ភ្នំពេញ៖ កាលពីលើកមុន ខ្មែរឡូតបានលើកយកនូវ សម្រស់ដ៏ផូរផង់ស្រស់សោភា របស់ អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្សសូរិយា ដែលទ្រង់គឺជាបុត្រីរបស់ សម្តេច ព្រះមហិស្សរា នរោត្តម ចក្រពង្ស និងត្រូវជាព្រះភាគិនេយ្យា (ក្មួយស្រី)នៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រមទាំងត្រូវជាព្រះរាជនត្តា (ចៅស្រី) របស់ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋផងដែរ។

ដោយឡែក ថ្ងៃនេះផងដែរ ខ្មែរឡូតក៏សូមចែករំលែកពីសាច់សាលោហិតនៃខ្សែរាជវង្ស របស់ប្រទេសយើងមួយអង្គទៀត នោះគឺ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រស្មីពនិតា

នេះបើយោងតាមគេហទំព័រហ្វេសប៊ុកដែលមានឈ្មោះថា Royal du Cambodge បានឲ្យដឹងថា ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រស្មីពនិតា ទ្រង់គឺជាបុត្រីរបស់ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងត្រូវជាព្រះរាជនត្តា (ចៅស្រី) របស់ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខែ្មរផងដែរ៕

ដូចនេះ បើចង់ដឹងថាទ្រង់មានសម្រស់ស្រស់សោភាប៉ុណ្ណា ទស្សនារូបភាពទាំងអស់គ្នា៖ 

សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និង អង្គម្ចាស់ក្សត្រីយ៍ នរោត្តម រស្មីពនិតា
អង្គម្ចាស់ក្សត្រីយ៍ នរោត្តម រស្មីពនិតា និង ព្រះមាតា នរោត្តម អរុណរស្មី
សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងមួយទៀត កាលពីថ្ងៃសៅរ៍ផងដែរ តារាសម្ដែងហូលីវូដ និងជាអ្នកដឹកនាំរឿ​ងលោកស្រី អេនជែលលីណា ចូលី (Angelina Jolie) បានបើកសម្ពោធជាលើកដំបូងនូវខ្សែភាពយន្ដ ស្ដីពី របបខ្មែរក្រហម​នៅឯប្រាសាទអង្គរវត្តក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ។

ថ្លែងសុន្ទរកថាដ៏ខ្លីមួយ Angelina Jolie បានបញ្ជាក់ថា ខ្សែភាពយន្ដមានចំណងជើងថា «ដំបូងពួកខ្មែរក្រហមសម្លាប់ឪពុករបស់ខ្ញុំ» មិនមែនផ្ដោតសំខាន់ទៅ លើភាពភ័យខ្លាចនៃសង្រ្គាមនោះទេ ក៏ប៉ុន្តែ​គឺដើម្បីបង្ហាញពីភាពអត់ធ្មត់ សម្បុរសធម៌ និងទេពកោសល្យរបស់ប្រជាជនខ្មែរ។ លោកស្រី Jolie បន្ថែមថា «ខ្ញុំមិនអាចរកពាក្យមកពន្យល់ថា វាមានន័យអ្វីសម្រាប់ខ្ញុំឡើយ ដូចជាការជឿជាក់ ការរៀបរាប់ពីប្រវត្តិ ក៏ដូចជាប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជា។ កម្ពុជាបាន ផ្លាស់ប្ដូរជីវិតខ្ញុំ ហើយបើគ្មានកម្ពុជា ខ្ញុំក៏មិនអាចក្លាយជាម្ដាយម្នាក់ដែរ»។ នេះបើតាមសម្ដីតារាដ៏ល្បីរបស់ហូលីវូត Jolie ចង់បញ្ជាក់ពីកូនប្រុសចិញ្ចឹមឈ្មោះ Maddox​ មានអាយុ១៥ឆ្នាំ ដែលបានបង្ហាញខ្លួននៅលើវេទិកាជាមួយនាង។

នៅមុនកម្មវិធីចាក់បញ្ចំាង Angelina Jolie បាននិយាយថា ខែ្សភាពយន្ដ «ដំបូងពួកខ្មែរក្រហមសម្លាប់ឪពុករបស់ខ្ញុំ» ដែលនាងជាអ្នកដឹកនាំរឿងដោយផ្ទាល់ នឹងជួយឱ្យពិភពលោកស្វែងយល់ពីអី្វដែលបានកើតឡើងនៅកម្ពុជា ក្រោមរបបខ្មែរក្រហម។ បន្ថែមពីលើនេះនៅអំឡុងធ្វើសន្និសិទសារព័ត៌មាន នៅក្នុងខេត្តសៀមរាប តារាសម្ដែងស្រីហូលីវូតរូបនេះ ក៏បានអះអាងដែរថា នាងពិតជាមានមោទនភាពណាស់ចំពោះខ្សែភាពយន្ដនេះ ហើយវាជារឿងដ៏អស្ចារ្យបំផុត។

នៅពេលអ្នកសារព័ត៌មានសួរថា តើនាងមានគំរោងដឹកនាំខ្សែភាពយន្ដផ្សេងទៀត នៅក្នុងប្រទេសកម្ពុជាដែរឬទេ? លោកស្រី Angelina Jolie ឆ្លើយថា នាងកំពុងគិតគូរឿងនេះ ជាមួយដៃគូកម្ពុជារបស់ខ្លួនគឺលោក ប៉ាន់ រិទ្ធី (Rithy Panh)។​ ខ្សែភាពយន្ដ «ដំបូងពួកខ្មែរក្រហមសម្លាប់ឪពុករបស់ខ្ញុំ» ត្រូវបានផលិតឡើង ដោយមានការចូលរួមពីសំណាក់ក្រុមអ្នកបច្ចេកទេស សិល្បៈករកម្ពុជា ក៏ដូចជាតួអង្គជាប្រជាជនធម្មតារួមជាក្រុមការងារដ៏ធំមួយ ដល់ទៅជាង៣៥០០នាក់។ លោកស្រី Angelina Jolie បានលើកឡើងថា កម្ពុជាគឺជាប្រទេសកំណើតទី២របស់នាង។

ខ្សែភាពយន្ដ «ដំបូងពួកខ្មែរក្រហមសម្លាប់ឪពុករបស់ខ្ញុំ» បានចាប់ផ្ដើមថតនៅក្នុងប្រទេសកម្ពុជា នៅចន្លោះពីខែវិចិ្ឆកា ឆ្នាំ២០១៥ ដល់ខែកុម្ភៈ ឆ្នាំ២០១៦ ​ហើយត្រូវបានថតទំាងស្រុងជាភាសាខ្មែរ ដោយមានការចូលរួមសម្ដែង ពីសិល្បៈករ ខ្មែរជាច្រើននាក់។ ដោយឡែករដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿ សកុណា ក៏បានថ្លែងសុន្ទរកថាសម្ពោធរឿងនោះដែរ ដោយលោកស្រីបានពិព៌ណនាថា ខ្សែភាពយន្ដនេះគឺជាផ្នែកមួយនៃប្រវត្តិសាស្ត្រកម្ពុជា។ «បើទោះវាជាអតីតកាលដ៏ឈឺចាប់ ប៉ុន្តែវាក៏ជាមេរៀនមួយផងដែរ សម្រាប់យើងទាំងអស់គ្នាត្រូវរៀនសូត្រ ដើម្បីការពារសន្តិសុខ និងស្ថេរភាព មិនអាចកាត់ ថ្លៃបាននៃប្រទេសកម្ពុជា ដែលបានចាប់ផ្ដើមពីបាតដៃទទេ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ»។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]