ចិន៖ នៅលើលោកនេះ មិនថាតែមនុស្សឬសត្វឡើយ គឺសុទ្ធសឹងតែមានមនោសញ្ចេតនា និងការស្រលាញ់គ្រប់គ្នាៗ។ ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ រឿងហេតុដ៏កម្រមួយ បានកើតឡើងនៅក្នុងប្រទេសចិន ដោយសារតែក្ងានខ្មៅដ៏គួរឲ្យកម្សត់មួយគូ សុខចិត្តមិនស៊ីចំណីអស់រយៈពេលជាច្រើនថ្ងៃ ក្រោយពីអ្នកទេសចរបានធ្វើឲ្យវាឆ្អែតចិត្ត។

ហេតុការណ៍នេះ បានកើតឡើងនៅក្នុងតំបន់ឧទ្យានកម្សាន្តមួយកន្លែង ក្បែរភ្នំ Mount Tai ក្នុងខេត្ត Shangdong ។

បើតាមប្រភពសារព័ត៌មានចិន បានឲ្យដឹងថា ក្ងានខ្មៅមួយគូ បានបង្អត់អាហារខ្លួនឯងមិនព្រមស៊ីចំណី អស់រយៈពេល៤ថ្ងៃទៅហើយ។ បុគ្គលិកម្នាក់ជាអ្នកថែរក្សានៅតំបន់កម្សាន្តខាងលើនេះ បានកត់សម្គាល់តាំងពីថ្ងៃទី១ កុម្ភៈកន្លងទៅនេះមកម្ល៉េះ ដោយសង្កេតឃើញថា ក្ងានខ្មៅមួយគូខាងលើនេះ មានលក្ខណៈកាយវិការខុសប្លែក និងក្រៀមក្រំស្រងូតស្រងាត់ ខុសពីសព្វមួយដង។ ប៉ុន្តែក្រោយពីធ្វើការស៊ើបអង្កេតរួច ទើបដឹងថា ពងចំនួន៥គ្រាប់របស់ក្ងានមួយគូនោះ ត្រូវបានបាត់ទៅដោយអាថ៌កំបាំង ខណៈពុំមាននរណាម្នាក់បានដឹង និងចាប់អារម្មណ៍ឡើយ។

ក្រោយមក នាង Li Yaming ជាអ្នកគ្រប់គ្រងចាត់ការទូទៅមួយរូប នៅតំបន់កម្សាន្តខាងលើ បានទៅឆែកមើលកាមេរ៉ាសុវត្ថិភាពមើល ដោយបានឃើញថា មានភ្ញៀវទេសចរចំនួន២នាក់ បាននាំគ្នាមកឈរថតរូបនៅក្បែរ ទីតាំងសំបុកក្ងានមួយគូខាងលើនោះ អស់រយៈពេលរហូតដល់ទៅជាងកន្លះម៉ោងឯណោះ។

បន្ទាប់ពីពួកគេថតរូបភាព បានជាច្រើនប៉ុស្តិ៍រួច ស្រាប់តែមានម្នាក់ ក្នុងចំណោមពួកគេទាំងពីរ បានចង្អុលទៅកាន់សំបុកពងក្ងាន។ ហើយនេះក៏ជាហេតុមួយ ធ្វើឲ្យអ្នកទេសចរ២រូបនោះ ជាប់ការសង្ស័យពាក់ព័ន្ធ ទៅនឹងរឿងលួចយកពងក្ងាននោះផងដែរ។ កំឡុងពេល ការស៊ើបអង្កេតនៅតែបន្ត គេនៅតែមិនទាន់អាច កំណត់អត្តសញ្ញាណបាននៅឡើយ ថាតើជនសង្ស័យទាំងពីរនាក់ខាងលើនោះ ជានរណាឲ្យប្រាកដទេ។

គួរឲ្យដឹងដែរថា ក្ងានគឺជាសត្វមួយប្រភេទ ដែលត្រូវបានគេអភិរក្ស និងស្រលាញ់យកចិត្តទុកដាក់ ជាទីបំផុតក្នុងប្រទេសចិន ហើយវាថែមទាំង ត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃសេចក្តីស្រលាញ់មួយគ្មានទីបញ្ចប់ផងដែរ ៕ 

ប្រភព៖ Shanghaiist

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀ៖

លោកគ្រូពេទ្យពិការ ត្រូវអ្នកភូមិដាក់ងារថាជា “គ្រូពេទ្យទេវតា” ដោយសារតែ...

