ថៃ៖ ដូចគ្នាទៅនឹងនារីផ្សេងៗទៀតដែរ នាង Jroonsi Simanta តែងតែមានក្តីសុបិនថា ចង់ស្លៀករ៉ូបអាពាហ៍ពិពាហ៍ពណ៌សដ៏ធំ សម្រាប់ថ្ងៃមង្គលរបស់នាង ប៉ុន្តែក្តីសុបិននេះ ហាក់ពិបាកសម្រេចទៅបានបន្តិច ដោយសារតែនាង ជាមនុស្សពិការភាពធ្ងន់ធ្ងរតាំងពីកំណើត (ស្វិតជើង) គ្មានមនុស្សណាស្រលាញ់។

នាង Jroonsi វ័យ៣៧ឆ្នាំ មកពីខេត្តយ៉ាសូថន (Yasothon) ភាគឦសាន ប្រទេសថៃ បានពិការជើងទាំងគូរបស់នាងតាំងពីកំណើត ដែលធ្វើឲ្យរាងកាយរបស់នាងមិនអាចលូតលាស់បាន ហើយមានន័យថា នាងមិនអាចដើរបានឡើយ។

ប៉ុន្តែបើទោះជានាងមានសភាពពិការយ៉ាងណាក៏ដោយ ក៏មិនមែនមានន័យថា នាងមិនមានអ្នកស្រលាញ់ ហើយព្រមរៀបការជាមួយនាងដែរ ដោយក្តីសុបិនរបស់នាងបានក្លាយជាការពិត បន្ទាប់ពីបុរសម្នាក់ វ័យបងនាងជិត៣០ឆ្នាំ បានរៀបការជាមួយនាង ។ 

នាង Jroonsi ដែលមានឈ្មោះក្រៅ Sayphon មានន័យថា “តំណក់ទឹកភ្លៀង” បានជួបជាមួយលោក Bancha Sabuntham ដែលមានវ័យ៦៤ឆ្នាំ ហើយក៏បានធ្លាក់ក្នុងអន្លង់ស្នេហ៍គ្នាទៅវិញទៅមក។ ពួកគេបានរស់នៅជាមួយគ្នា ក្នុងនាមជាប្តី និងប្រពន្ធ ប៉ុន្តែដោយសារ ការងាររបស់លោក Bancha ត្រឹមជាសន្តិសុខម្នាក់ លោកមិនអាចរកប្រាក់បានគ្រប់គ្រាន់ ដើម្បីរៀបចំពិធីមង្គលការ ឲ្យបានពិតប្រាកដឡើយ។

ក្រោយមកនាង Jroonsi ក៏បានឮដំណឹងរបស់ “ទេពធីតាផាត់មុខ” ដែលមានឈ្មោះពិតថាលោក Ritchaveephat គាត់ជាអ្នកកែសម្ផស្ស និងជាអ្នកផាត់មុខដ៏ជំនាញ ដែលផ្តល់សេវាកម្មរបស់លោក ទៅកាន់ប្រជាជនក្រីក្រ ដោយឥតគិតថ្លៃ។

នាង Jroonsi ក៏បានទំនាក់ទំនងទៅគាត់ និងបាននិយាយថា “ខ្ញុំចង់ក្លាយទៅជាកូនក្រមុំដ៏ស្រស់ស្អាតមួយរូប ប៉ុន្តែខ្ញុំមិនមានប្រាក់នោះទេ”។ ភ្លាមនោះ លោក Ritchaveephat ក៏បានឈានជើងចូលជួយនាងដោយមិនស្ទាក់ស្ទើរ ហើយថែមទាំងបានជួយរកក្រុមហ៊ុនរៀបចំអាពាហ៍ពិពាហ៍ឲ្យនាងថែមទៀតផង។

លោក Ritchaveephat និងក្រុមហ៊ុនអាពាហ៍ពិពាហ៍ Anton Weddings បានផ្តល់សេវាកម្មតុបតែងមុខ ធ្វើសក់ ព្រមទាំងផ្តល់ទីកន្លែង ក៏ដូចជាសម្លៀកបំពាក់ ព្រមទាំងអាល់ប៊ុមរូបថតថែមទៀតផង។ នៅមិនទាន់អស់នោះទេ លោក Ritchaveephat ក៏បានបន្ថែមកាដូជាពិសេសដល់កូនក្រមុំទៀតផង ដោយលោកបានចូលរួមកម្មវិធីអាពាហ៍ពិពាហ៍តាំងពីដើមរហូតដល់ចប់ និងធ្វើជាអ្នកកំដរកូនក្រមុំតែម្តង។

នាង Jroonsi បានថ្លែងថា “មនុស្សជាច្រើនមើលងាយខ្ញុំ ដោយសារតែខ្ញុំមានរូបរាងខុសពីពួកគេ ហើយអ្នកខ្លះទៀតថែមទាំងបានប្រមាថខ្ញុំទៀតថា ខ្ញុំបានត្រឹមតែមើលទៅស្រស់ស្អាត នៅពេលដែលខ្ញុំដេកក្នុងមឈូសប៉ុណ្ណោះ។

ប៉ុន្តែជាចុងក្រោយ នាងបាននិយាយដោយសង្ខេបខ្លី នៅក្នុងថ្ងៃដ៏ពិសេសរបស់នាងថា “សុបិនរបស់ខ្ញុំបានក្លាយជាការពិតហើយ”៕ 

ប្រភព៖ Dailymail

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ព្រោះគ្មានលទ្ធភាព ប្តីប្រពន្ធកេនយ៉ាមួយគូ ចំណាយលុយតែ១ដុល្លារ សម្រាប់ពិធីមង្គលការ តែចុងក្រោយបែរជាបាន...

