កូរ៉េខាងត្បូង៖ រូបរាងតូចស្អាតស្រឡូន គ្មានខ្លាញ់ក្បាលពោះ បានក្លាយជារូបរាងដ៏ពេញនិយមសម្រាប់មនុស្សស្រីសម័យថ្មី ខណៈដែល នារីៗជាច្រើនបានព្យាយាមធ្វើលំហាត់ប្រាណ និងតមអាហារនានា ក្នុងគោលបំណងទទួលបានរូបរាងដ៏ស៊ិចស៊ីគួរឲ្យទាក់ទាញនេះ។ លើសពីនេះ នារីខ្លះហ៊ានឆ្លងកាត់ការវះកាត់ ដើម្បីកែប្រែរាងកាយរបស់ខ្លួនឲ្យតូចស្អាតតាមចិត្តប្រាថ្នាថែមទៀតផង។

យ៉ាងណាមិញ ដើម្បីទទួលបានរូបរាងស្អាតស្រឡូន គ្មានខ្លាញ់នេះមិនមែនជារឿងងាយៗឡើយ ព្រោះវាទាមទារឲ្យនារីម្នាក់ៗមានការតាំងចិត្តខ្ពស់ ដើម្បីសម្រេចបាននូវរូបរាងស្រឡូនដូចតារា។

ដោយឡែក តារាស្រីកូរ៉េត្រូវបាននារីៗ ចាប់អារម្មណ៍ដោយសាររូបរាងដ៏ស្រឡូន និងស៊ិចស៊ីរបស់ពួកគេ ហើយម្នាក់ៗក៏បានឆ្ងល់ពីវិធីសាស្ត្រក្នុងការថែទាំរាងរៅឲ្យបានស្អាត របស់តារាទាំងអស់នោះផងដែរ។ Seolhyun Suzy និងPark Shinhye ត្រូវបានគេទទួលស្គាល់ថាជាតារាស្រីកូរ៉េដែលមានរាងស្អាតដាច់គេ ហើយកាលពីពេលថ្មីៗនេះពួកគេក៏បានបង្ហាញពីវិធីសាស្ត្រក្នុងការថែទាំរាងរបស់ពួកគេផងដែរ ដែលក្នុងនោះការតមអាហារជាកត្តាចម្បងដែលធ្វើឲ្យពួកគេមានរាងស្អាត ប៉ុន្តែអាហារដែលពួកគេបរិភោគទាំងនោះ ប្រាកដជាធ្វើឲ្យគ្រប់គ្នាគិតថា ការតមអាហារមិនមែនជារឿងងាយឡើយ។

AOA’s Seolhyun

កាលពីពេលថ្មីៗនេះ ស្ថានីយ៍មួយបានធ្វើការសម្ភាសន៍ Seolhyun ដែលជាសមាជិកក្រុមចម្រៀងស្រី AOA អំពីរបបអាហារប្រចាំថ្ងៃរបស់នាង។ នាងក៏បានឆ្លើយតបថា នាងមិនបានតមអាហារប្រចាំថ្ងៃរបស់នាង ពេញមួយឆ្នាំនោះទេ ដោយនាងបរិភោគអាហារគ្រប់យ៉ាងតាមចិត្តនាងចង់ ប៉ុន្តែប្រសិនបើក្នុងកំឡុងពេលតមអាហារវិញ នាងអាចបរិភោគអាហារមួយពេល មួយចម្អែតតែម្ដង (ជួនកាលពេលព្រឹក ជួនកាលពេលល្ងាច) ប៉ុន្តែសល់ពីនេះ នាងបរិភោគតែដំឡូងផ្អែមមួយដុំរៀងរាល់ពេលបាយតែប៉ុណ្ណោះ។

Suzy

តារាចម្រៀងស្រីរបស់ក្រុម Miss A រូបនេះក៏បានបង្ហាញពីរបបអាហាររបស់ខ្លួនផងដែរ ដោយនាងបានចាប់ផ្ដើមតមអាហារខ្លាំងតែម្ដង ខណៈដែលនាងនឹងត្រូវសម្ដែងនៅក្នុងរឿងភាគមួយក្នុងពេលឆាប់ៗនេះ។ ការតមអាហារលើកនេះ នាងបានដាក់ឈ្មោះថា “ការកំណត់ពេល” ដែលមានន័យថានាងឈប់បរិភោគអាហារគ្រប់យ៉ាងចាប់ពីម៉ោង ៦ល្ងាចទៅ។

