ខេត្តព្រៃវែង ៖ កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ មន្ត្រីកាំកុងត្រូលសាខាខេត្តព្រៃវែង បានចុះត្រួតពិនិត្យតាមស្តង់លក់ដូរនៅក្នុងផ្សារអ្នកលឿង ដោយរកឃើញ និងដកហូតបានទំនិញខូចគុណភាពជាច្រើនមុខ ។

សកម្មភាពចុះពិនិត្យគុណភាពទំនិញនេះ ដឹកនាំដោយលោក ប្រាក់ ករុណា ប្រធានទីផ្សារសាខាកាំកុងត្រូលខេត្តព្រៃវែង ក្រោយមការបញ្ជាចាត់ចែងដោយលោក អ៊ុត សុភាព ប្រធានសាខាខេត្ត ក្នុងគោលបំណងដើម្បីការពារនិងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ទំនិញទាំងនោះ និងរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិផងដែរ ។

លោក ប្រាក់ ករុណា បានឲ្យដឹងថា ក្នុងពេលចុះពិនិត្យគុណភាពទំនិញនេះ មន្ត្រីកាំកុងត្រូលបានធ្វើការពន្យល់ណែនាំ និងបង្ហាញដល់ក្រុមអាជីវករអំពីវិធីសាស្ត្រថែទាំ ការដាក់តាំងលក់ និងការរក្សាទុកមុខទំនិញឲ្យស្របទៅតាមលក្ខណៈស្តង់ដារ និងផ្តោតទៅលើអនាម័យផងដែរ ព្រមទាំងបានបង្រៀនក្រុមអាជីវករ និងប្រជាពលរដ្ឋ អំពីរបៀបមើលកាលបរិច្ឆេទនៃទំនិញ សម្រាប់ជាគុណប្រយោជន៍ដល់សុខភាពរបស់អ្នកប្រើប្រាស់ទៀតផង ។

ដោយឡែក សម្រាប់ប់ទំនិញខូចគុណភាពដែលត្រូវមន្ត្រីជំនាញកាំកុងរកឃើញ និងដកហូតបាននោះមានចំនួន៧មុខ ស្មើនឹង៥០,៦៥គីឡូក្រាម ដែលក្នុងនោះរួមមាន ទឹកគោជល់ដបជ័រផលិតនៅវៀតណាមចំនួន១០២ដប ទឹកក្រូចកូកាកូឡា១២ដប ទឹកសេរ៉ូរូបសេក១១ដប តែក្រូចឆ្មា៣ប្រអប់ ស្ករគ្រាប់ត្រាវ៤កញ្ចប់ នំឆ្អឹងខ្លា៦កញ្ចប់ ព្រមទាំងចាហួយដូង យីហោ ហេង ហេង ចំនួន២០០កញ្ចប់ផងដែរ៕ 

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន កាំកុងត្រូល សាខាខេត្តកំពង់ធំ រកឃើញដំណាប់ដូង ទឹកដោះគោប្រអប់ ខូចគុណភាព ដាក់នៅផ្សារចាស់។

ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ឲ្យមន្រ្តីសាខាកាំកុងត្រូលនៅទូទាំងប្រទេស បន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមទីផ្សារ ដើម្បីចូលរួម ចំណែកលើការការពារ សុវត្ថិភាពចំណីអាហារជូនដល់ប្រជាពលរដ្ឋ។

ជាក់ស្តែង កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ មន្រ្តីកាំកុងត្រូលសាខាខេត្តកំពង់ធំ សហការជា មួយមន្រ្តីមន្ទីរ ពាណិជ្ជកម្ម រួមនិងអាជ្ញាធរមួលដ្ឋាន បានចុះត្រួតពិនិត្យទំនិញ នៅផ្សារចាស់ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

មន្រ្តីសាខាកាំកុងត្រូល ខេត្តកំពង់ធំ បានបញ្ជាក់ថា នៅក្នុងការចុះត្រួតពិនិត្យនៅផ្សារចាស់នេះ មន្រ្ដីជំនាញ បានរកឃើញទំនិញខូចគុណភាព ដូចជា ត្រណាប់ដូង ម៉ាក Thanh Binh ចំនួន២កញ្ចប់ ផលិតនៅប្រទេសវៀតណាម ទឹកដោះគោ ចំនួន១២កញ្ចប់ នំសាកឺរ៉ា ចំនួន១៥កញ្ចប់ ផលិតនៅប្រទេសកម្ពុជា ។

មន្រ្តីជំនាញកាំកុងត្រូល បានធ្វើតេស្តបឋមទៅលើ ណែម ចំនួន៥តូប ដែលអាជីវករទិញយកមកពីខេត្តបាត់ដំបង លក់នៅផ្សារចាស់ ខេត្តកំពង់ធំ ឃើញថា លទ្ធផលល្អ ពុំមានសារធាតុ Borax នៅក្នុងណែមទាំងនោះទេ ។

ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមកាងារក៏ បានបិទផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលការបរិភោគ អាហារហួស កាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

ទន្ទឹមនឹងនេះ ក្រុមការងារបានធ្វើការណែនាំ ដល់អាជីវករឲ្យជៀសវៀង ក្នុងការប្រើប្រាស់សារ ធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ ដល់សុខភាព និងបានណែនាំ អាជីវករឲ្យយល់ដឹងពីអនាម័យ និងការរៀបចំទំនិញលក់ដូរ ឲ្យមានសណ្តាប់ធ្នាប់ទៅ តាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាសផ្សេងៗ ដាក់ដាច់ដោយ ឡែកៗពីគ្នា ជៀសវៀងនូវការដាក់តាំងលក់ទំនិញហួស កាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រែះស៊ីស និងទំនិញដែលមានសារធាតុគីមីហាមឃាត់ ។

មន្រ្តីកាំកុងត្រូល ក៏បានអប់រំ និងអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែ ទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់។

មន្រ្តីកាំកុងត្រូលសាខាខេត្តកំពង់ធំ បានបន្តថា ការធ្វើបែបនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជួយកាត់បន្ថយផលប៉ះពាល់ ដល់អ្នកប្រើប្រាស់ និងប្រជាពលរដ្ឋយើង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]