ប៉ាគីស្ថាន៖ ទីភ្នាក់ងារសារព័ត៌មានមីរ័រ បានចុះផ្សាយកាលថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០១៧ថា បុរសមហាកម្លាំងជនជាតិប៉ាគីស្ថានម្នាក់ ត្រូវបានគេស្គាល់ថា ជាមនុស្សដែលតែងតែចូលចិត្តបង្កើត នូវរឿងរ៉ាវដ៏គ្រោះថ្នាក់ បង្ហាញពីសមត្ថភាពទេពកោសល្យដែលគាត់មាន ដើម្បីចង់ក្លាយខ្លួនជាម្ចាស់ កំណត់ត្រាពិភពលោក។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសកូន៤ លោក Ghulam Farooq មានវ័យ៣២ឆ្នាំ រស់នៅក្នុងប្រទេសប៉ាគីស្ថាន ត្រូវបានគេដាក់រហស្សនាមឲ្យថា «បុរសថ្គាមដែក» បន្ទាប់ពីរូបគាត់បានប្រើប្រាស់ ធ្មេញតាន់របស់ខ្លួន ខាំពត់ដែកដ៏រឹងឲ្យទន់បាន។ លើសពីនេះនៅមានសមត្ថភាពពិសេសៗ ជាច្រើនផ្សេងទៀតដែលរូបគាត់អាចធ្វើបានដូចជា ប្រើត្របកភ្នែកដើម្បីលើកដុំឥដ្ឋ ដែលមានទម្ងន់ធ្ងន់ៗជាដើម។ ដោយសកម្មភាពទាំងអស់នោះ ហាក់បីដូចជាគ្មានបញ្ហាចោទណាមួយ សម្រាប់គាត់សូម្បីតែបន្តិច។

ជាក់ស្តែង តាមរយៈវីដេអូឃ្លីប គេឃើញមានមនុស្សម្នាជាច្រើន បាននាំគ្នាចោមរោមមើលទាំងស្រឡាំងកាំង និងភ័យតក់ស្លុត នូវសមត្ថភាពដ៏មានជំនាញរបស់លោក Ghulam បានបង្ហាញស្នៀតរបស់គាត់ជាច្រើនក្បាច់ ដោយប្រើដែកខ្ទាស់នឹងត្របកភ្នែក ហើយឈរលើដែកគោលដ៏មុតស្រួច ដើម្បីលើកដុំឥដ្ឋស្ថិតក្នុងរូបភាព ដ៏គួរឲ្យស្រៀវជាទីបំផុត។

សកម្មភាពផ្សេងទៀត នៅក្នុងវីដេអូឃ្លីប គេឃើញទៀតដែរថា លោក Ghulam ក៏បានយកបន្លាដែកលួស មករុំជុំវិញខ្លួនរបស់គាត់ ដែលអាចងាយនឹងរងគ្រោះថ្នាក់ជាទីបំផុត និងថែមទាំងប្រើធ្មេញដ៏រឹងមាំ ខាំពត់ដែកឲ្យទន់ថែមទៀតផង។ ប៉ុន្តែជាលទ្ធផល លោក Ghulam នៅតែសម្រេច អាចធ្វើវាបានដោយជោគជ័យផងដែរ។

លោក Ghulam និយាយថា «ខ្ញុំស្រលាញ់និងចូលចិត្ត បង្កើតអ្វីដែលគ្រោះថ្នាក់ ព្រោះថានេះគឺជារឿងតែមួយគត់ ដែលខ្ញុំមានជំនាញលើវាស្រាប់ ហើយក៏ជាមូលហេតុមួយ ដែលខ្ញុំញៀននឹងធ្វើវាផងដែរ។ វាគឺពិតជាអស្ចារ្យណាស់សម្រាប់ខ្ញុំ!»

គួរឲ្យដឹងដែរថា លោក Ghulam បានចាប់ផ្តើមហាត់រៀន នូវជំនាញពិសេសៗទាំងអស់នោះ អស់រយៈពេលជាងមួយទសវត្សរ៍ (១០ឆ្នាំ) ទៅហើយ ក្រោយពីលោក បានទស្សនាកម្មវិធីបង្ហាញសមត្ថភាពប្លែកៗមួយ នៅលើកញ្ចក់ទូរទស្សន៍។

លោក Ghulam បានឲ្យដឹងទៀតថា «ខ្ញុំអាចធ្វើរឿងដ៏គ្រោះថ្នាក់នេះ បានច្រើននិងល្អជាងអ្នកបង្ហាញសមត្ថភាព ក្នុងកម្មវិធីទូរទស្សន៍នោះទៅទៀត ដោយគ្រាន់តែមើលក្បាច់សម្តែងរបស់ពួកគេ រួចយកមកហាត់រៀនបានដោយខ្លួនឯង។ មានតែខ្ញុំប៉ុណ្ណោះ ដែលមានសមត្ថភាពខ្លាំងបែបនេះ នៅក្នុងប្រទេសប៉ាគីស្ថាននេះ ព្រោះថាគ្មានរណាម្នាក់ ហ៊ានប្រថុយនឹងគ្រោះថ្នាក់ដល់ស្លាប់ ដូចខ្ញុំបាននោះឡើយ។ បច្ចុប្បន្នខ្ញុំមានគោលបំណងមួយ ដោយព្យាយាមហាត់រៀន ធ្វើយ៉ាងណា ទាញយន្តហោះចំនួន២គ្រឿង ដោយប្រើធ្មេញថ្គាមរបស់ខ្ញុំឲ្យទាល់តែបាន។ ព្រោះថា ខ្ញុំពិតជាចង់បំបែកនូវកំណត់ត្រាពិភពលោក «Guinness Book of World Records» ខ្លាំងណាស់»

លោក Ghulam បានបន្ថែមចុងក្រោយថា «ទាំងអស់នេះគឺជាក្តីសុបិនរបស់ខ្ញុំ! វាមិនមែនជារឿងងាយស្រួលឡើយ ក្នុងការហាត់រៀនវា ប៉ុន្តែខ្ញុំនៅតែអាចខិតខំប្រឹងប្រែងធ្វើវាបានយ៉ាងប្រសើរ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា នឹងសម្រេចបាននូវគោលដៅរបស់ខ្ញុំ ក្នុងពេលឆាប់ៗនេះផងដែរ»

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖      

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]