(ជប៉ុន)៖ កីឡាករឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា បានបង្ហាញសមត្ថភាពជាមួយមិត្តរួមក្រុមថ្មីនៃក្លឹប Fujieda MYFC ហើយ នៅ​ក្នុងជំនួបមិត្តភាព ក្រៅផ្លូវការមួយ កាលពីល្ងាចមិញដោយជួបក្រុមលំដាប់លីគទី៣ របស់ជប៉ុនដូចគ្នា គឺក្លឹប Y.S.C.C YOKOHAMA។ មិនតែប៉ុណ្ណោះតារាបាល់ទាត់ ជំនាញជើងឆ្វេងរូបនេះ ថែមទាំងទទួលបានការកោតសរសើរ​ពីគ្រូបង្វឹកទៀត​ផង។ នេះបើតាមការបញ្ជាក់លើទំព័រ Facebook ជាភាសាខ្មែររបស់ក្លឹប Fujieda នារាត្រីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ។

នេះគឺជាការប្រកួតដំបូងរបស់កីឡាករ ចាន់ វឌ្ឍនាកា បន្ទាប់ពីរូបគេបានធ្វើដំណើរទៅដល់ប្រទេសជប៉ុន កាលពីថ្ងៃច័ន្ទដើម​សប្ដាហ៍កន្លង​ទៅ និងបានចូលហ្វឹកហាត់ជាផ្លូវការជាមួយក្លឹប Fujieda MYFC កាលពីថ្ងៃទី១៥ ខែកុម្ភៈថ្មីៗនេះ ដែលជាការ​ចូល​រួម​ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល។ ប៉ុន្ដែក្រោយការហ្វឹកហាត់បានរយៈពេល ២ថ្ងៃ និងបង្ហាញសមត្ថភាព​ក្នុងការប្រកួត​ខាង​លើ វឌ្ឍនាកា មិនបានជួយក្រុមថ្មីរបស់ខ្លួនឲ្យទទួលលទ្ធផលល្អនោះទេ គឺចាញ់ក្រុម Y.S.C.C YOKOHAMA ដោយ​លទ្ធផល ៤-១ ។

ប៉ុន្ដែទោះជាបែបនេះក្ដីលោក Atsushi Oishi គ្រូបង្វឹកក្រុម Fujieda MYFC នៅតែមើលឃើញពីចំណុចល្អរបស់ ចាន់ វឌ្ឍនាកា និងបានកោតសរសើរ កូនប្រុសទី២របស់អភិបាលខេត្តកំពតរូបនេះ គឺជាកីឡាករល្អ និងចាត់ទុកជាផ្នែកមួយដ៏សំខាន់ ដើម្បីរួម​ចំណែក​ប្រកួតប្រជែងលីគលំដាប់ទី៣ របស់ជប៉ុននាពេលឆាប់ៗខាងមុខ។ ក្រោយបញ្ចប់ការប្រកួត​មិត្តភាពក្រៅផ្លូវការ​ខាង​លើលោក Atsushi Oishi បាននិយាយយ៉ាងខ្លីថា «ចាន់ វឌ្ឍនាកា លេងជាខ្សែប្រយុទ្ធក៏ល្អ ហើយការដណ្ដើម​បាល់ពីដៃ​គូក៏ល្អ»។

យ៉ាងណាមិញលោកបានទទួលស្គាល់ថា កីឡាករទើបផ្ទេរពីក្លឹបបឹងកេតអង្គរនេះ ទើបទៅដល់ប្រទេសជប៉ុន ដោយមិនទាន់ស៊ាំ​នឹងអាកាសធាតុត្រជាក់នៅទីនោះ ដូច្នេះការហ្វឹកហាត់ និងកម្លាំងរបស់គេមិនទាន់គ្រប់គ្រាន់នោះទេ។ តែអ្វីដែលលោកពេញ​ចិត្តចំពោះទម្រង់លេងរបស់ វឌ្ឍនាកា គឺជំនាញស៊ុតបញ្ចូលទី និងការបង្កបញ្ហាដល់ខ្សែការពារក្នុងតំបន់គ្រោះថ្នាក់ ដែលធ្វើឲ្យ​លោក​ជឿជាក់ថា រដូវកាលថ្មីនេះគេនឹងអាចរកគ្រាប់បាល់បានច្រើន ដើម្បីជួយក្រុម Fujieda MYFC ឆ្ពោះទៅដណ្ដើមកៅអីលីគ​លំដាប់ទី២ របស់ជប៉ុន៕

ប្រភព៖ Fresh News

ព័ត៌មានចាប់អារម្មណ៍ក្នុងថ្ងៃទី ១៨ កុម្ភៈនេះ៖

បើកបរសូមប្រុងប្រយ័ត្នជានិច្ច! មន្ត្រីយោធាម្នាក់បើករថយន្ត Lexus 470 បុករនាំងថ្មចែកទ្រូងផ្លូវ របួសធ្ងន់បាក់ដៃ

បុរសម្នាក់ដែលគេស្គាល់ថា មន្ត្រីយោធាម្នាក់ បានរងរបួសបាក់ដៃ ខណៈបើករថយន្ត Lexus470 ពាក់ស្លាកលេខភ្នំពេញ 2I-9990 ទៅបុកទ្រូងផ្លូវបាក់ជាច្រើនកង់ នៅតាមផ្លូវគឹមអ៉ីលស៊ុង ជិតវិទ្យាស្ថានសុខភាពសាធារណៈ នាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាខាងលើនោះ គេបានឃើញរថយន្ត Lexus ដែលបើកដោយនាយទាហានម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅបុកជាមួយទ្រូងផ្លូវ យ៉ាងពេញទំហឹងដែលបណ្តាលឱ្យ នាយទាហានរូបនោះរបួសបាក់ដៃ ទ្រូងផ្លូវបាក់ជាច្រើនកង់។ ចំណែករថយន្តខូចខាតផ្នែកខាង មុខស្ទើរទាំងស្រុង។

បន្ទាប់មកនាយទាហានរូបនោះ ត្រូវបានកូនចៅ ចុះមកជួយដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។ ចំណែករថយន្ត ត្រូវបាននគរបាលចរាចរណ៍ ស្ទួចយកទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចាន់ វឌ្ឍនាកា