(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងមួយ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដោយ​បង្គាប់ដល់​អាជីវករដែលកំពុងលក់ដូរ នៅឆ្នេរអូរឈើទាល (ព្រំប្រទល់ចាប់ពីមុខសណ្ឋានគារប៉ាវម៉ាយ ជាប់ព្រំដីអ្នកឧកញ៉ា គិត ម៉េង រហូតដល់ទល់មុខសណ្ឋាគារផ្លាម្លិះជាប់ព្រំប្រទល់ក្រុមហ៊ុន សុខារីស្សត) ឲ្យត្រៀមលក្ខណៈសម្បត្តិ គ្រប់គ្រាន់ ដើម្បីរុះរើ​តូចចាស់ ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ តទៅ។

លិខិតជូនដំណឹងដដែល បានបញ្ជាក់ថា ក្រោយការរុះរើរួចរាល់ហើយ អាជីវករទាំងអស់ អាចចាប់ផ្តើមសាងសង់ដោយខ្លួនឯង នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ ទៅតាមគម្រោងប្លង់តូបកម្សាន្តថ្មី របស់គណៈកម្មាធិការ​ជាតិគ្រប់គ្រងនិង​អភិវឌ្ឍតំបន់ឆ្នេរ​សមុទ្រកម្ពុជា។

ការជូនដំណឹងនេះ ធ្វើឡើងទៅតាមផែនការកែលម្អតំបន់ឆ្នេរអូរឈើទាល និងការរៀបចំការសាងសង់តូបកម្សាន្តថ្មី នៅឆ្នេរ​អូរឈើទាល ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយការអនុវត្តនេះ ធ្វើឡើងទៅតាម គោលដៅកែលម្អតំបន់ឆ្នេរ អូរឈើទាល ឲ្យកាន់តែមានសោភ័ណភាព សណ្តាប់ធ្នាប់ បរិស្ថានបៃតងល្អ វប្បធម៌ និងមានតម្លៃទាំងសេដ្ឋកិច្ចបន្ថែម ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានឯកភាពលើ៤ចំណុច៕

សូមអានលិខិតជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ​ ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោមនេះ៖

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ មុខរបរ​ពិសេស​ថៅកែ​ស្រី​ហាង​ផឹកស៊ី ​កុំ​ស្មានថា​លាក់​ជិត

ខេត្តបាត់ដំបង ៖ ស្ត្រី​ម្នាក់​ដែល​ជា​ម្ចាស់​ហាង​ផឹកស៊ី​មួយ​កន្លែង​ដែល​សង់​ជា​ខ្យូ​ស ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី​១២ កុម្ភ​: នៅ​ក្នុងភូមិ​អូរ​ដា​លើ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ដែល​ពាក់ព័ន្ធ​នឹងករណី​ជួញដូរ​គ្រឿងញៀន​និង​រក្សា​ទុក​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ក្នុង​គោលបំណង​ទុច្ចរិត​ដែល​មុខរបរ​បែប​នេះ​កុំ​ស្មានថា​លាក់​ជិត​។

លោក គឹ​ម ពន្លក អធិការ​នគរបាល​ស្រុក​កំ​រៀង បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ វ៉ែន វួ​ច ភេទ​ស្រី អាយុ​៥០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ប៉ុន្តែ​ស្ត្រី​រូប​នេះ​មាន​បើកហាង​ផឹកស៊ី​ដែល​គ្មាន​យីហោ​មួយ​កន្លែង នៅ​ចំណុច​កើតហេតុ​ខាងលើ ។ លោក​អធិការ​បាន​ប្រាប់​ថា ស្ត្រី​រូប​នេះ​ត្រូវ​កម្លាំង​របស់​លោក​ឃាត់ខ្លួន នៅ​ពេល​កំពុង​លក់ដូរ​ថ្នាំ​ញៀន​នៅ​ក្នុង​ហាង​របស់​ខ្លួន បន្ទាប់​ពី​មន្ត្រី​ជំនាញ​តាមដាន​សកម្មភាព​ប្រ​ព្រិ​ត្តិ​បទល្មើស​នេះ អស់​រយ​:​ពេល​យូរណាស់​មក​ហើយ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត ។

