រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ នៃ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ នៃ​អគ្គ​នគរបាល​ជាតិ សហការ​ជាមួយនឹង​កម្លាំង​នគរបាល​ខណ្ឌចំការមន បាន​ឆ្មក់​ចុះ​បង្ក្រាប​ទីតាំង​ជួញដូរ​ ផ្លូវភេទ​ជ្រក​ក្រោម​ស្លាក​ម៉ាស្សា និង​កោស​ជប់​មួយ​កន្លែង​ដែល​មាន​យីហោ (​ធ្វើ​ស​សៃ​តាម​បែប​បុរាណ​ខ្មែរ​) ដោយ​ធ្វើការ​ឃាត់ខ្លួន​ទាំង​ស្ត្រី​ម្ចាស់​ទីតាំង​ម្នាក់ និង​ស្ត្រី​ប្រកប​មុខរបរ​រកស៊ី​ ផ្លូវភេទ​សរុប​ចំនួន​៧​នាក់​ផង​ដែរ​។

ប្រតិបត្តិការ​បង្ក្រាប​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ៣​និង​០០​នាទី​រសៀល ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅ​ចំណុច​ផ្ទះ​លេខ​៤៧៧ DEo ផ្លូវ​លេខ​៥១៤ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ ពី​មន្ត្រី​នគរបាល​មូលដ្ឋាន​ម្នាក់​ បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រុម​ស្ត្រី​រកស៊ី​ផ្លូវភេទ និង​ស្ត្រី​ជា​ម្ចាស់​ទីតាំង​ ដែល​បាន​ឃាត់ខ្លួន​មាន​ទី​១-​ឈ្មោះ សាង ស្រី​ស្រស់ អាយុ​៣៥​ឆ្នាំ (​ជា​ម្ចាស់​ទីតាំង​)​ទី​២-​ឈ្មោះ ចាន់ រស្មី អាយុ​១៧​ឆ្នាំ ទី​៣-​ឈ្មោះ គៀ គ​ន្ធា អាយុ​៣៧​ឆ្នាំ ទី​៤-​ឈ្មោះ ដាវ ស្រី​ទូច អាយុ​២០​ឆ្នាំ ទី​៥-​ឈ្មោះ យ៉ែ​ម ស្រី អាយុ​២៣​ឆ្នាំ ទី​៦-​ឈ្មោះ អែម ឆា​លក្ខណ៍ អាយុ​២៣​ឆ្នាំ និង​ទី​៧-​ឈ្មោះ ចិន ស្រី​មុំ អាយុ​៣០​ឆ្នាំ​។

ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ ជួញដូរ​ផ្លូវភេទ​នៅ​ក្នុង​ ទីតាំង​ខាងលើ​នេះ​ដែរ គឺ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​មានការ​ស្រាវជ្រាវ​ ពី​កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​ ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន នៃ​អគ្គ​នគរបាល​ជាតិ អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ និង​បានដឹង​ថា​មានការ​បង្កប់​ នូវ​សេវាកម្ម​បម្រើ​ផ្លូវភេទ​ ប្រាកដ​មែន​នោះ​ទើប​ឆ្មក់​ចុះ​បង្ក្រាប​តែ​ម្តង​។

តាម​ប្រភព​ដដែល​ បាន​ប្រាប់​បន្ត​ទៀត​ថា ក្នុង​ប្រតិបត្តិការ​នេះ​ដែរ​កម្លាំង​មាន​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ ជា​ម្ចាស់​ទីតាំង​ម្នាក់ និង​ស្ត្រី​បម្រើ​ផ្លូវភេទ​សរុប​ចំនួន​៧​នាក់ និង​រក​ឃើញ​ស្រោម អនាម័យ​ដែល​ប្រើប្រាស់​រួច និង​មិន​ទាន់​ប្រើប្រាស់​ នៅ​តាម​បន្ទប់​ដែល​ជា​វត្ថុ​តាង​មួយ​ចំនួន​ធំ​ទៀត​ផង​ដែរ​។

ក្រោយ​ពី​ការ​ឆ្មក់​ចុះ​ ប្រតិបត្តិការ​បង្ក្រាប​នេះ ទាំង​ស្ត្រី​ម្នាក់​ជា​ម្ចាស់​ទីតាំង និង​ស្ត្រី​ប្រកប​របរ​រកស៊ី​ផ្លូវភេទ​ទាំង​ ៧​នាក់ រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ធំ​ទៀត ដែល​បាន​ដកហូត​នោះ បាន​នាំ​ទៅ​កាន់​នាយកដ្ឋាន​ ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​អគ្គ​នគរបាល​ជាតិ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវ ច្បាប់​ជា​បន្ត​ទៅ​ទៀត​៕ 

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

កូនស្រីមន្រ្តីរដ្ឋសភាម្នាក់ ត្រូវចោរចូលទៅរឹតកសម្លាប់ដល់ក្នុងបន្ទ​ប់ដេក​ ប្លន់យកគ្រឿងអលង្ការនិងទូរស័ព្ទ នៅខណ្ឌច្បារអំពៅ

(ភ្នំពេញ)៖ នារីក្រមុំម្នាក់ដែលជាកូនរបស់មន្រ្តីរដ្ឋសភា ត្រូវជនល្មើសមិនស្គាល់អត្តសញ្ញាណ ចូលទៅរឹតកសម្លាប់ចោល ដល់ក្នុងប​ន្ទប់ដេក ប្លន់យកទ្រព្យសម្បត្តិជាគ្រឿងអលង្ការ និងទូរស័ព្ទដៃ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង​ជាង១១ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

អំពើប្លន់សម្លាប់នេះ បានកើតឡើងនៅចំណុចផ្ទះលេខ៤៤៣ តាមផ្លូវបេតុង ស្ថិតនៅភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា សពនារីរងគ្រោះឈ្មោះ ពៅ សុភ័ក្រ្ត អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ ត្រូវបានជនដៃដល់​យកខ្សែភ្លើង រឹតកបណ្ដាលសម្លាប់ក្នុងបន្ទប់ដេក។

តាមសេចក្តីរាយការណ៍ពីជិតខាង បានឲ្យដឹងថា អំពើឃាតកម្មនេះ បានដឹងដោយសារតែក្មេងស្រីតូចម្នាក់ ដែលជាប្អូនស្រីរបស់​នារីរងគ្រោះ បានស្រែកយំយ៉ាងខ្លាំង។ នៅពេលកើតហេតុនេះ ខណៈឪពុកម្តាយរបស់នាង បានចេញទៅធ្វើការបាត់។

នៅពេលមានករណីនេះកើតឡើងទាំងអាជ្ញាធរ​ និងសមត្ថកិច្ចជំនាញបានចុះទៅសួរនាំ​ ដើម្បីស្រាវជ្រាវតាមចាប់​ខ្លួនជនដៃដល់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]