ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញា​ប្លន់​ដែល​តែងតែ​ធ្វើ​សកម្មភាព​នា​ពេល​កន្លង​មក ពេល​នេះ​អស់លក្ខណ៍​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង​ទង ឃាត់ខ្លួន​បាន ខណៈ​បក្សពួក​២​នាក់​ទៀត យក​ម៉ូតូ​ដែល​ប្លន់​បាន​ជិះ​គេចខ្លួន​បាត់​។ ក្រោយ​ឃាត់ខ្លួន​បាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ចាត់ការ​បន្ត​។

ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ធ្វើ​ឡើង​កាល​វេលា​ម៉ោង​1 ថ្ងៃ​ទី​11 ខែកុម្ភៈ ឆ្នាំ​2017 នៅ​ចំណុច​តាម​ផ្លូវជាតិ​លេខ​4 គីឡូម៉ែត្រ​លេខ​42-43 ស្ថិត​នៅ​ភូមិ​ចំបក់ ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ប្លន់ ១-​ឈ្មោះ មុត ផ​ល្លី ភេទ​ប្រុស អាយុ​17​ឆ្នាំ នៅ​ភូមិ​រលាំង​សង្កែ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ២-​ឈ្មោះ សុខ អាទិត្យ ភេទ​ប្រុស អាយុ​20​ឆ្នាំ នៅ​ភូមិ​ស្នោរ​ទី​1 សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។ ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ឈ្មោះ ម៉ៅ ប៊ុ​ន​ថា ភេទ​ប្រុស អាយុ​19​ឆ្នាំ នៅ​ភូមិ​ក្រាំង​ច​ចាប ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​សមត្ថកិច្ច​នគរបាល​បានឱ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ រួម​ទាំង​បក្សពួក​បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​1​គ្រឿង ម៉ាក​ស៊ូ​ម័​រ ពណ៌​ខៀវ ស៊េរី​ឆ្នាំ​2015 គ្មាន​ផ្លា​ក​លេខ ជា​របស់​ជន​រង​គ្រោះ​ខាងលើ​។ ក្រុម​ជនសង្ស័យ​បាន​ប្រើ​ល្បិច​ដោយ​ឱ្យ​មនុស្ស​ស្រី​ម្នាក់​ទាក់ទង​ជាមួយ​ជន​រង​គ្រោះ​នៅ​ក្នុង​ក្លឹ​ប ក្រោយមក​ពេល​ស្គាល់គ្នា​មួយ​ភ្លែត​ហើយ​នោះ ក៏​បាន​ប្រើ​ល្បិច​ថា ពឹង​ឱ្យ​ជូន​ទៅ​ផ្ទះ ពេល​ទៅ​ដល់​កន្លែង​ស្ងាត់​ដែល​ជា​គោលដៅ​ដែល​ពួក​គេ​ណាត់គ្នា​ទុកជា​មុន​នោះ បន្ទាប់​មក​មនុស្ស​ស្រី​ដែល​បក្សពួក​គេ​របស់​ជនសង្ស័យ​នោះ​បាន​ប្រាប់​ឱ្យ​ជន​រង​គ្រោះ​ឱ្យ​ឈប់ ស្រាប់តែ​ពេល​នោះ​ក្រុម​ជន​ដៃដល់​ក៏​ចេញ​មក​វាយ​ប្លន់​យក​ម៉ូតូ​ពី​ជន​រង​គ្រោះ​តែ​ម្តង​។ ក្រោយ​ពី​វាយ​ប្លន់​បាន​ហើយ ស្រី​ម្នាក់​ដែល​បក្សពួក​របស់​គេ​ដែល​ប្រើ​ជា​នុយ​សម្រាប់​ទាក់​នោះ ក៏​យក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​តែ​ម្តង ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​បាន​ភ្លាម​ៗ​ផង​ដែរ​។

ប្រភព​បន្ត​ថា ក្រោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ បាន​ឆ្លើយ​សារភាព​ថា ក្រុម​ខ្លួន​មាន​គ្នា​4​នាក់ ប្រុស​3​នាក់ និង​ស្រី​ម្នាក់ ១-​ឈ្មោះ ណុ​ប ភេទ​ប្រុស អាយុ​ប្រហែល​20​ជាង នៅ​ម្ដុំ​ភ្នំ​ជាល មិន​ស្គាល់​ភូមិ​-​ឃុំ បាន​រត់គេច​ខ្លួន​បាត់ ២-​ឈ្មោៈ ម៉ី ភេទ​ស្រី អាយុ​ប្រហែល​20​ឆ្នាំ មិន​ស្គាល់​ទីលំនៅ ជា​អ្នក​យក​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​គេចខ្លួន​។

