ជប៉ុន៖ កន្លងផុតទៅជិតមួយសប្តាហ៍ហើយ ដែលខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា បានចាកចេញពីប្រទេសកម្ពុជា ផ្លាស់ប្តូរទ្រនំទៅក្លិបថ្មី Fjieda MYFC នៅប្រទេសជប៉ុន។

មកដល់ប្រទសជប៉ុន វឌ្ឍនាកា ក៏បានចាប់ផ្តើមធ្វើការហ្វឹកហាត់ថ្ងៃដំបូងជាមួយក្លិបថ្មីផងដែរ កាលពីថ្ងៃទី១៥ ខែកុម្ភៈកន្លងទៅ ដើម្បីត្រៀមប្រកួតនៅពេលរដូវកាលថ្មីខាងមុខមកដល់។  

បើទោះជាយ៉ាងណាក៏ដោយ ការរស់នៅលើទឹកដីថ្មី ក្នុងប្រទេសជប៉ុន ត្រូវបានលេច|ឭដំណឹងមកថា វឌ្ឍនាកា មិនទាន់ស៊ាំនៅឡើយទេ ដោយសារតែអាកាសធាតុនៅទីនោះត្រជាក់ពេក ពេលខ្លះមានអាការៈឈឺក្បាល និងឈឺសាច់ដុំទៀតផង។

ចំពោះគ្រូបង្វឹករបស់ Fujieda MYFC ក៏បានលើកឡើងដែរថា « រាងកាយ វឌ្ឍនាកា មិនទាន់ស៊ាំនឹងភាពត្រជាក់ ទើបចាប់ផ្តើមបង្ហាត់ម្តងមួយៗដោយមិនបង្ខំ» ។

បន្ថែមពីនេះទៀត លោកបានអោយដំបូន្មានថា វឌ្ឍនាកា ត្រូវតែញ៉ាំ និងដេកឱ្យបានច្រើន។ ហើយដើម្បីស៊ាំនឹងអាកាសធាតុ វឌ្ឍនាកា ត្រូវការពេលវេលា ៣ទៅ ៤ថ្ងៃ ទើបរាងកាយវិលរកសភាពដើមឡើងវិញ។ 

ប៉ុន្តែមិនថ្វីនៅក្លិបថ្មី Fujieda MYFC ចាន់ វឌ្ឍនាកា ក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីមិត្តរួមក្រុម និងគ្រូបង្វឹកផងដែរ ដោយជាក់ស្តែងកាលពីម្សិលមិញនេះ រូបគេ និងមិត្តរួមក្រុមនៅជប៉ុន ថែមទាំងចេញនូវវីដេអូឃ្លីបមួយទៀតផង។

នៅក្នុងវីដេអូបានបង្ហាញថា វឌ្ឍនាកា បានបង្រៀនមិត្តរួមក្រុមជប៉ុន២នាក់ឲ្យនិយាយជាភាសាខ្មែរ ក្នុងនោះគឺកីឡាករ Otake Ryuto និងកីឡាករ Miyoshi Hirochika ។ លើសពីនេះទៀត អតីតខ្សែប្រយុទ្ធរបស់ក្លិបបឹងកេតអង្គរ ក៏បាននិយាយបញ្ជាក់ក្នុងវីដេអូផងដែរថា «នៅទីនេះសប្បាយរីករាយ ដោយពួកគាត់មានភាពរួសរាយរាក់ទាក់ និងចេះជួយគ្នាទៅវិញទៅមក» ។ នេះបើយោងតាមទំព័រហ្វេសប៊ុក Fujieda MYFC KHMER បានបង្ហោះកាលពីម្សិលមិញ៕ 

ដោយឡែករំលឹកព័ត៌មានកីឡាមួយផ្សេងទៀត៖ Floyd ច្រានចោលព័ត៌មានថា​ គ្មានការប្រកួតរវាងខ្លួន និង Conor McGregor កើតឡើងនោះទេ

អាមេរិក៖ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានសារព័ត៌មានជាច្រើនបានចុះផ្សាយថា ការប្រកួតរបស់អ្នកប្រដាល់ Floyd Maywheather និងអ្នកប្រដាល់ក្នុងទ្រុងដែក Conor McGregor បានឈានដល់កិច្ចព្រមព្រៀងប្រកួតហើយ បើយោងតាមការផ្តល់របាយការណ៍ពីសាមីខ្លួន យ៉ាងណាមិញ ស្រាប់តែ Floyd អ្នកប្រដាល់មិនដែលចាញ់ បានចេញមុខអះអាងថា រឿងនេះមិនមែនជារឿងពិតនោះទេ ពោលគឺគា្មនកិច្ចព្រមព្រមគ្នាណាមួយកើតឡើងឡើយ អ្វីៗសុទ្ធតែជាការប្រឌិតរបស់អ្នកកាសែតទាំងអស់។

បើយោងតាមការអះអាងបន្ថែមនៅក្នុងបណ្តាញសង្គមរូបភាព Instagram កំពូលអ្នកប្រដាល់ Floyd បាននិយាយថា «ទោះបីជាមានព័ត៌មានចចាមអារ៉ាមជាច្រើន និយាយអំពីការប្រកួតបន្ទាប់របស់ខ្ញុំក៏ដោយ ខ្ញុំចង់បញ្ជាក់ថា ខ្ញុំនៅតែបន្តកំណត់ត្រារបស់ខ្ញុំ ហើយគ្មានកិច្ចព្រមព្រៀងយល់ព្រមលើការប្រកួតណាមួយ ចេញពីខ្ញុំផ្ទាល់នោះដែរ» ។

Floyd បានបន្ថែមទៀតថា «ខ្ញុំពេញចិត្តនឹងជីវិតចូលនិវត្តន៍នេះ។ ប៉ុន្តែបើសិនជាមានការប្រែប្រួលណាមួយ ខ្ញុំនឹងឲ្យប្រាប់ពិភពលោកបានដឹងដោយផ្ទាល់» ។

គួរបញ្ជាក់ថា អ្នកទាំង២ មានជម្លោះពាក្យសម្តីជាមួយគ្នានៅលើបណ្តាញសង្គមអស់រយៈពេលជាច្រើនខែមកហើយ។ ចំនែកឯកំពូលអ្នកប្រយុទ្ធក្នុងទ្រុង UFC កីឡាករ Conor McGregor វិញ តែងតែណាត់ Floyd ឡើងប្រកួត ដើម្បីចង់បង្ហាញភាពខ្លាំងរបស់ខ្លួន ថែមទាំងហ៊ានចំនាយលុយដ៏សន្ធឹកទៅលើការប្រកួតទៀតផង ប៉ុន្តែ Floyd បានបដិសេធ ដោយតែងតែលើកយកលេសចូលនិវត្តន៍មកនិយាយ ហើយច្រើនតែតបទៅ McGregor វិញជាមួយប្រធានបទផ្សេង ដូចជាទាក់ទងនឹងរឿងចំនូលជាដើម៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]