(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញលោក កោ វណ្ឌី នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ បានប្រកាស សាលក្រមផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់៥ឆ្នាំ ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយមរណភាព នៃជនរងគ្រោះ តាមមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌ» ទៅលើបុរសម្នាក់ដែលបានវាយប្រពន្ធរបស់ខ្លួនរហូតស្លាប់។

សូមបញ្ជាក់ថា ជនជាប់ចោទ ទុន កែវ អាយុ៤៤ឆ្នាំ ជាកម្មករសំណង់ស្នាក់នៅផ្ទុះលេខ​៤៦៣ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បានវាយសម្លាប់ប្រពន្ធរបស់ខ្លួនឈ្មោះ ភាព អាយុ២៧ឆ្នាំ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច រៀងរាល់ថ្ងៃ ពេលបញ្ចប់ការងារ ២នាក់ប្តី-ប្រពន្ធនេះ តែងតែផឹកស្រាលេងនៅក្រោមផ្ទះ ហើយតែងមានជម្លោះវាយតប់គ្នា មិនលោះថ្ងៃឡើយ។ ម្យ៉ាងទៀត ប្រពន្ធរបស់គេមានជំងឺបេះដូងទៀតផង។

រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ មានអ្នកធ្វើការសំណង់ជាមួយគ្នា មកលេងស្រាប់តែពួកគេ បានទិញស្រាមកផឹកដូចរាល់ដង គឺផឹកស្មើដៃគ្នាជាមួយប្រពន្ធ។ លុះដល់យប់ជ្រៅ ក៏ចូលដេកលក់នៅលើផ្ទះ ទាំង២នាក់ រហូតដល់ម៉ោង៥ទាបភ្លឺថ្ងៃទី២៣ ខែសីហា ស្រាប់តែប្រពន្ធរបស់គេ ថប់ដង្ហើមហៅឲ្យជួយ ពេលនោះ ខ្លួនគេក៏បានគោះរឹតទ្រូងឲ្យប្រពន្ធ និងហៅអ្នកជិតខាងមកជួយទៀត ប៉ុន្តែប្រពន្ធរបស់គេបានស្លាប់បាត់ទៅហើយ៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ខ្ចីប្រាក់​គេ​40​ម៉ឺន​រៀល​ ទៅ​លួច​កាប់​ឈើទាល​មួយ​ដើម​សង​វិញ

ខេត្តកំពង់ធំ ៖ សមត្ថកិច្ច​ឧ​ទ្យា​នុ​រក្ស​ ចល័ត​អន្តរាគមន បាន​បង្ក្រាប​ដោយ​ចាប់ខ្លួន​ជន​ម្នាក់ ខណៈ​កំពុង​ធ្វើ​សកម្មភាព​ លួច​អារឈើ​ដ៏​ធំ​មួយដើម​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ឡង់ ។ ជនសង្ស័យ​ឈ្មោះ ផាត ទិ​ត្យ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​បា​ជ័យ ឃុំ​សណ្តាន់ ស្រុក​សណ្តាន់ ។

លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ កុម្ភៈ ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​កម្លាំង​ឧ​ទ្យា​នុ​រក្ស ក្រុម​ចល័ត​អន្តរា​គម​ន៏​ធ្វើការ ឃាត់ខ្លួន​បាន ខណៈ​កំពុង​តែ​ធ្វើ​សកម្មភាព​កាត់ឈើ​មួយ​ដើម​ដ៏​ធំ​ដែល​មានមុខ​កាត់​០,៩០​ម៉ែត្រ រួម​ជាមួយ​វត្ថុ​តាង​មាន​ម៉ាស៊ីន​ត្រង់​សឺ​ន័​រ​១​គ្រឿង កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៨ កុម្ភៈ នៅ​ចំណុច​អូរ​ក្បាល​រាំ​ស្ថិត​ក្នុង​ដែនជម្រកសត្វព្រៃ​ឡង់ ស្រុក​សណ្តាន់ ។

នៅ​ចំពោះ​មុខ​ សមត្ថកិច្ច​ជន​រូប​នេះ​ បាន​សារភាព​ថា ដោយសារ​តែ​ខ្លួន​អត់​លុយ​ចាយ​ក៏​បាន​ទៅ​ខ្ចី​លុយ​ថៅកែ​ម្នាក់​ឈ្មោះ ភា រៀ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​ចំនួន​៤០​ម៉ឺន​រៀល ដោយ​សន្យា​ថា និង​ចូល​ទៅ​អារឈើ​ក្នុង​ព្រៃ​ឡង់​ដើម្បី​ទូទាត់​កាត់​សង​លុយ​ដែល​បាន​ខ្ចី​គាត់ ហើយ​ថៅកែ​រូប​នោះ​ក៏​បាន​ប្រគល់​ឲ្យ​នូវ​រណា​យន្ត​១​គ្រឿង និង​ប្រេងសាំង​១​កាន ដែល​មាន​គ្នា​២​នាក់​លួច​ចូល​ទៅ​អារឈើ ។

