ថៃ៖ ជាធម្មតាដំរី ត្រូវបានគេចាត់ទុកថា ជាសត្វមួយប្រភេទដែលទន់ភ្លន់បំផុត ប៉ុន្តែកាលពីពេលថ្មីៗកន្លងទៅនេះ បែរជាកើតរឿងមិនល្អមួយ ទៅលើនារីទេសចរម្នាក់ ត្រូវដំរីដាក់មួយប្រម៉ោយ បណ្តាលឲ្យហោះស្ទុយ ដោយសារតែនាងបានធ្វើខុសនូវរឿងមួយ។ នេះបើយោងតាម ការចុះផ្សាយពីសារព័ត៌មាន ដេលីម៉ែល ថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០១៧។

តាមរយៈវីដេអូឃ្លីប បានបង្ហាញឲ្យឃើញថា នារីរងគ្រោះជាភ្ញៀវទេសចរ មិនបង្ហាញអត្តសញ្ញាណខាងលើនេះ បានប្រើអេប៉ុងនៅដុសលាងលើប្រម៉ោយដំរី នៅឯទន្លេមួយកន្លែង ស្ថិតនៅក្នុងប្រទេសថៃ។ ដំបូងឡើយ មុនពេលដែលនាង ចាប់ផ្តើមដុសលាងៗទៅលើប្រម៉ោយ និងភ្លុករបស់ដំរី គេឃើញថា នារីរងគ្រោះក៏បានបាចទឹកទៅលើវាផងដែរ។ ផ្ទុយទៅវិញ ទំនងជាការប៉ះពាល់ (ដុសលាង) ទៅលើសត្វដំរី ពីសំណាក់នារីរងគ្រោះខុសទំនង ទើបបានធ្វើឲ្យដំរីមិនសប្បាយចិត្ត ភ្លាមៗនោះដំរីមួយក្បាលនោះ ក៏ស្រាប់តែប្រតិកម្ម ហើយវ័ធនាងដោយភ្លុករបស់វា បណ្តាលឲ្យនារីរងគ្រោះហោះស្ទុយតែម្តង។

នារីរងគ្រោះ ត្រូវបានគេមើលឃើញថា ត្រូវដំរីវ័ធខ្ទាតចេញប្រមាណជាង១ម៉ែត្រ ពីកន្លែងកើតហេតុ មុនពេលដែលនាងធ្លាក់ទៅលើដី។ ប៉ុន្តែទោះបីជាយ៉ាងក្តី នៅចុងបញ្ចប់នៃវីដេអូឃ្លីប គេឃើញនារីរងគ្រោះ នៅតែអាចក្រោកងើបឡើងជាធម្មតា ហាក់ពុំមានការឈឺចាប់សម្រាប់នាងឡើយ។ ខណៈពុំទាន់មានប្រភពច្បាស់លាស់ណាមួយ  បានរាយការណ៍ឲ្យដឹងថា នារីរងគ្រោះអាចនឹងរងគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬយ៉ាងណានោះទេ។

យ៉ាងណាមិញ នេះក៏ជាសារមួយសម្រាប់ប្រិយមិត្តទាំងអស់គ្នា ក៏ដូចជាភ្ញៀវទេសចរជាច្រើនផ្សេងទៀត គួរណាស់បង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នបន្ថែម មិនថាឡើយនៅក្បែរ ប្រភេទសត្វណាមួយនោះទេ ចៀសវាងរងគ្រោះថ្នាក់ជាយកថាហេតុ កើតឡើងមកលើខ្លួនឯងផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖ 

ប្រភព៖ ដេលីម៉ែល

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

អាណិតណាស់! ក្ងានខ្មៅមួយគូ ខូចចិត្តមិនព្រមស៊ីចំណី អស់ជាច្រើនថ្ងៃ ដោយសារតែ...

