អាមេរិក៖ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានសារព័ត៌មានជាច្រើនបានចុះផ្សាយថា ការប្រកួតរបស់អ្នកប្រដាល់ Floyd Maywheather និងអ្នកប្រដាល់ក្នុងទ្រុងដែក Conor McGregor បានឈានដល់កិច្ចព្រមព្រៀងប្រកួតហើយ បើយោងតាមការផ្តល់របាយការណ៍ពីសាមីខ្លួន យ៉ាងណាមិញ ស្រាប់តែ Floyd អ្នកប្រដាល់មិនដែលចាញ់ បានចេញមុខអះអាងថា រឿងនេះមិនមែនជារឿងពិតនោះទេ ពោលគឺគា្មនកិច្ចព្រមព្រមគ្នាណាមួយកើតឡើងឡើយ អ្វីៗសុទ្ធតែជាការប្រឌិតរបស់អ្នកកាសែតទាំងអស់។

បើយោងតាមការអះអាងបន្ថែមនៅក្នុងបណ្តាញសង្គមរូបភាព Instagram កំពូលអ្នកប្រដាល់ Floyd បាននិយាយថា «ទោះបីជាមានព័ត៌មានចចាមអារ៉ាមជាច្រើន និយាយអំពីការប្រកួតបន្ទាប់របស់ខ្ញុំក៏ដោយ ខ្ញុំចង់បញ្ជាក់ថា ខ្ញុំនៅតែបន្តកំណត់ត្រារបស់ខ្ញុំ ហើយគ្មានកិច្ចព្រមព្រៀងយល់ព្រមលើការប្រកួតណាមួយ ចេញពីខ្ញុំផ្ទាល់នោះដែរ»

Floyd បានបន្ថែមទៀតថា «ខ្ញុំពេញចិត្តនឹងជីវិតចូលនិវត្តន៍នេះ។ ប៉ុន្តែបើសិនជាមានការប្រែប្រួលណាមួយ ខ្ញុំនឹងឲ្យប្រាប់ពិភពលោកបានដឹងដោយផ្ទាល់»

គួរបញ្ជាក់ថា អ្នកទាំង២ មានជម្លោះពាក្យសម្តីជាមួយគ្នានៅលើបណ្តាញសង្គមអស់រយៈពេលជាច្រើនខែមកហើយ។ ចំនែកឯកំពូលអ្នកប្រយុទ្ធក្នុងទ្រុង UFC កីឡាករ Conor McGregor វិញ តែងតែណាត់ Floyd ឡើងប្រកួត ដើម្បីចង់បង្ហាញភាពខ្លាំងរបស់ខ្លួន ថែមទាំងហ៊ានចំនាយលុយដ៏សន្ធឹកទៅលើការប្រកួតទៀតផង ប៉ុន្តែ Floyd បានបដិសេធ ដោយតែងតែលើកយកលេសចូលនិវត្តន៍មកនិយាយ ហើយច្រើនតែតបទៅ McGregor វិញជាមួយប្រធានបទផ្សេង ដូចជាទាក់ទងនឹងរឿងចំនូលជាដើម៕ 

ប្រភព៖ Dailymail

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ អាណិតដែរ! ឈ្នះលើកមុន រងការរិះគន់ថាជាព្រាននារី ឈ្នះលើកក្រោយទៀតស្រាប់តែ ស្បថលែងហ៊ានតែម្តង

កូរ៉េខាងត្បូង៖ បន្ទាប់ពីទទួលរងការរិះគន់ និងចោទប្រកាន់ពីបទបៀតបៀនរាងកាយទៅលើនារីម៉ូដែលលើសង្វៀនម្នាក់ពេលថតរូបទទួលជ័យជំនះពីការប្រកួតកាលពីលើកមុនរួចមក ឥឡូវនេះកំពូលអ្នកប្រយុទ្ធក្នុងទ្រុង MMA កីឡាករ Park Dae Sung សុខចិត្តដើរចេញ ដោយបដិសេធមិនព្រមថតរូបជាមួយតែម្តង។

គួរបញ្ជាក់ថាកាលពីថ្ងៃទី១១ ខែកុម្ភៈកន្លងទៅ ក្នុងព្រឹត្តការណ៍ប្រកួត «Road FC 036 $1M Tournament» កីឡាករ MMA ឬអ្នកប្រយុទ្ធក្នុងទ្រុង Park Dae Sung បានទទួលជ័យជំនះនៅក្នុងការប្រកួត ប៉ុន្តែនៅពេលដែលកម្មវិធីរៀបចំឲ្យអ្នកឈ្នះ ថតរូបអនុស្សាវរីយ៍ជាមួយនារីម៉ូដែលលើសង្វៀនម្នាក់ រូបគេស្រាប់តែបដិសេធដាច់ខាត ដើរចេញមិនថតតែម្តង ដល់ថ្នាក់ស្រែកមិនឲ្យចូលមកជិតទៀត («កុំចូលមកជិតខ្ញុំ!»)។

ប៉ុន្តែយ៉ាងណាក៏ដោយ បន្ទាប់ពីមានការសម្របសម្រួលពីអ្នករៀបចំកម្មវិធី ទើបចុងក្រោយ Park Dae Sung សម្រេចចិត្តយល់ព្រមថតវិញ ប៉ុន្តែទាំងទឹកមុខស្រគត់ស្រគំ ឱនមុខចុះ។

មូលហេតុដែលនាំឲ្យកីឡាករ MMA រូបនេះធ្វើដូច្នេះ ដោយសារតែកាលពីប្រកួតលើកមុន អំឡុងខែធ្នូ ឆ្នាំ២០១៦ Park Dae Sung សញ្ជាតិកូរ៉េខាងត្បូង ត្រូវបានគេចោទប្រកាន់ថា បៀតបៀនរាងកាយទៅលើនារីម៉ូដែលលើសង្វៀនម្នាក់ ដោយបានថតរូបយកដៃកៀកស្និទ្ធពេក ធ្វើឲ្យគេទទួលបានការរិះគន់យ៉ាងខ្លាំងពីមហាជន និងអ្នកនិយមលេងអ៊ីនធឺណែត។

ចំពោះបញ្ហានេះដែរ មានមហាជនជាច្រើនបាននាំគ្នាបញ្ចេញមតិរបស់ខ្លួនថា «បើជាខ្ញុំ ក៏មិនទៅក្បែរនាងដែរ។ ព្រោះគាត់ធ្លាប់បានគេចោទប្រកាន់ដោយគ្រាន់តែយកដៃប៉ះចង្កេះ ហើយត្រូវបានគេហៅថាជាព្រានទៀត» ។ ខ្លះទៀតនិយាយថា «ពិតជាមានអារម្មណ៍សោកស្តាយណាស់ដែលពេលនេះ គាត់ខ្លាចនារីៗ ដោយសារទង្វើរបស់គាត់លើកមុន» ។ ចំនែកឯមហាជនម្នាក់ទៀតនិយាយថា «វាពិតជាគួរឲ្យអស់សំណើចណាស់ ដោយគ្រាន់តែប៉ះចង្កេះសោះ ចោទប្រកាន់គាត់ថាបៀតបៀនរាងកាយ ចុះនៅពេលដែលនារីៗប៉ះចង្កេះបុរសវិញនោះ យ៉ាងម៉េចវិញ?» ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]