(រតនគិរី)៖ មេក្លោងចែកចាយគ្រឿងញៀន នៅក្រុងបានលុង ខេត្តរតនគិរី ដែលរកស៊ីបទល្មើសនេះយូរមកហើយនោះ នៅពេលនេះ ត្រូវបានកម្លាំងអាវុធហត្ថក្រុង ចុះបង្ក្រាប និងចាប់ខ្លួនពួកគេទាំង២នាក់ រហូតដកហូតថ្នាំញៀន និងសម្ភារយ៉ាងច្រើន។
មេបញ្ជាការអាវុធហត្ថមូលដ្ឋាន ក្រុងបានលុង លោកវរសេនីយ៍ត្រី ហៃ វណ្ណារ៉ា បានបញ្ជាក់ថា ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យទាំង២នាក់នេះ បានធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ថិតនៅផ្ទះជនសង្ស័យតែម្តង ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ដោយមានបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្ត ព្រមទាំងមានការសម្របសម្រួលពីលោក រ៉ា ប៉ូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តផងដែរ។
លោកវរសេនីយ៍ត្រី ហៃ វណ្ណា បានបញ្ជាក់ទៀតថា ជនសង្ស័យជាប្តីឈ្មោះ ឈៀង សំណាង អាយុ៤៤ឆ្នាំ និងប្រពន្ធឈ្មោះ ឈឿន សេងហុង អាយុ៣៦ឆ្នាំ។ វត្ថុតាងរួមមាន ម្សៅក្រាមព៌ណសថ្លាចំនួន១៤កញ្ចប់ ក្នុងនោះ២កញ្ចប់ធំ និងសម្ភារសេពគ្រឿងញៀនមួយចំនួន ព្រមទាំងម៉ូតូ C-125ពណ៌ខ្មៅពាក់ស្លាកលេខរតនគិរី 1A-9860។
បច្ចុប្បន្ន ជំនាញអាវុធហត្ថក្រុងបានលុង កំពុងកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការតាមច្បាប់៕
ប្រភព៖ Fresh News
ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ក្មេងពាល៣នាក់ជិះម៉ូតូដេញកាប់អ្នកធ្វើដំណើរតាមផ្លូវ ដូចថតកុន
ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ មានមនុស្សប្រុសស្រី៣នាក់រងរបួស និង៤នាក់ផ្សេងទៀត ខូចខាតរថយន្ត និងម៉ូតូ មូលហេតុក្រុមជនពាល៣នាក់ប្រដាប់ដោយដាវសាម៉ូរ៉ៃ កាំបិត និងបំពង់ទីបក្នុងដៃ ខណៈស្រវឹងស្រា ជិះម៉ូតូ ដេញកាប់ប្រហារ អ្នកធ្វើដំណើតាមដងផ្លូវជាតិលេខ១ និងតាមដងផ្លូវលំស្ថិតនៅភូមិថ្នល់កែង និងភូមិជប់ ឃុំកណ្តៀងរាយស្រុកស្វាយទាប យ៉ាងសាហាវ ត្រូវសមត្ថកិច្ចតាមប្រមាញ់ចាប់ឃាត់ខ្លួនបាន២នាក់ និងម្នាក់កំពុងរត់គេចខ្លួន។
បើតាមលោកវរៈសេនីយ៍ត្រី សួរ រ៉ី អធិការរង នៃអធិការដ្ឋាននគបាលស្រុកស្វាយទាប បានឲ្យដឹងថា ករណីក្រុមជនពាលជិះម៉ូតូដេញកាប់អ្នកធ្វើដំណើរតាមដងផ្លូវនេះកើតឡើង កាលពីថ្ងៃទី១៥ កុម្ភៈ ២០១៧ វេលាម៉ោង៧និង០០យប់ ហើយបានជិះម៉ូតូគេចខ្លួនរហូតមកដល់ថ្ងៃទី១៧ កុម្ភៈ ២០១៧ ទើបតាមចាប់ខ្លួនបាន២នាក់។ ជនសង្ស័យទី១-ឈ្មោះ ឡង់ទីណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកណ្តៀងរាយ ឃុំកណ្តៀងរាយ ជាអ្នកបើកបរម៉ូតូ។ ទី២-ឈ្មោះ ណំ រ៉ូយ៉ាល់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងផ្សារដែក មានទីលំនៅភូមិថ្នល់កែង ឃុំកណ្តៀងរាយ កាន់កាំបិតកាចែត ជាអ្នកកាប់ និងវាយបំបែកកញ្ចក់រថយន្ត។
