បរទេស៖ ប្រិយមិត្តដែលស្នេហាកីឡាបាល់ទាត់ និងជាពិសេសអ្នកគាំទ្រកាលពីជំនាន់ព្រឹត្តការណ៍ World Cup ឆ្នាំ២០០២ ច្បាស់ជាបានដឹងហើយអំពី ម៉ូតសក់ដ៏ល្បីរបស់អតីតខ្សែប្រយុទ្ធកំពូលរបស់ប្រេស៊ីល Ronaldo។ តើធ្លាប់ដឹងទេថា មួលហេតុអ្វីបានជា Ronaldo សម្រេចចិត្តលេងម៉ូតទុកតែមួយដុំខាងមុខនេះ? 

បន្ទាប់ពីបានផ្តល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ESPN កាលពីពេលថ្មីៗនេះ Ronaldo បានអះអាងឲ្យដឹងថា មូលហេតុដែលខ្លួនកោរសក់ទុកមួយដុំខាងមុខនេះ ដោយសារតែចង់ឲ្យអ្នកគាំទ្រភ្លេចនូវរបួសក្រលៀនរបស់គេ ហើយមកចាប់អារម្មណ៍ត្រង់ម៉ូតសក់នេះវិញ។

អតីតខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីលបានប្រាប់ទៅកាន់ ESPN ដោយផ្ទាល់ថា «ខ្ញុំមានរបួសត្រង់ក្រលៀន ហើយកាលនោះខ្ញុំលេងបានតែ៦០%ប៉ុណ្ណោះ ដូច្នេះដើម្បីកុំឲ្យអ្នកគាំទ្របារម្ភ ទើបខ្ញុំសម្រេចចិត្តកោរសក់»

Ronaldo បន្តទៀតថា «គ្រប់គ្នាបាននាំគ្នានិយាយ និងបារម្ភពីបញ្ហារបួសរបស់ខ្ញុំ ប៉ុន្តែនៅពេលដែលខ្ញុំត្រលប់មកធ្វើការហ្វឹកហាត់ជាមួយម៉ូតសក់ថ្មីនេះ គ្រប់គ្នាក៏លែងនិយាយពីបញ្ហារបួសទៀត ហើយមកនិយាយអំពីម៉ូតសក់នេះវិញម្តង»

គួរបញ្ជាក់ថា Ronaldo គឺជាខ្សែប្រយុទ្ធឆ្នើមមួយរូប ដែលជួយឲ្យប្រេស៊ីលឈ្នះជើងឯក World Cup ឆ្នាំ២០០២ ដោយបានបំបាក់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ២-០ ដោយគ្រាប់បាល់ទាំង២នោះ គឺស៊ុតចូលដោយ Ronaldo ទាំងអស់។ ដោយឡែក ចំពោះបច្ចុប្បន្នភាពនេះវិញ Ronaldo បានសម្រេចចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ហើយ៕ 

ប្រភព៖ Dailymail

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ អាយុទើប២២ឆ្នាំ​សោះ កីឡាការិនីកូរ៉េស្រស់ស្អាតម្នាក់ សម្រេចចិត្តបែបនេះ

កូរ៉េខាងត្បូង៖ ទើបតែអាយុ២២ឆ្នាំសោះ អត្តពលិកវ័យក្មេង ស្រស់ស្អាត Son Yeon Jae សញ្ជាតិកូរ៉េខាងត្បូង បានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពកាយសម្ព័ន្ធ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅនេះ។

ភ្នាក់ងាររបស់កីឡាការិនីរូបនេះបានបញ្ជាក់ថា Yeon Jae បានសម្រេចចិត្តចូលនិវត្តន៍ហើយ នឹងមិនចូលរួមជាបេក្ខភាពជ្រើសរើសដើម្បីទៅប្រកួតឲ្យក្រុមជម្រើសជាតិអត្តពលិករបស់កូរ៉េខាងត្បូងទៀតនោះទេ។ 

បើយោងតាមរបាយការណ៍ស្តីពីការចូលនិវត្តន៍របស់ Yeon Jae បានរៀបរាប់ឲ្យដឹងថា «កីឡាការិនីកាយសម្ព័ន្ធ Song Yeon Jae នឹងមិនបានចូលរួមជ្រើសរើសជាបេក្ខភាពដើម្បីទៅប្រកួតក្នុងក្រុមជម្រើសជាតិទៀតទេ ហើយស្របពេលជាមួយគ្នានេះដែរ នាងបានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពមួយនេះតែម្តង» ។

របាយការណ៍ដដែលបានបន្ថែមទៀតថា « Son Yeon Jae មិនមានការអន់ចិត្ត និងសោកស្តាយអ្វីទេ មិនតែប៉ុណ្ណោះ នាងបានអរគុណទៅអ្នកគ្រប់គ្នាដែលតែងតែគាំទ្រនិងស្រលាញ់នាងប៉ុន្មានឆ្នាំចុងក្រោយនេះទៀតផង» ។

Son Yeon Jae អត្តពលិកវ័យក្មេង នឹងសម្រេចចិត្តដើរលើវិថីថ្មីមួយទៀតនៅក្នុងជីវិតរបស់នាង បើទោះបីជានាងបានលាចេញពីអាជីពជាកីឡាការិនីកាយសម្ព័ន្ធក៏ដោយ។

គួរបញ្ជាក់ថា Son Yeon Jae ត្រូវបានគេស្គាល់ ជាកីឡាការិនីកាយសម្ព័ន្ធ សញ្ជាតិកូរ៉េខាងត្បូងមួយរូប ដែលមានសម្រេស់ស្រស់ស្អាត វ័យក្មេង មិនតែប៉ុណ្ណោះ នាងថែមទាំងមានសមត្ថភាព និងទេព្យកោសល្យខ្ពស់ទៀតផង ដោយកាលពីឆ្នាំ២០១៦កន្លងទៅ នាងបានជាប់ចំណាត់ថ្នាក់លេខ៤ នៅក្នុងព្រឹត្តការណ៍អូឡាំពិកនៅក្នុងទីក្រុង Rio ប្រទេសប្រេស៊ីលទៀតផង ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]