ជាមួយនឹង​ការ​ឃាត់ខ្លួន​ស្ត្រី​ថៅកែ​ហាង និង​ជា​មេ​ឈ្មួញ​ថ្នាំ​ញៀន​ដ៏​ធំ​នេះ សមត្ថកិច្ច​រឹបអូស​បាន​នូវ​ម្សៅ​ក្រាម​ពណ៌​.​ស ដែល​គេ​សង្ស័យ​ថា ជា​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ICE (​ម៉ា​ទឹកកក​) ចំនួន​៣៥​ថង់​តូច និង​២​ថង់​ធំ ប្រាក់​ដុល្លា​ក្លែងក្លាយ​ចំនួន​២១,៧០០​ដុល្លា ប្រាក់​ខ្មែរ​ចំនួន​១៥៣,០០០​រៀល ប្រាក់​ថៃ​ចំនួន​១៨០​បាត និង​ទូរស័ព្ទ​ដៃ​១​គ្រឿង ។ ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​ស្ត្រី​ខាងលើ ព្រមទាំង​រឹបអូស​បាន​វត្ថុ​តាង​បទល្មើស​ជា​ច្រើន មាន​ទាំង​ថ្នាំ​ញៀន មាន​ទាំង​ប្រាក់​ដុល្លា​ក្លែងក្លាយ​ផង​នេះ បើ​តាម​មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ វ៉ែន វួ​ច បាន​ព្យាយាម​ឆ្លើយ​បដិសេធ​មិន​ទ​ទូល​ខុស​ត្រូវ​ចំពោះ​វត្ថុ​តាង​ទាំងនេះ​ទេ ជា​ពិសេស​ថ្នាំ​ញៀន ។

ស្ត្រី​រូប​នេះ​បាន​ផ្ដល់​ចម្លើយ​ដដែល​ៗ​ថា ថ្នាំ​ញៀន​នោះ​គឺជា​បញ្ញើ​របស់​គេ​ទេ ។ ប៉ុន្តែ​ក្រោយមក​ទើប​ស្ត្រី​ល្បិច​ច្រើន​រូប​នេះ ព្រម​សារភាព​ទទួលស្គាល់​វត្ថុ​តាង​ថា ពិតជា​របស់​ខ្លួន នៅ​ពេល​មន្ត្រី​ជំនាញ​សួរ​ជាន់កែង​ប៉ះ​ចំណុចខ្សោយ ។ ទីបំផុត​ស្ត្រី​ថៅកែ​ហាង​រូប​នេះ​បាន​សារភាព​ថា ថ្នាំ​ញៀន និង​ប្រាក់​ដុល្លា​ក្លែងក្លាយ​នោះ ពិតជា​របស់​ខ្លួន​មែន ហើយ​ពេល​ខ្លួន​កំពុង​ណាត់ជួប​ម៉ួ​យ ដើម្បី​ដោះ​ដូរ​ទំនិញ​នៅ​ក្នុង​ហាង​របស់​ខ្លួន ក៏​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​តែ​ម្ដង​ទៅ ។

លោក គឹ​ម ពន្លក អធិការ​ស្រុក​កំ​រៀង បាន​និយាយ​ថា ស្ត្រី​ឈ្មោះ វ៉ែន វួ​ច នេះ​ជា​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​ដ៏​ធំ​នៅ​ក្នុងស្រុក​កំ​រៀង ដែល​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​ខេត្ត ផ្ដល់​តម្រុយ​ឲ្យ​កម្លាំង​របស់​ខ្លួន​តាម​ប្រមាញ់​រហូត​ឈាន​ដល់​ការ​បង្ក្រាប​បាន​តែ​ម្ដង ។ លោក​អធិការ​បាន​បញ្ជាក់​ថា ពេល​នេះ​លោកស្នងការ​ខេត្ត បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រូប​នេះ និង​វត្ថុ​តាង​ទៅ​កាន់​តុលាការ​ហើយ ។

លោកស្នងការ​ខេត្ត ថែម​ទាំង​ចេញ​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​តាម​ស្វែងរក​មុខសញ្ញា​មួយ​ចំនួន​ទៀត ដែល​គេ​សង្ស័យ​ថា ជា​បក្សពួក​របស់​ស្ត្រី​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ខាងលើ​នេះ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]