ចិន៖ សារព័ត៌មាន ដេលីម៉ែល បានចុះផ្សាយថា បុរសជាជនជាតិចិនម្នាក់ បានបណ្តើរសុនខ ពណ៌ស រោមក្រាស់របស់គាត់មួយក្បាល យ៉ាងឡូយបំផុត នៅលើផ្លូវដ៏មមាញឹកមួយក្នុងតំបន់មួយហៅថាម៉ុងហ្គោលី (Inner Mongolia) នៃប្រទេសចិន ភាគខាងជើង។

ប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង លើបណ្តាញសង្គមនេះ បានបង្ហាញឲ្យឃើញបុរស កំពុងតែជិះម៉ូតូ ខណៈសុនខ ដ៏គួរឱ្យស្រលាញ់របស់គាត់ កំពុងឈរជើងពីរ យ៉ាងសង្ហារ នៅលើឧបករណ៍ Scooter។

អ្នកដំណើរផ្សេងៗទៀត ដែលនៅជិតនោះ ហាក់មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលពួកគេបានឃើញ សុនខរោមស មួយក្បាល រួមជាមួយម្ចាស់វាបើកបរលើផ្លូវ កាត់មុខពួកគេបែបនេះ ខណៈស្ត្រីម្នាក់ដែលជិះកង់នៅក្បែរនោះ ប្រឹងសម្លឹងមើលមិនដាក់ភ្នែកទាល់តែសោះ។ 

តែទោះជាយ៉ាងណា សុនខ ដ៏គូរឲ្យស្រលាញ់មួយក្បាលនោះ មិនបានជិះដោយខ្លួនវានោះទេ គឺមានជំនួយពីម្ចាស់វាជិះម៉ូតូជួយទប់ផងដែរ ដោយមានសុនខមួយក្បាលទៀតនៅពីមុខ។ សុនខមួយក្បាលនេះ ហាក់ទទួលបានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្តាញសង្គមចិន ។

ប្រភព័ត៌មានបានឲ្យដឹងថា វីដេអូមួយនេះត្រូវបានគេបង្ហោះលើអ៊ិនធើណេត កាលពីថ្ងៃ០៩ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ ប៉ុន្តែបើយោងតាមសារព័ត៌មានចិន North news បានឲ្យដឹងថា វីដេអូនេះត្រូវបានថតនៅទីក្រុង Hohhot តំបន់ម៉ុងហ្គោលីក្នុង (Inner Mongolia) នៃប្រទេសចិនភាគខាងជើង តាំងពីចុងខែធ្នូ ឆ្នាំ២០១៦មកម្ល៉េះ។

តែទោះជាយ៉ាងណា សកម្មភាពទាំងនេះ ពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ប្រសិនបើមានហេតុការណ៍មិនប្រក្រតីណាមួយកើតឡើង គឺអាចបណ្តាលសុនខ រួមទាំងម្ចាស់របស់វាមានគ្រោះថ្នាក់បានគ្រប់ពេលវេលា៕ 

វីដេអូខាងក្រោម៖

ប្រភព៖ Dailymail

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ រឿងមួយមិនគួរធ្វើ ពេលនៅក្បែរដំរី ប្រយ័ត្នដូចនារីម្នាក់នេះ ត្រូវដំរីវ័ធ

ជាធម្មតាដំរី ត្រូវបានគេចាត់ទុកថា ជាសត្វមួយប្រភេទដែលទន់ភ្លន់បំផុត ប៉ុន្តែកាលពីពេលថ្មីៗកន្លងទៅនេះ បែរជាកើតរឿងមិនល្អមួយ ទៅលើនារីទេសចរម្នាក់ ត្រូវដំរីដាក់មួយប្រម៉ោយ បណ្តាលឲ្យហោះស្ទុយ ដោយសារតែនាងបានធ្វើខុសនូវរឿងមួយ។ នេះបើយោងតាម ការចុះផ្សាយពីសារព័ត៌មាន ដេលីម៉ែល ថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០១៧។

តាមរយៈវីដេអូឃ្លីប បានបង្ហាញឲ្យឃើញថា នារីរងគ្រោះជាភ្ញៀវទេសចរ មិនបង្ហាញអត្តសញ្ញាណខាងលើនេះ បានប្រើអេប៉ុងនៅដុសលាងលើប្រម៉ោយដំរី នៅឯទន្លេមួយកន្លែង ស្ថិតនៅក្នុងប្រទេសថៃ។ ដំបូងឡើយ មុនពេលដែលនាង ចាប់ផ្តើមដុសលាងៗទៅលើប្រម៉ោយ និងភ្លុករបស់ដំរី គេឃើញថា នារីរងគ្រោះក៏បានបាចទឹកទៅលើវាផងដែរ។ ផ្ទុយទៅវិញ ទំនងជាការប៉ះពាល់ (ដុសលាង) ទៅលើសត្វដំរី ពីសំណាក់នារីរងគ្រោះខុសទំនង ទើបបានធ្វើឲ្យដំរីមិនសប្បាយចិត្ត ភ្លាមៗនោះដំរីមួយក្បាលនោះ ក៏ស្រាប់តែប្រតិកម្ម ហើយវ័ធនាងដោយភ្លុករបស់វា បណ្តាលឲ្យនារីរងគ្រោះហោះស្ទុយតែម្តង។

នារីរងគ្រោះ ត្រូវបានគេមើលឃើញថា ត្រូវដំរីវ័ធខ្ទាតចេញប្រមាណជាង១ម៉ែត្រ ពីកន្លែងកើតហេតុ មុនពេលដែលនាងធ្លាក់ទៅលើដី។ ប៉ុន្តែទោះបីជាយ៉ាងក្តី នៅចុងបញ្ចប់នៃវីដេអូឃ្លីប គេឃើញនារីរងគ្រោះ នៅតែអាចក្រោកងើបឡើងជាធម្មតា ហាក់ពុំមានការឈឺចាប់សម្រាប់នាងឡើយ។ ខណៈពុំទាន់មានប្រភពច្បាស់លាស់ណាមួយ បានរាយការណ៍ឲ្យដឹងថា នារីរងគ្រោះអាចនឹងរងគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬយ៉ាងណានោះទេ។

យ៉ាងណាមិញ នេះក៏ជាសារមួយសម្រាប់ប្រិយមិត្តទាំងអស់គ្នា ក៏ដូចជាភ្ញៀវទេសចរជាច្រើនផ្សេងទៀត គួរណាស់បង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នបន្ថែម មិនថាឡើយនៅក្បែរ ប្រភេទសត្វណាមួយនោះទេ ចៀសវាងរងគ្រោះថ្នាក់ជាយកថាហេតុ កើតឡើងមកលើខ្លួនឯងផងដែរ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]