ដោយសារតែគ្មានលទ្ធភាពក្នុងការចំណាយលើការរៀបចំពិធីរៀបការ ឲ្យបានសមរម្យនឹងគេ គូស្នេហ៍មួយគូក៏បានរៀបការ ធ្វើជាប្តីប្រពន្ធនឹងគ្នា ដោយចំណាយប្រាក់តិចបំផុតអស់ត្រឹមតែ ១ដុល្លាប៉ុណ្ណោះ ប៉ុន្តែកាលពីម្សិលមិញនេះ ពួកគេបានរៀបការជាថ្មីម្តងទៀតយ៉ាងឡូយ ដោយមានជំនួយពីសប្បុរសជនជាច្រើនរូប។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឲ្យដឹងថា លោក Wilson និង Ann Mutura បានពន្យាពេលរៀបការរបស់ពួកគេរហូតដល់ទៅ២ដងឯណោះ កាលពីឆ្នាំ២០១៦ ដោយសារពួកគេគ្មានលទ្ធភាពចំណាយប្រាក់ប្រមាណ ៣០០ដុល្លារ សម្រាប់ពិធីមង្គលការរបស់ពួកគេ។ រហូតមកដល់ឆ្នាំនេះ ទើបពួកគេសម្រេចចិត្តរៀបការស្ងាត់ៗ ដោយចំណាយត្រឹម ១ដុល្លារប៉ុណ្ណោះ សម្រាប់ថ្លៃចិញ្ចៀនរៀបការ ២វង់របស់ពួកគេ និងស្លៀកពាក់សាមញ្ញបំផុត។

ដំណឹងនៃពីធីរៀបការដ៏សន្សំសំចៃត្រូវបានល្បីល្បាញពាសពេញបណ្តាញអ៊ិនធើណេត ហើយធ្វើឲ្យប្រជាជនកេនយ៉ាជាច្រើនបានសន្យាជួយពួកគេ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន AfricaNews ដែលបានចុះផ្សាយកាលពីថ្ងៃទី១៥ ខែកុម្ភៈនេះ ពិធីរៀបការលើកទីពីររបស់អ្នកទាំងពីរ ត្រូវបានធ្វើឡើងនៅចំថ្ងៃទិវានៃក្តីស្រលាញ់តែម្តង និងបានចំណាយប្រាក់អស់ប្រមាណ ៣៥.០០០ ដុល្លារ នៅមណ្ឌល Eden Bliss។

ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកចូលរួមក្នុងពីធីមង្គលការនេះមានប្រមាណ៤០០នាក់ ដោយរួមមានទាំងមន្រ្តីប៉ូលិសប្រដាប់អាវុធ ក្រុមសន្តិសុខ ពីធីករដល់ទៅ៣នាក់ រួមទាំងក្រុមភ្លេង និងក្រុមសម្តែង អ្នកថតរូប និងថតវីដេអូ និងអ្នករៀបចំអាហារថែមទៀត។

ពីធីរៀបការទី២នេះ ពិតជាហ៊ឹកហាក់ខ្លាំងណាស់ ដែលផ្ទុយស្រលះទៅនឹងមង្គលការដែលពួកគេបានធ្វើកាលពីមុន។ លោក Wilson បានថ្លែងថា “កាលពេលដែលពួកយើងរៀបការដំបូង យើងបានត្រឡប់មកផ្ទះ ដាំបាយ ធ្វើម្ហូបញ៉ាំ រួចក៏គេង។ មិនមានអ្វីពិសេសដែលយើងបានធ្វើ នៅថ្ងៃក្រេបទឹកឃ្មុំរបស់យើងឡើយ”។

ប៉ុន្តែក្រោយពេលពីធីរៀបការរបស់ពួកគេ ត្រូវគេដឹងពេញបណ្តាញអ៊ិនធើណេត មានមនុស្សជាច្រើនសន្យាជួយពួកគេ ហើយថែមទាំងមានក្រុមហ៊ុនទេសចរណ៍មួយ បានសន្យាផ្តល់កញ្ចប់ដំណើរកម្សាន្តក្រេបទឹកឃ្មុំរយៈពេល៥ថ្ងៃទៅកាន់ទីក្រុង Mombasa ហើយស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៤ថែមទៀតផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]