ជារៀងរាល់ព្រឹក នាងបរិភោគតែសាច់ទ្រូងមាន់មួយដុំ ជាមួយនឹងប៉េងប៉ោះមួយផ្លែ ហើយនៅពេលថ្ងៃនាង ទទួលទានតែបាយអង្ករក្រហម ជាមួយដំឡូងមួយដុំតែប៉ុណ្ណោះ។ លើសពីនេះនាងក៏ព្យាយាមធ្វើលំហាត់ប្រាណដៃតាមលំនាំសត្វ ផេនឃ្វីន ដើម្បីទទួលបានដើមដៃតឹងណែន។

Park Shinhye

តារាស្រីរូបនេះ បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលខ្លាំងមែនទែន ខណៈដែលទម្ងន់របស់នាងបានថយចុះគួរកត់សម្គាល់។ យ៉ាងណាមិញ បើនិយាយពីរបបអាហាររបស់នាងវិញគឺពិតជាក្រិតក្រមខ្លាំងមែនទែន ខណៈដែលរាងកាយរបស់នាងទទួលបានតែអាហារប្រមាណ ៣០០កាឡូរីប៉ុណ្ណោះក្នុងមួយថ្ងៃ។

នៅពេលព្រឹកនាងបរិភោគតែត្រសក់មួយផ្លែ ជាមួយនឹងទឹកដោះគោមួយកែវ ហើយនៅពេលថ្ងៃនាងទទួលទានបាយក្រហមកន្លះចាន ជាមួយនឹងស្ពៃក្ដោបស្រស់បន្តិចប៉ុណ្ណោះ និងនៅពេលល្ងាចនាងតែងតែខាំផ្លែត្រសក់ និងស្ពៃក្ដោបតិចតួចបំផុតដើម្បីបញ្ឈប់ភាពឃ្លាន។ តែអ្វីដែលអាចបំពេញថាមពលនាងបាន គឺនាងបានផឹកទឹកល្ពៅ និងទឹកសណ្ដែកក្រហមបន្ថែមផងដែរ ដែលវាអាចទ្រទ្រង់រាងកាយរបស់នាងបានមួយថ្ងៃដែរ។

យ៉ាងណាមិញ របបអាហាររបស់នាងថ្វីត្បិតតែវាទទួលបានផលលឿន ប៉ុន្តែការតមនេះ មិនត្រូវបានគេណែនាំឲ្យធ្វើតាមឡើយ៕

ប្រភព៖ បរទេស

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

តារាកូរ៉េស្រី ៥រូបដែលតមអាហារបានសម្រេច និងទទួលបានរូបរាងស្លីម ដោយមិនចាំបាច់វះកាត់

កូរ៉េខាងត្បូង៖ តារាសម្ដែង និងតារាចម្រៀងរបស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានមហាជនទទួលស្គាល់ពីរូបរាង និងសម្រស់របស់គេ។ ស្របពេលជាមួយគ្នានេះដែរ តារាស្រីកូរ៉េទាំងនោះ ក៏ត្រូវបានគេកោតសរសើរពីការអត់ធ្មត់ព្យាយាម ក្នុងការធ្វើលំហាត់ប្រាណ និងកំណត់របបអាហារយ៉ាងតឹងរឹងបំផុតផងដែរ។

ការតមអាហារជាបញ្ហារបស់តារាស្រីកូរ៉េគ្រប់រូប ព្រោះថា នៅពេលដែលពួកគេបានក្លាយជាមនុស្សរបស់មហាជនហើយ ពួកគេមិនអាចបរិភោគអាហារតាមទំនើងចិត្តបានទេ ដោយសារខាងក្រុមហ៊ុន ក៏ដូចជាសាមីខ្លួនផ្ទាល់ បានដាក់កំហិតនូវរបបអាហារនេះជាចាំបាច់ ក្នុងគោលបំណងថែរក្សារាងពួកគេឲ្យកាន់តែស្រស់ស្អាត។

