សៀមរាប ៖​ នៅល្ងាចថ្ងៃទី១០​ ខែកុម្ភ:ឆ្នាំ២០១៧​ កម្លាំងសមត្ថកិច្ច​ បានឃាត់ខ្លួនមុខ សញ្ញាជនសង្ស័យ ក្រុមចោរប្លន់ចំនួន៤នាក់​ និងបក្សពួក ដែលបានធ្វើសកម្មភាពភ្ជង់ប្លន់អាជីវករលក់មាស​ នៅជាប់ផ្សារធំថ្មី ខេត្តកំពង់ចាម យីហោ "សុខ លក្ខិណា" យកទ្រព្យសម្បិត្ត គិតជាទឹកប្រាក់អស់សរុបជិត២ម៉ឺនដុល្លារ កាលពី​វេលាម៉ោង៧:២០នាទីព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅនៅចំណុចខាងលិច ជាប់ផ្សារធំថ្មី ស្ថិច​នៅភូមិទី១២ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមកិច្ចសហការយ៉ាងល្អ រវាង កម្លាំងនគរបាលខេត្ត កម្លាំងនគរបាល​រាជធានីភ្នំពេញ កម្លាំងនគរបាលនៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប និងកម្លាំងនគរបាល​នាយកដ្ឋានក្រសួងមហាផ្ទៃ។

ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងនៅទីតាំងផ្សេងគ្នាក្នុងភូមិសាស្ត្រ ក្រុងសៀមរាប កាលពីល្ងាចថ្ងៃទី១០ខែកុម្ភះ ដោយជនសង្ស័យចំនួន២នាក់ត្រូវបានឃាត់ខ្លួននៅចំណុច មុខគ្រុឌ ភូមិថ្នល់ សង្កាត់ស្រង៉ែ បន្ទាប់មកទៀត​ជនសង្ស័យចំនួន០២នាក់ បន្ថែមទៀតត្រូវបានឃាត់នៅចំណុចស្ពាននាគ ភូមិទ្រាំង សង្កាត់ស្លក្រាម និងជន​សង្ស័យម្នាក់ទៀតភេទស្រី ត្រូវបានឃាត់ខ្លួននៅចំណុច ផ្ទះសំណាក់ពុធ្ធារី នៅជិតផ្សារចាស់ ក្រុងសៀមរាប ខេត្តសៀមរាប ។

គួររំលឹកថា​ តាមរបាយការណ៍ជនរងគ្រោះបាត់បង់សម្ភារៈក្នុងករណីប្លន់ខាងលើរួមមាន ទូរស័ព្ទដៃចំនួន៤គ្រឿង,​ លុយខ្មែរប្រហែល៤លានរៀល,​ លុយដុល្លារ ប្រហែល៣ពាន់ដុល្លារ,​ លុយបាត ប្រហែល១០ម៉ឺនបាត និងគ្រឿងមាស ផ្លាកទីន មានតម្លៃប្រហែល១ម៉ឺនដុល្លារ។​ ជនសង្ស័យក្រោយធ្វើការឃាត់ខ្លួន ត្រូវបាន​បញ្ជូនទៅនាយកដ្ឋានព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរបន្ថែម៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]