ជនទាំងពីនាក់ត្រូវសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី១៧ កុម្ភៈ ២០១៧ វេលាម៉ោង១០និង៣០នាទីព្រឹក ខណៈលបចូលផ្ទះ។ ទី៣-ឈ្មោះ ប៉ាន់ បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិកណ្តៀងរាយ ឃុំកណ្តៀងរាយ ជាអ្នកកាន់ដាវសាំម៉ូរ៉ៃ និងជាអ្នកកាប់ប្រហារអ្នកធ្វើដំណើរតាមដងផ្លូវ និងកាប់កញ្ចក់រថយន្ត(រត់គេចខ្លួនបាត់)។
ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុ ជនសង្ស័យទាំង៣នាក់ បានផឹកស្រាស្រវឹងជោក រួចនាំគ្នាជិះម៉ូតូមួយគ្រឿងម៉ាក អ៊ែរប្លែក ពណ៌ខៀវ ឌុបគ្នា ដេញកាប់ប្រជាពលរដ្ឋដែលកំពុងជិះម៉ូតូធ្វើដំណើរនៅតាមដងផ្លូវលំឲ្យរងរបួស៣នាក់។ ១-ឈ្មោះ សួស ធឿន ភេទស្រី អាយុ៤២ឆ្នាំ រងរបួសបាតដៃឆ្វេងធ្ងន់។
២-ឈ្មោះ ជឹប រឹតធី ភេទប្រុស អាយុ១៩ឆ្នាំ របួសស្មាខាងឆ្វេងធ្ងន់។ ៣-ឈ្មោះ ប៉ែន សាវឿន ភេទស្រីអាយុ៤៩ឆ្នាំ រងរបួសចង្កេះខាងឆ្វេង (វាយនឹងបំពង់ទីប) អ្នកទាំង៣នាក់រស់នៅភូមិជប់ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។ ជនរងគ្រោះទី៤-ឈ្មោះ ចុង ចន្ថា ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ជនពាលកាប់ដាច់កញ្ចក់មើលក្រោយរថយន្ត។ ទី៥-ឈ្មោះ ភោគ ដារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ត្រូវជនពាលវាយម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរី២០១៦ ខូចយ៉ាងដំណំ។
ទី៦-ឈ្មោះ សូរ យ៉ន ភេទប្រុស អាយុ៣៦ឆ្នាំ ត្រូវជនពាលវាយបែកកញ្ចក់រថយន្ត ម៉ាកកាមរីឆ្លាមបែកកញ្ចក់បែកខាងមុខ ខាងឆ្វេងខូចទាំងស្រុង និងយកដាវសាំម៉ូរ៉ៃកាប់រថយន្តមួយគ្រឿងទៀតម៉ាក កាមរីបាឡែន របស់លោក ព្រំ សាវ៉េត ទូរទស្សអាស៊ីអាគ្នេយ៍ គ្រាន់តែឆ្កូតថ្នាំសំណាងល្អមិនបែកកញ្ចក់។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា សាហាវណាស់ដូចរឿងក្នុងកុន ជិះម៉ូតូដេញកាប់អ្នកធ្វើដំណើរគ្មានរើសមុខ ដេញកាប់តាមដងផ្លូវលំអស់ចិត្ត បើកម៉ូតូឡើងលើថ្នល់ជាតិ ដេញកាប់ម៉ូតូ និងវាយកញ្ចក់រថយន្តរយៈពេលមួយម៉ោងសមត្ថកិច្ចដេញប្រមាញ់ចាប់អត់បាន ៣ថ្ងៃក្រោយទើបចាប់បាន២នាក់ ម្នាក់ទៀតកំពុងគេចខ្លួន។
បច្ចុប្បន្នជនរងគ្រោះសម្រាកព្យាបាលនៅមណ្ឌលសុខភាព កណ្តៀងរាយ ចំណែកជនសង្ស័យ និងវត្ថុតាង(កាំបិតបំពង់ទីប ម៉ូតូ) សមត្ថកិច្ចបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីនៅថ្ងៃទី១៨ កុម្ភៈ ២០១៧ វេលាម៉ោ១០និង០០ព្រឹក ហើយបានបញ្ជូនបន្តទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់នៅម៉ោង២និង០០រសៀល៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]