ដោយសារតែការ ដាក់កំរិតតឹងរឹងពេក តារាខ្លះក៏បានបោះបង់ចោល រីឯតារាខ្លះទៀតក៏ព្យាយាមរហូតទាល់តែបានសម្រេច ដែលការព្យាយាមរបស់ពួកគេបានធ្វើឲ្យមហាជនបើកភ្នែកធំៗ និងកោតសរសើរពីការព្យាយាមរបស់ពួកគេដើម្បីទទួលបានរាងស្លីមស្អាត ដោយមិនចាំបាច់វះកាត់។

ខាងក្រោមនេះជារូបរបស់តារាស្រី ៥រូបដែលទទួលបានជោគជ័យក្នុងការតមអាហារ និងទទួលបានរាងស្អាត ដោយមិនឆ្លងកាត់ការវះកាត់៖

Miss A Suzy

កាលពីមុននាងចូលសិល្បៈ មហាជនបានស្គាល់រូបនាង ជាមួយនឹងទម្រង់មុខពោរពេញដោយសាច់ ព្រមទាំងទទួលបានការតិះតៀនពីទម្ងន់របស់នាងផងដែរ។ ប៉ុន្តែបច្ចុប្បន្ននេះ នាងបានក្លាយទៅជាស្រីស្អាតប្រចាំប្រទេសកូរ៉េដោយសារ តែរូបរាងដ៏ស្រស់ស្អាត និងសុខភាពដ៏ល្អរបស់នាង។

Ailee

Ailee ត្រូវបានគេទទួលស្គាល់ថាជាតារាចម្រៀងស្រី ដែលមានសាច់ជាងគេ ហើយនាងក៏បាននិយាយផងដែរថា រូបរាងនេះក៏ជាផ្នែកមួយនៃសម្លេងរបស់នាង។ ប៉ុន្តែការវិលត្រឡប់មកវិញចុងក្រោយនេះ Ailee បានធ្វើឲ្យទស្សនិកជនភ្ញាក់ខ្លួនដោយសារតែរូបរាងថ្មីរបស់នាង ដែលនាងបានស្រកទម្ងន់ដល់ទៅ ៨ទៅ១០គីឡូក្រាមឯណោះ។

Kang Sora

តារាស្រីរូបនេះ កើតមកជាមួយនឹងរូបរាងដ៏ស្រឡូនស្រាប់ទៅហើយ ប៉ុន្តែនាងក៏បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលផងដែរ ខណៈដែលមួយរយៈចុងក្រោយនេះ នាងមានរូបរាងស្គមជាងមុន ដែលធ្វើឲ្យរាងរបស់នាងកាន់តែស្អាតជាងមុនទ្វេដង។

Park Shinhye

តារាសម្ដែងស្រី Park Shinhye ក៏ត្រូវបានគេទទួលស្គាល់ ដោយសារតែរូបរាងដែលមានសុខភាពល្អរបស់នាង ហើយនាងក៏ត្រូវបានគេសួរពីវិធីសាស្ត្រក្នុងការថែរក្សារាងរបស់នាងផងដែរ។ ហើយថ្មីៗនេះ នាងក៏បានធ្វើឲ្យគេចាប់អារម្មណ៍ ពីរូបរាងរបស់នាងទៀតហើយ ហើយនាងក៏បានបង្ហាញទៅកាន់អ្នកគ្រប់គ្នាថា របបអាហារ និងការហាត់ប្រាណជាកត្តាចំបង ដែលធ្វើឲ្យរាងរបស់នាងកាន់តែស្អាត។

After School Uee

តារាចម្រៀងរូបនេះ ត្រូវធ្លាប់បានគេរិះគន់ខ្លាំងៗ អំពីទម្ងន់របស់នាង ប៉ុន្តែនាងមិនបានអាក់អន់ចិត្តអ្វីនោះទេ តែវាបានជម្រុញឲ្យនាងព្យាយាមថែរក្សារាង។ យ៉ាងណាមិញ ចុងក្រោយនាងបានវិលត្រលប់មកវិញជាមួយរូបរាង ដែលធ្វើឲ្យគ្រប់គ្នាច្រណែនតែម្ដង។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]