នៅ​ពេល​ដែល​អារ​ដើមឈើ​ ទាល​ធំ​១​ដើម​រលំ កំពុង​តែ​រៀបចំ​ច្រៀក ស្រាប់តែ​សមត្ថកិច្ច​ទៅ​ដល់​ចាប់ ឃើញ​ដូច្នេះ​គ្នា​គេ​ម្នាក់​ ដែល​ជា​អ្នក​ចាំ​បោស​អាចម៍រណា​ឈ្មោះ សាន ឃើញ​ទាន់​ក៏​រត់គេច​ខ្លួន​បាត់​ទៅ នៅ​សល់​តែ​រូបគេ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង ។

ពាក់ព័ន្ធ និង​ករណី​ខាងលើ​ លោក​ប្រធាន​មន្ទីរ​បន្ត​ថា ដោយសារ​តែព្រៃ​ឡង់​មាន​ទំហំ​ធំ ផ្លូវ​ចេញចូល​ក្នុង​ព្រៃ​ មាន​ច្រើន​រាប់​មិន​អស់ ចំណែក​សមត្ថកិច្ច​ ជំនាញ​មាន​គ្នា​តិច ហើយ​ជនសង្ស័យ​បាន​ប្តូរ​រូបភាព​ ពី​ការ​ធ្វើ​សកម្មភាព​លួច​ ចូល​អារឈើ​ពេល​ថ្ងៃ មក​ធ្វើ​នៅ​ពេល​យប់​វិញ ។ នៅ​ពេល​ធ្វើ​សកម្មភាព​ពួក​គេ​មាន​អ្នក​កាន់​វិទ្យុទាក់ទង​រង់ចាំ​មើលផ្លូវ ព្រមទាំង​មាន​អាវុធ​កែ​ច្នៃ​ដាក់​តាម​ខ្លួន​ទៀត​ផង បើ​សមត្ថកិច្ច​យើង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ច្បាស់​ជា​គ្រោះថ្នាក់ ។

ក្រុម​មន្ត្រី​ថា ការ​បង្ក្រាប​បាន​ជួប​បញ្ហា​លំបាក​ជា​ខ្លាំង ដូច​ជា​ករណី​នេះ​ជាដើម​ទំ​រាំ​តែ​ចាប់​បាន​កម្លាំង​សមត្ថកិច្ច ត្រូវ​លូន​ក្នុង​ព្រៃ​ ពេល​យប់​ងងឹត​ពី​ចំងាយ ទំ​រាំ​ចូល​ទៅ​ចាប់​បាន ។ ក្រុម​មន្ត្រី​ថា ជនសង្ស័យ​ម្នាក់​នេះ​ត្រូវ​បាន​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ជុំវិញ​បញ្ហា​ខាងលើ​នេះ​ ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​ ដល់​ស្ថាប័ន​តុលាការខេត្ត សូម​មេត្តា​ធ្វើការ​ស្រាវជ្រាវ​ ចាប់ខ្លួន​មេខ្លោង ដែល​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​ឲ្យ​ចូល​ទៅ​កាប់​ទន្ទ្រាន​ក្នុង​ព្រៃ​ឡង់​នេះ​ឲ្យ​បាន ជា​ពិសេស​ថៅកែ​ឈ្មោះ ភា រៀ យក​មក​ធ្វើការ​ផ្តន្ទាទោស​ចំពោះ​មុខ​ច្បាប់ ពីព្រោះ​ពួក​នេះ​គឺជា​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ បើ​មិន​ដូច្នោះ​ទេ​នោះ​គឺ​មិន​អាច​ថែរក្សា និង​ការពារ​ព្រៃ​ដែល​នៅ​សេសសល់​ បន្តិចបន្តួច​នេះ​ឲ្យ​បាន​គង់​វង់​នោះ​ឡើយ។ គេ​កំពុង​រង់ចាំ​មើល​ថា ថៅកែ​ឈ្មោះ ភា រៀ និង​មានការ​ចោទប្រកាន់​ដែរ​ឬ​យ៉ាងណា​នោះ​ទេ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]