លោក​អនុសេនីយ៍ឯក ម៉ិច សុ​ភាន់ អធិការរង​នគរបាល​ស្រុក​សំរោង​ទង បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១២​កុម្ភៈ ថា ករណី​នេះ​ជំនាញ​ព្រហ្មទណ្ឌ​កំពុង​សហការ​ជាមួយ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពុង​ធើ្វ​ការ​ស្រាវជ្រាវ​តាម​ចាប់​បក្សពួក​ផ្សេង​ទៀត​ដែល​កំពុង​រត់គេច​ខ្លួន​ជា​បន្តបន្ទាប់ ដោយឡែក​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន កម្លាំង​របស់​លោក​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ចាត់ការ​បន្ត​តាម​នីតិវិធី​។

សូម​រំលឹក​ថា ក្រុម​ជនសង្ស័យ គឺជា​មុខសញ្ញា​ចាស់​ដែល​តែងតែ​ប្រើ​ល្បិច និង​ធ្វើ​សកម្មភាព​វាយ​ប្លន់​បែប​នេះ​ជា​ច្រើន​ដង​មក​ហើយ និង​ស្ថិត​ក្រោម​ការ​តាមដាន​របស់​សមត្ថកិច្ច​ជា​យូរ​មក​ហើយ​ដែរ​៕

ប្រភព៖ កោះសន្តិភាព

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ឃាត់ខ្លួនមុខសញ្ញា៤នាក់​ ភ្ជង់ប្លន់អាជីវកលក់មាស​ "សុខ​ លក្ខិណា"​ នៅកំពង់ចាម

សៀមរាប ៖​ នៅល្ងាចថ្ងៃទី១០​ ខែកុម្ភ:ឆ្នាំ២០១៧​ កម្លាំងសមត្ថកិច្ច​ បានឃាត់ខ្លួនមុខ សញ្ញាជនសង្ស័យ ក្រុមចោរប្លន់ចំនួន៤នាក់​ និងបក្សពួក ដែលបានធ្វើសកម្មភាពភ្ជង់ប្លន់អាជីវករលក់មាស​ នៅជាប់ផ្សារធំថ្មី ខេត្តកំពង់ចាម យីហោ "សុខ លក្ខិណា" យកទ្រព្យសម្បិត្ត គិតជាទឹកប្រាក់អស់សរុបជិត២ម៉ឺនដុល្លារ កាលពី​វេលាម៉ោង៧:២០នាទីព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅនៅចំណុចខាងលិច ជាប់ផ្សារធំថ្មី ស្ថិច​នៅភូមិទី១២ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមកិច្ចសហការយ៉ាងល្អ រវាង កម្លាំងនគរបាលខេត្ត កម្លាំងនគរបាល​រាជធានីភ្នំពេញ កម្លាំងនគរបាលនៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប និងកម្លាំងនគរបាល​នាយកដ្ឋានក្រសួងមហាផ្ទៃ។

ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងនៅទីតាំងផ្សេងគ្នាក្នុងភូមិសាស្ត្រ ក្រុងសៀមរាប កាលពីល្ងាចថ្ងៃទី១០ខែកុម្ភះ ដោយជនសង្ស័យចំនួន២នាក់ត្រូវបានឃាត់ខ្លួននៅចំណុច មុខគ្រុឌ ភូមិថ្នល់ សង្កាត់ស្រង៉ែ បន្ទាប់មកទៀត​ជនសង្ស័យចំនួន០២នាក់ បន្ថែមទៀតត្រូវបានឃាត់នៅចំណុចស្ពាននាគ ភូមិទ្រាំង សង្កាត់ស្លក្រាម និងជន​សង្ស័យម្នាក់ទៀតភេទស្រី ត្រូវបានឃាត់ខ្លួននៅចំណុច ផ្ទះសំណាក់ពុធ្ធារី នៅជិតផ្សារចាស់ ក្រុងសៀមរាប ខេត្តសៀមរាប ។

គួររំលឹកថា​ តាមរបាយការណ៍ជនរងគ្រោះបាត់បង់សម្ភារៈក្នុងករណីប្លន់ខាងលើរួមមាន ទូរស័ព្ទដៃចំនួន៤គ្រឿង,​ លុយខ្មែរប្រហែល៤លានរៀល,​ លុយដុល្លារ ប្រហែល៣ពាន់ដុល្លារ,​ លុយបាត ប្រហែល១០ម៉ឺនបាត និងគ្រឿងមាស ផ្លាកទីន មានតម្លៃប្រហែល១ម៉ឺនដុល្លារ។​ ជនសង្ស័យក្រោយធ្វើការឃាត់ខ្លួន ត្រូវបាន​បញ្ជូនទៅនាយកដ្ឋានព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរបន្ថែម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]