ចិន៖ លោកគ្រូពេទ្យម្នាក់ ដែលត្រូវពិការជើង ដោយសារជំងឺតាំងពីកុមារភាព ត្រូវបានអ្នកភូមិដាក់ងារថាជា “គ្រូពេទ្យទេវតា” បន្ទាប់ពីរូបគាត់បានព្យាយាមដើរព្យាបាលជំងឺអ្នកភូមិ អស់រយៈពេលជាង ០៤ទសវត្សរ៍មកហើយ មិនដែលត្អូញត្អែរមួយម៉ាត់ណាឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន People's Daily កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។

ប្រភពព័ត៌មានបានឲ្យដឹងថា លោកគ្រូពេទ្យរូបនេះមានឈ្មោះថា Mou Tianming គាត់បានព្យាបាលជំងឺអ្នកស្រុកជាច្រើន នៅក្នុងភូមិមួយ នាតំបន់ស្វយ័តនីងស៊ាហ៊ួយ (Ningxia Hui) ប្រទេសចិន។ អ្នកស្រុកជាច្រើនដែលបានទទួលការព្យាបាលពីលោកគ្រូពេទ្យរូបនេះ តែងតែហៅគាត់ថាជា“គ្រូពេទ្យទេវតា”។

គួររំឮកថា លោកគ្រូពេទ្យ Mou Tianming បានក្លាយជាមនុស្សពិការ ចាប់តាំងពីពេលដែលគាត់នៅរៀនថ្នាក់បឋមសិក្សាមកម្ល៉េះ ហើយកាលណោះ គឺព្រោះតែលោកមិនអាចទទួលការព្យាបាលឲ្យបានល្អ ដោយសារតែបច្ចេកវិទ្យាពេទ្យ ជំនាន់នោះនៅមានកម្រិតនៅឡើយ។ បើទោះបីជាខ្លួនពិការក៏ដោយ ប៉ុន្តែលោកមិនបានចុះចាញ់នឹងជីវិតនោះទេ ដោយលោកបានចាប់ផ្តើមបង្រៀនដោយខ្លួនឯងអំពីចំណេះដឹងផ្នែកវេជ្ជសាស្រ្ត នៅពេលដែលគាត់នៅរៀនថ្នាក់វិទ្យាល័យ។

ប្រភពព័ត៌មានបន្តថា បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ នៅក្នុងឆ្នាំ១៩៧៧ លោកក៏បានចាប់ផ្តើមធ្វើជាគ្រូពេទ្យព្យាបាលជំងឺនៅភូមិមួយ ក្នុងស្រុក ស៊ីជី (Xiji) ហើយលោកនៅតែបន្តធ្វើការនេះ អស់រយៈពេលជាង ០៤ទសវត្សរ៍មកហើយ។ បើទោះជាមានការលំបាកនៅក្នុងការដើរទៅណាមកណា ប៉ុន្តែលោកគ្រូពេទ្យ Mou Tianming មិនដែលបោះបង់អ្នកភូមិណាម្នាក់ ដែលត្រូវការជំនួយនោះឡើយ។

ទោះបីជាមានភ្លៀងធ្លាក់ ឬថ្ងៃក្តៅយ៉ាងណា លោក Mou Tianming នៅតែតស៊ូដើរទៅផ្ទះអ្នកជំងឺ ដើម្បីព្យាបាលពួកគេ ដោយមិនមានត្អួញត្អែរតាមរយៈសកម្មភាពទាំងអស់នេះហើយ ដែលធ្វើឲ្យអ្នកភូមិគោរពស្រលាញ់ និងចាត់ទុកលោក ជាគ្រូពេទ្យទេវតានោះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]