ខេត្តត្បូងឃ្មុំ ៖ បុរសកម្មករជៀរជ័រកៅស៊ូម្នាក់ បានធ្វើអត្តឃាតដោយបានយកសាំង១ប៊ីដុងចំណុះ៣០លីត្រ មកចាក់ស្រោចលើខ្លួនប្រាណ ហើយបានដុតឆេះស្លាប់យ៉ាងអាណោចអាធ័ម ដោយសារតែកើតរោគសរសៃប្រសាទ។ ភ្លាមៗនោះ បានបង្កឱ្យមានការភ្ញាក់ផ្អើល ដល់អ្នកជិតខាង ហើយបាននាំគ្នាដងទឹកមកជះពន្លត់ផងដែរ ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៥និង៣០នាទីព្រឹក ទៀបភ្លឺឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។
លោកវរសេនីយ៍ត្រី ឡុង សារិន អធិការនគរបាលស្រុកត្បូងឃ្មុំ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជួន ម៉ុន អាយុ៣៨ឆ្នាំ រស់នៅភូមិ៨៧ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ មានប្រពន្ធឈ្មោះ ផៃ គមស៊ា អាយុ៣៨ឆ្នាំ និងមានកូនចំនួន៤នាក់ ក្នុងនោះមានស្រី២នាក់ ប៉ុន្តែមានតែកូនតូចអាយុ ៣ឆ្នាំម្នាក់ប៉ុណ្ណោះ ដែលរស់នៅជាមួយជនរងគ្រោះ និងប្រពន្ធ ចំណែកឯកូន ៣នាក់ទៀត រស់នៅកន្លែងឆ្ងាយ ហើយខ្លះក៏មានគ្រួសារអស់ហើយដែរ។
លោកវរសេនីយ៍ត្រី បានបន្តថា នៅពេលមុនកើតហេតុ ស្ត្រីជាប្រពន្ធឈ្មោះ ផៃ គឹមស៊ា បានក្រោកទៅសារជ័រ នៅវេលាយប់ទៀបភ្លឺ ជាមួយនឹងកូនតូច ចំណែកឯប្តីបានដេកនៅផ្ទះតែម្នាក់ឯង។ រហូតមកដល់វេលាម៉ោងខាងលើនោះ ស្រាប់តែគេប្រទះឃើញអណ្តាតភ្លើងឆាបឆេះឡើងក្រហមច្រាល ក្នុងផ្ទះតៀមសាងសង់ អំពីបេតុងសម្រាប់ឲ្យកម្មករស្នាក់នៅនោះ ។
លោកវរសេនីយ៍ត្រី ឡុង សារិន បានប្រាប់បន្តទៀតថា ប្រជាពលរដ្ឋជាច្រើននាក់បាននាំគ្នាបើកទ្វារផ្ទះ ដើម្បីចេញមកជួយពន្លត់ភ្លើង តែទ្វារផ្ទះខាងមុខបានខ្ទាស់ជាប់មិនអាចចូលបាននោះទេ មានតែនាំគ្នាទៅទន្លាយទ្វារ ខាងក្រោយវិញ ហើយបានដងទឹកពាងមកជះពន្លត់ ដោយប្រើពេលជិតកន្លះម៉ោង ទើបភ្លើងរលត់ ប៉ុន្តែជាអកុសលបុរសរងគ្រោះបានស្លាប់បាត់ ទៅហើយក្នុងអណ្តាតភ្លើង ចំណែកសពឡើងរួញក្រញង់តែម្តង។
ក្រោយពីប៉ុស្តិ៍រដ្ឋបាលឃុំថ្មពេជ្រ បានរាយការណ៍មកលោក អធិការនគរបាលស្រុកនោះ ក៏បានចាត់ឲ្យរូបលោកដឹកនាំកម្លាំងចុះ ទៅកាន់កន្លែងកើតហេតុជាបន្ទាន់ ហើយបានពិនិត្យសពឃើញថា បុរសនេះ ពិតបានស្លាប់ដោយធ្វើអត្តឃាតចាក់សាំងដុតសម្លាប់ខ្លួនមែន ។ បន្ទាប់មកបានប្រគល់សពឲ្យទៅប្រពន្ធ ដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណី ។
លោកវរសនីយ៍ត្រី ឡុង សារិន បានរំលឹកទៀតថា កាលពី៣ឆ្នាំមុន បុរសរងគ្រោះខាងលើនេះ ធ្លាប់ជួបនឹងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដោយបានប៉ះទង្គិចត្រូវក្បាល ក្រោយមកក៏ចេះតែធ្វើទុក្ខក្បាល រហូតកើតរោគសរសៃប្រសាទ ហើយត្រូវបានប្រពន្ធនាំមកព្យាបាលនៅមន្ទីរពេទ្យ ខេត្តកំពង់ចាម ពេលបានជាស្រួលប្រួលក៏នាំត្រឡប់មកផ្ទះវិញ ។
ប៉ុន្តែនៅពេលមុនកើតហេតុ ចំនួន៣ថ្ងៃ បុរសរងគ្រោះខាងលើចេះតែរវើរវាយឃើញគេមកដេញចាប់ រហូតមកដល់ព្រឹកទៀបភ្លឺ ឈានចូលថ្ងៃទី១៦ កុម្ភៈ នេះ ក៏បានយកសាំងមកចាក់ដុតខ្លួនឯងធ្វើអត្តឃាតតែម្តង ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]