(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការ និងចេញជួយអន្តរាគមន៍ទប់ស្កាត់ អំពើហិង្សាដោយចេតនា ពីសំណាក់ក្រុមកម្មកររបស់ក្រុមហ៊ុនប្រមូលសំរាម ស៊ិនទ្រី រហូតមានការចាប់ខ្លួនចំនួន១២នាក់ បន្ទាប់ពីពួកគេបានទៅវាយជនរងគ្រោះម្នាក់ ដែលមិនមានកំហុសទាល់តែសោះ ពោលគឺជាការយល់ច្រឡំថា ជនរងគ្រោះជាបក្ខពួករបស់មនុស្សមួយក្រុមទៀត ដែលមានជម្លោះជាមួយពួកគេ។

អំពើហិង្សាដែលបង្កអសន្តិសុខសង្គមខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងកើតផ្សារត្រពាំងថ្លឹង តាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ សន មិថុនា អាយុ២២ឆ្នាំ មុខរបរកម្មករលើកកាតុងតាមរោងចក្រ ស្នាក់នៅភូមិកើតហេតុខាងលើ មានប្រពន្ធឈ្មោះ ចាន់ ស្រីលិន អាយុ២៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ។

នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា តាមការសួរនាំ គឺមុនដំបូង កម្មករប្រមូលសំរាម បានដើរប្រមូលសំរាមនៅតាមបណ្តោយផ្លូវវេងស្រេង ខណះមកដល់ចំណុចផ្សារត្រពាំងថ្លឹង កំពុងប្រមូលសំរាម ក៏បានប៉ះពាក្យសំដីជាមួយសន្តិសុខ ដែលយាមផ្សារកំពុងអង្គុយផឹកស៊ី។

បន្ទាប់ពីប៉ះពាក្យសម្តីគ្នារួចមក ក៏បង្កហិង្សាដាក់ទៅវិញទៅមក ចំណែកជនរងគ្រោះ នៅអង្គុយរង់ចាំឡានដឹកកាតុងរោងចក្រមកដឹក នៅក្បែរកន្លែងដែរ គេកំពុងឈ្លោះគ្នា។ ជនរងគ្រោះឃើញគេឈ្លោះគ្នាក៏រត់ចេញ ហើយក្រុមកម្មករស៊ិនទ្រីស្មានតែ បក្ខពួកក្រុមខាងសន្តិសុខផ្សារ ក៏នាំគ្នាវាយបណ្តាលបែកចិញ្ចើម និងប៉ោងភ្នែកខាងស្តាំ។

ពេលនោះសមត្ថកិច្ចរបស់លោក កំពុងតែល្បាតបានឃើញពួកកម្មករក្រុមហ៊ុន ស៊ិនទ្រី ក៏រត់គេចខ្លួន ហើយសមត្ថកិច្ចក៏បាននាំជនរងគ្រោះ ទៅមន្ទីរពេទ្យដេរមុខរបួស។ ក្រោយមកទៀត ក្រុមកម្មករ ស៊ិនទ្រី បានហៅបក្ខពួកមក២ឡានទៀត សរុបចំនួន១២នាក់ មកព្រួតគ្នាវាយមកលើជនរងគ្រោះជាលើកទី២ ខណះដែលជនរងគ្រោះទើប និងដើរចេញពីមន្ទីរពេទ្យដេររបួសទើបរួច ក៏ផ្អើលដល់សមត្ថកិច្ចកម្លាំងអន្តរាគមន៍ ដែលល្បាតទៅដល់ទាន់ និងបានបង្ក្រាបក្រុមទាំងនោះបានទាំងអស់គ្នា១២នាក់តែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិ ដឹកតាមម៉ូតូទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯជនបង្កទាំង១២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួន ទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ម្តេចចេះ​តែចឹង! នាងក្រមុំឈឺរលាកបំពង់.ក​ ហៅ​​ពេទ្យព្យាបាល ដូច​ហៅ​មក​ស​ម្លាប់

ខេត្តកណ្តាល ៖ ជា​រឿង​គួរ​ឱ្យ​សោកស្តាយ​បំផុត ដែល​បាន​កើតឡើង​ សា​ជា​ថ្មី​ម្តងទៀត បន្ទាប់​នារី​ក្រមុំ​ម្នាក់​ មាន​ជំងឺ​រលាក​បំពង់​.​ក ហើយ​ត្រូវ​គ្រូពេទ្យ​ព្យាបាល​ដោយ​ចាក់​ថ្នាំ​ផង ព្យួរសេរ៉ូម​ផង ហើយ​លេបថ្នាំ​ទៀត ស្រាប់តែ​រាង​កាយ​នាង​លែង​ធ្វើ​ចលនា បេះដូង​លែ​ដើរ ហើយ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ ទៅ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ តែ​ជា​អកុសល​នាង​ បាន​ដាច់ខ្យល់​ស្លាប់តាម​​ផ្លូវ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០២ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២១ កុម្ភៈ ដែល​នារី​រង​គ្រោះ​មានឈ្មោះ​ញែ​ម វ​ណ្ណា អាយុ​​២៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អង្គរ​ជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ ដោយឡែក គ្រូពេទ្យ​ដែល​មក​ព្យា​បាល​នោះ មានឈ្មោះ​ស៊ូ ម៉ា​រី អាយុ​៥៧​ឆ្នាំ ជា​អនុប្រធាន​មណ្ឌល​សុខភាព​ឃុំ​បន្ទាយដែក មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយ​គ្នា​។

បើ​តាម​ម្តាយ​ នារី​រង​គ្រោះ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កូនស្រី​គាត់​មាន​ជំងឺ​រលាក​បំពង់​.​ក និង​ក្តៅខ្លួន​បន្តិចបន្តួច ហើយ​គាត់​បាន​ហៅ​អ្នកគ្រូ​ពេទ្យ​ខាងលើ ឱ្យមក​ពិនិត្យ​កូន​នៅ​ឯ​ផ្ទះ ។ ពេល​គ្រូពេទ្យ​មក​ដល់ ក៏​រៀបចំ​ចាក់​ថ្នាំ និង​បន្តោង​សេរ៉ូម ហើយ​ឱ្យ​លេបថ្នាំ​ទៀត ។

លុះដល់​វេលា​កើតហេតុ កូនស្រី​គាត់​មាន​សភាព​កាន់តែ​ធ្ងន់ គឺ​បេះដូង​លែង​ដើរ និង​ធ្វើ​លែង​មាន​ចលនា​អ្វី​ទាំងអស់ ឃើញ​ដូច្នោះ គាត់​បាន​រៀបចំ​បញ្ជូន​បន្ត​ទៅ​រាជធានី​ភ្នំពេញ តែ​កូន​គាត់​បាន​ដាច់ខ្យល់​ ស្លាប់​បាត់​ទៅ​ហើយ ។

ប្រភព​ឱ្យ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​០៧ និង​០៥​នាទី​យប់​ថ្ងៃ​ដដែល ក្រុម​គ្រួសារ​នារី​រង​គ្រោះ ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ នៅ​ប៉ុស្តិ៍​រដ្ឋបាល​បន្ទាយដែក ដើម្បី​ឱ្យ​នាំ​ខ្លួន​អ្នកគ្រូ​ពេទ្យ​ខាងលើ​មក​ធ្វើការ​សាកសួរ ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]