ចិន៖ នៅលើលោកនេះ មិនថាតែមនុស្សឬសត្វឡើយ គឺសុទ្ធសឹងតែមានមនោសញ្ចេតនា និងការស្រលាញ់គ្រប់គ្នាៗ។ ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ រឿងហេតុដ៏កម្រមួយ បានកើតឡើងនៅក្នុងប្រទេសចិន ដោយសារតែក្ងានខ្មៅដ៏គួរឲ្យកម្សត់មួយគូ សុខចិត្តមិនស៊ីចំណីអស់រយៈពេលជាច្រើនថ្ងៃ ក្រោយពីអ្នកទេសចរបានធ្វើឲ្យវាឆ្អែតចិត្ត។

ហេតុការណ៍នេះ បានកើតឡើងនៅក្នុងតំបន់ឧទ្យានកម្សាន្តមួយកន្លែង ក្បែរភ្នំ Mount Tai ក្នុងខេត្ត Shangdong ។

បើតាមប្រភពសារព័ត៌មានចិន បានឲ្យដឹងថា ក្ងានខ្មៅមួយគូ បានបង្អត់អាហារខ្លួនឯងមិនព្រមស៊ីចំណី អស់រយៈពេល៤ថ្ងៃទៅហើយ។ បុគ្គលិកម្នាក់ជាអ្នកថែរក្សានៅតំបន់កម្សាន្តខាងលើនេះ បានកត់សម្គាល់តាំងពីថ្ងៃទី១ កុម្ភៈកន្លងទៅនេះមកម្ល៉េះ ដោយសង្កេតឃើញថា ក្ងានខ្មៅមួយគូខាងលើនេះ មានលក្ខណៈកាយវិការខុសប្លែក និងក្រៀមក្រំស្រងូតស្រងាត់ ខុសពីសព្វមួយដង។ ប៉ុន្តែក្រោយពីធ្វើការស៊ើបអង្កេតរួច ទើបដឹងថា ពងចំនួន៥គ្រាប់របស់ក្ងានមួយគូនោះ ត្រូវបានបាត់ទៅដោយអាថ៌កំបាំង ខណៈពុំមាននរណាម្នាក់បានដឹង និងចាប់អារម្មណ៍ឡើយ។

ក្រោយមក នាង Li Yaming ជាអ្នកគ្រប់គ្រងចាត់ការទូទៅមួយរូប នៅតំបន់កម្សាន្តខាងលើ បានទៅឆែកមើលកាមេរ៉ាសុវត្ថិភាពមើល ដោយបានឃើញថា មានភ្ញៀវទេសចរចំនួន២នាក់ បាននាំគ្នាមកឈរថតរូបនៅក្បែរ ទីតាំងសំបុកក្ងានមួយគូខាងលើនោះ អស់រយៈពេលរហូតដល់ទៅជាងកន្លះម៉ោងឯណោះ។

បន្ទាប់ពីពួកគេថតរូបភាព បានជាច្រើនប៉ុស្តិ៍រួច ស្រាប់តែមានម្នាក់ ក្នុងចំណោមពួកគេទាំងពីរ បានចង្អុលទៅកាន់សំបុកពងក្ងាន។ ហើយនេះក៏ជាហេតុមួយ ធ្វើឲ្យអ្នកទេសចរ២រូបនោះ ជាប់ការសង្ស័យពាក់ព័ន្ធ ទៅនឹងរឿងលួចយកពងក្ងាននោះផងដែរ។ កំឡុងពេល ការស៊ើបអង្កេតនៅតែបន្ត គេនៅតែមិនទាន់អាច កំណត់អត្តសញ្ញាណបាននៅឡើយ ថាតើជនសង្ស័យទាំងពីរនាក់ខាងលើនោះ ជានរណាឲ្យប្រាកដទេ។

គួរឲ្យដឹងដែរថា ក្ងានគឺជាសត្វមួយប្រភេទ ដែលត្រូវបានគេអភិរក្ស និងស្រលាញ់យកចិត្តទុកដាក់ ជាទីបំផុតក្នុងប្រទេសចិន ហើយវាថែមទាំង ត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃសេចក្តីស្រលាញ់មួយគ្មានទីបញ្ចប់ផងដែរ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]