សង្គម

ចាប់​បាន​ហើយ ! កំពូល​មេចោរ​ស្រី​រៀបចំ​ផែនការ​ប្លន់​អ្នកលក់​មាស

៦ ខែមុន

ខេត្តកំពង់ចាម ៖ កំពូល​មេចោរ​ស្រី​ ដែល​រៀបចំ​ផែនការ​ប្លន់​អាជីវករ​លក់​មាស​-​ប្តូរ​ប្រាក់ សុខ ល​ក្ខិ​ណា នៅ​ខាងលិច​ផ្សារ​ធំ ក្រុង​កំពង់ចាម ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន និង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ចាម​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៧ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ចាប់​បក្សពួក​៤​នាក់​បន្ត​ទៀត ។

លោក​ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា ដោយសារ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការ​នគរបាល​ខេត្ត បាន​ជំរុញ​ឲ្យ​រូប​លោក​ដឹកនាំ​កម្លាំង​ចុះ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​បើក​យុទ្ធ​ការ​ដ៏​ក្តៅ​គគុក​មិន​បន្ធូរ​ដៃ​តាម​ប្រមាញ់​ចោរប្លន់​ប្រដាប់​អាវុធ​ចំនួន​៨​នាក់​ដែល​បាន​ធ្វើ​សកម្មភាព​ប្លន់​អាជីវករ​លក់​មាស​ប្តូរ​ប្រាក់​នៅ​ផ្សារ​ធំ ក្រុង​កំពង់ចាម កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៧ ដែល​បាន​ប្លន់​យក​របស់ទ្រព្យ​អស់​ជា​ច្រើន ហើយ​នាំ​គ្នា​រត់គេច​ខ្លួន​តាម​មធ្យោបាយ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ មួយ​គ្រឿង​ចេញ​ទៅ​ទិស​ខាងលិច ក្នុង​នោះ​មាន​រថយន្ត​ឡិច​ស៊ី​ស​ចំនួន​២​គ្រឿង បិទ​គូទ​មុខក្រោយ​ផង​ដែរ ។

លោកស្នងការ​រង បន្ត​ថា រហូត​មក​ដល់​ថ្ងៃ​ទី​១០ កុម្ភៈ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចាប់​បាន​ចោរប្លន់​៣​នាក់​ក្នុង​ក្រុង​សៀមរាប ក្នុង​នោះ​មាន ១-​ឈ្មោះ សុខ ស៊ីនួន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ នៅ​ភូមិ​នាង​គ​ង្ហី​ង សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​, ២-​ឈ្មោះ ស្រី សំ​អឿ​ន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ នៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ និង ៣-​ឈ្មោះ ពៅ សំ​អឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដោយ​ដកហូត​បាន​រថយន្ត​ឡិច​ស៊ី​ស RX300 ចំនួន​២​គ្រឿង ក្នុង​នោះ ពណ៌​ស​១​គ្រឿង និង​ពណ៌​ខ្មៅ​១​គ្រឿង ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៧ ។

លុះ​ល្ងាច​ថ្ងៃ​ទី​១៤ កុម្ភៈ កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌចាប់​បាន​កំពូល​មេខ្លោង​ស្រី​ម្នាក់​ទៀត​ឈ្មោះ សុខ វណ្ណ​នី ហៅ ភិន អាយុ​៤៧​ឆ្នាំ ក្នុង​ពេល​ដែល​ស្នាក់​នៅផ្ទះ​ជី​ដួន​មួយ​នៅ​សង្កាត់​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៥ កុម្ភៈ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​គ​របាល​ខេត្តកំពង់ចាម​តែ​ម្តង ។

លោក​ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី បញ្ជាក់​ថា មុន​ពេល​សកម្មភាព​ប្លន់​អាជីវករ​លក់​មាស​ឈ្មោះ សុខ ល​ក្ខិ​ណា ភេទ​ស្រី អាយុ​៤៨​ឆ្នាំ នៅ​ខាងលិច​ផ្សារ​ធំ ក្រុង​កំពង់ចាម គឺ​មេខ្លោង​ស្រី​ឈ្មោះ ភិន បាន​រៀបចំ​ផែនការ ដោយ​បាន​នាំ​គ្នា​មក​ដេក​នៅ​ខេត្តកំពង់ចាម​មុន​១​យប់ លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៥ កុម្ភៈ ក៏​បាន​ដឹកនាំ​បក្សពួក​មក​ធ្វើ​សកម្មភាព​ប្លន់​តែ​ម្តង ហើយ​ក៏​បាន​នាំ​គ្នា​គេចខ្លួន​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​យក​របស់ទ្រព្យ​ដែល​ប្លន់​បាន​ពី​ជន​រង​គ្រោះ​ទៅ​បែងចែក​គ្នា ខ្លះ​បាន​៤​ពាន់​ដុល្លារ ខ្លះ​បាន​៧​ពាន់​ដុល្លារ​ផង​ដែរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច មេខ្លោង​ស្រី​រូប​នេះ​បាន​ឆ្លើយ​សារភាព​ថា ចំពោះ​សកម្មភាព​ដែល​បាន​ដឹកនាំ​ធ្វើ​នៅ​ក្នុង​ក្រុង​កំពង់ចាម គឺ​មាន​តែ​១​លើក​នេះ​ទេ ហើយ​ប្តី​របស់​មេខ្លោង​ឈ្មោះ ពៅ សំ​អឿ​ន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បាន​នៅ​ក្រុង​សៀមរាប គឺជា​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស​ពណ៌​ស ដែល​ជា​មធ្យោបាយ​ក្នុង​អំពើ​ប្លន់​ប្រដាប់​អាវុធ​ខាងលើ ៕

ប្រភព : កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload