវ័យ១៧ឆ្នាំម្នាក់ បានធ្វើដំណើរត្រលប់ទៅហាងវិញ ដែលជាកន្លែងធ្វើការរបស់គេវិញ។ នៅខណៈពេលដែលគេកំពុងធ្វើដំណើរ គេក៏បានទទួលទូរស័ព្ទមួយខ្សែ ដើម្បីទទួលការកម្ម៉ង់ម្ហូបពីអតិថិជនផ្សេងទៀត។ ប៉ុន្តែ នៅពេលដែលគេកំពុងតែនិយាយទូរស័ព្ទនោះ គេបានជ្រុលទៅបុក និងធ្វើឲ្យឆ្កូតឡានទំនើប BMW មួយគ្រឿងដោយចៃដន្យ។

ភ្លាមៗនោះ ក្មេងប្រុសជំទង់រូបនោះមិនបានឈប់ទេ។ គេបានបន្តដំណើរទៅមុខទៀតដើម្បីធ្វើការដឹកជញ្ជូនម្ហូបអាហារតាមការកម្ម៉ង់របស់ភ្ញៀវ។ ប៉ុន្តែបន្ទាប់ពីបានបញ្ចប់កាតព្វកិច្ចរបស់គេរួចមក គេក៏បានត្រលប់ទៅកាន់កន្លែងកើតហេតុវីញ ដែលស្ថិតនៅក្នុងតំបន់ Zhengzhou ដើម្បីទូទាត់ទៅលើការខូចខាតដែលគេបានបង្កឡើង។

ក្មេងប្រុសជំទង់រូបនោះឈ្មោះថា Chen បានប្រាប់ទៅកាន់សារព័ត៌មាន CCTV ថា “ដំបូងខ្ញុំជិះទៅហាងសិន ដើម្បីធ្វើការដឹកជញ្ជូនម្ហូបឲ្យភ្ញៀវរបស់ខ្ញុំឲ្យបានរួចរាល់។ បន្ទាប់មក ខ្ញុំក៏បានសរសេរសំបុត្រសុំអភ័យទោសមួយ រួចក៏ធ្វើដំណើរត្រលប់ទៅកាន់កន្លែងកើតហេតុនោះវិញ”។

លុះដល់ព្រឹកឡើងពេលដែលបុរសដែលជាម្ចាស់ឡាន BMW ឈ្មោះថា Xue Zhanmin កំពុងតែពិនិត្យមើលឡានដែលមានស្នាមឆ្កូតរបស់គាត់នោះ គាត់ក៏បានឃើញសំបុត្រមួយដែលក្មេងប្រុសជំទង់រូបនោះបានបិទជាប់នឹងទ្វារឡាន អមជាមួយប្រាក់សំណងចំនួន ៣១១យ័ន (ប្រហែល ៤៥ដុល្លារ)។

សំបុត្រនោះមានអត្ថន័យដូចតទៅ “លោកពូ ខ្ញុំសុំទោស។ ខ្ញុំបានជ្រុលទៅបុកឡានរបស់លោកពូដោយចៃដន្យកាលពីយប់មិញ នៅខណៈពេលដែលខ្ញុំកំពុងតែបើករទេះកង់បីអគ្គីសនីរបស់ខ្ញុំ។ ខ្ញុំមានប្រាក់សរុបទាំងអស់ចំនួនប្រមាណ ៣០០យ័ន (ប្រហែល៤៤ដុល្លារ) ហើយប្រាក់នេះខ្ញុំឲ្យទៅលោកពូជាសំណងនៃការខូចខាត។ ខ្ញុំដឹងថា ប្រាក់ទាំងនេះមិនគ្រប់គ្រាន់សម្រាប់លោកពូទេ ប៉ុន្តែវាជាប្រាក់ទាំងអស់ដែលខ្ញុំមានហើយ។ ខ្ញុំមានអារម្មណ៍ថាសោកស្តាយខ្លាំងណាស់ ចំពោះឧប្បត្តិហេតុមួយនេះ”។

ដោយសារតែក្តីរំភើបជាមួយនឹងភាពស្មោះត្រង់ ក៏ដូចជាភាពក្រីក្ររបស់ក្មេងប្រុសជំទង់ជាអ្នកដឹកជញ្ជូនម្ហូបឲ្យគេនេះ លោក Xue បានស្នើសុំឲ្យមន្ត្រីប៉ូលិសនៅក្នុងតំបន់នោះជួយធ្វើការស្វែងរកយុវជន Chen។

ព្រោះតែរឿងហេតុមួយនេះត្រូវបានផ្សព្វផ្សាយពាសពេញបណ្តាញសារព័ត៌មានក្នុងតំបន់នោះ គេអាចរកឃើញក្មេងប្រុសនោះពិតមែន។

ចុងក្រោយលោក Xue មិនត្រឹមតែឲ្យប្រាក់របស់ Chen ត្រលប់ទៅគេវិញទេ លោកថែមទាំងឲ្យប្រាក់រង្វាន់ទៅគេបន្ថែមទៀតចំនួន ១០ ០០០យ័ន (ប្រហែល ១៤៥៣ ដុល្លារ) ព្រោះតែភាពស្មោះត្រង់របស់គេ។

លោក Xue ផ្ទាល់បាននិយាយថា “ខ្ញុំចង់ឲ្យប្រាក់ ៣១១យ័ននោះទៅគេវិញ ហើយខ្ញុំក៏ចង់ឲ្យប្រាក់មួយចំនួនទៀតទៅគេដែរ ដើម្បីផ្គត់ផ្គង់ជីវភាពរបស់គេ”៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]