(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ បានទូរស័ព្ទសុំឲ្យអង្គភាព Fresh News ចុះផ្សាយដើម្បី បានដឹងដល់នគរបាល ខណ្ឌឫស្សីកែវ ជួយចាត់វិធានការចុះទៅបង្ក្រាប វង់ល្បែងបៀរ មានទាំង អុងឌូ ស៊ីគូរថៃ និងកត់កន្ទុយលេខមួយកន្លែងផង ដែលគេប្រមូលផ្ដុំ បើកលេងនៅខាងត្បូងផ្សារសាមគ្គីប្រហែល៣០ម៉ែត្រ។

ប្រជាពលរដ្ឋខាងលើ បានអះអាងថា វង់ល្បែងបៀរ អុងឌូ ស៊ីគូរថៃ និងកត់កន្ទុយលេខនេះមានទីតាំង​នៅត្រង់ចំណុចផ្ទះលេខ៥៧១ ខាងត្បូងផ្សារសាមគ្គីប្រហែល៣០ម៉ែត្រ ជាប់ផ្ទះជួសជុលទូរទស្សន៍ ម៉ាញ៉េ ស្ថិតលើផ្លូវបេតុង ក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថា មានចែឃីម និងប្ដីឈ្មោះ មាស កុត្តរៈ ជាមន្ត្រីនគរបាលចរាចរណ៍ បានកៀងគរហៅភ្ញៀវឲ្យចូលទៅលេង នៅក្នុងផ្ទះរបស់ខ្លួនរាល់ថ្ងៃ ដោយប្រាប់គេថា កុំឲ្យភ័យខ្លាច ប្រសិនបើប៉ូលីសចាប់ គេនឹងចេញមុខមកធានាខ្លួន។

ប្រជាពលរដ្ឋបានបន្ថែមថា វង់ល្បែងនេះភាគច្រើនគេបើកលេង ចាប់ពីម៉ោង១១ថ្ងៃត្រង់ រហូតដល់យប់ជារៀងរាល់ថ្ងៃ រយះពេលជិត២ឆ្នាំមកហើយ ដែលមានអ្នកលេងមកពីគ្រប់មជ្ឈដ្ឋាន ជាពិសេសមន្ត្រីកងកម្លាំងប្រដាប់អាវុធ និងអ្នករកស៊ីជាដើម ដោយសង្ស័យនគរបាលមូលដ្ឋាន ប៉ុស្ដិ៍ឫស្សីកែវ ខណ្ឌឫស្សីកែវ និងអាជ្ញាធរបានជ្រាប ឫមិនបានជ្រាបពីបញ្ហានេះទេមើលទៅ។

បើតាមប្រជាពលរដ្ឋ ដោយសារតែវង់ល្បែងនេះហើយ បានធ្វើឲ្យក្រុមគ្រួសារសាច់ញាតិពួកគាត់ គ្មាននៅផ្ទះជួយរកស៊ី ឬនៅជួបជុំប្រពន្ធកូនឡើយ គឺមួយថ្ងៃៗ នៅតែវង់ ល្បែងបៀរ និងកន្ទុយលេខ ដោយភ្នាល់លេងចាក់ចាញ់ថែម ទាំងបញ្ចាំម៉ូតូ និងប្លង់ដីអស់លុយគ្មានសល់ឡើយ។

ប្រជាពលរដ្ឋ បានលើកឡើងថា បើមិនបង្ក្រាបវង់ល្បែងនេះទេ គឺគ្មានឡើយ ភូមិ-ឃុំ មានសុវត្ថិភាព គឺមានតែចោរកម្ម លួច ឆក់ ប្លន់ជាក់ជាមិនខានឡើយ៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ហួសចិត្ត ! មិន​គួរ​នៅ​ក្នុង​ផ្សារ​អ្នក​លឿង​មាន​ច្រើន​ដល់​ម្លឹង​សោះ

ខេត្តព្រៃវែង ៖ កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ មន្ត្រីកាំកុងត្រូលសាខាខេត្តព្រៃវែង បានចុះត្រួតពិនិត្យតាមស្តង់លក់ដូរនៅក្នុងផ្សារអ្នកលឿង ដោយរកឃើញ និងដកហូតបានទំនិញខូចគុណភាពជាច្រើនមុខ ។

សកម្មភាពចុះពិនិត្យគុណភាពទំនិញនេះ ដឹកនាំដោយលោក ប្រាក់ ករុណា ប្រធានទីផ្សារសាខាកាំកុងត្រូលខេត្តព្រៃវែង ក្រោយមការបញ្ជាចាត់ចែងដោយលោក អ៊ុត សុភាព ប្រធានសាខាខេត្ត ក្នុងគោលបំណងដើម្បីការពារនិងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ទំនិញទាំងនោះ និងរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិផងដែរ ។

លោក ប្រាក់ ករុណា បានឲ្យដឹងថា ក្នុងពេលចុះពិនិត្យគុណភាពទំនិញនេះ មន្ត្រីកាំកុងត្រូលបានធ្វើការពន្យល់ណែនាំ និងបង្ហាញដល់ក្រុមអាជីវករអំពីវិធីសាស្ត្រថែទាំ ការដាក់តាំងលក់ និងការរក្សាទុកមុខទំនិញឲ្យស្របទៅតាមលក្ខណៈស្តង់ដារ និងផ្តោតទៅលើអនាម័យផងដែរ ព្រមទាំងបានបង្រៀនក្រុមអាជីវករ និងប្រជាពលរដ្ឋ អំពីរបៀបមើលកាលបរិច្ឆេទនៃទំនិញ សម្រាប់ជាគុណប្រយោជន៍ដល់សុខភាពរបស់អ្នកប្រើប្រាស់ទៀតផង ។

ដោយឡែក សម្រាប់ប់ទំនិញខូចគុណភាពដែលត្រូវមន្ត្រីជំនាញកាំកុងរកឃើញ និងដកហូតបាននោះមានចំនួន៧មុខ ស្មើនឹង៥០,៦៥គីឡូក្រាម ដែលក្នុងនោះរួមមាន ទឹកគោជល់ដបជ័រផលិតនៅវៀតណាមចំនួន១០២ដប ទឹកក្រូចកូកាកូឡា១២ដប ទឹកសេរ៉ូរូបសេក១១ដប តែក្រូចឆ្មា៣ប្រអប់ ស្ករគ្រាប់ត្រាវ៤កញ្ចប់ នំឆ្អឹងខ្លា៦កញ្ចប់ ព្រមទាំងចាហួយដូង យីហោ ហេង ហេង ចំនួន២០០កញ្ចប់ផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]