ចិន៖ លោកគ្រូពេទ្យម្នាក់ ដែលត្រូវពិការជើង ដោយសារជំងឺតាំងពីកុមារភាព ត្រូវបានអ្នកភូមិដាក់ងារថាជា “គ្រូពេទ្យទេវតា” បន្ទាប់ពីរូបគាត់បានព្យាយាមដើរព្យាបាលជំងឺអ្នកភូមិ អស់រយៈពេលជាង ០៤ទសវត្សរ៍មកហើយ មិនដែលត្អូញត្អែរមួយម៉ាត់ណាឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន People's Daily កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។

ប្រភពព័ត៌មានបានឲ្យដឹងថា លោកគ្រូពេទ្យរូបនេះមានឈ្មោះថា Mou Tianming គាត់បានព្យាបាលជំងឺអ្នកស្រុកជាច្រើន នៅក្នុងភូមិមួយ នាតំបន់ស្វយ័តនីងស៊ាហ៊ួយ (Ningxia Hui) ប្រទេសចិន។ អ្នកស្រុកជាច្រើនដែលបានទទួលការព្យាបាលពីលោកគ្រូពេទ្យរូបនេះ តែងតែហៅគាត់ថាជា“គ្រូពេទ្យទេវតា”។ 

គួររំឮកថា លោកគ្រូពេទ្យ Mou Tianming បានក្លាយជាមនុស្សពិការ ចាប់តាំងពីពេលដែលគាត់នៅរៀនថ្នាក់បឋមសិក្សាមកម្ល៉េះ ហើយកាលណោះ គឺព្រោះតែលោកមិនអាចទទួលការព្យាបាលឲ្យបានល្អ ដោយសារតែបច្ចេកវិទ្យាពេទ្យ ជំនាន់នោះនៅមានកម្រិតនៅឡើយ។ បើទោះបីជាខ្លួនពិការក៏ដោយ ប៉ុន្តែលោកមិនបានចុះចាញ់នឹងជីវិតនោះទេ ដោយលោកបានចាប់ផ្តើមបង្រៀនដោយខ្លួនឯងអំពីចំណេះដឹងផ្នែកវេជ្ជសាស្រ្ត នៅពេលដែលគាត់នៅរៀនថ្នាក់វិទ្យាល័យ។

ប្រភពព័ត៌មានបន្តថា បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ នៅក្នុងឆ្នាំ១៩៧៧ លោកក៏បានចាប់ផ្តើមធ្វើជាគ្រូពេទ្យព្យាបាលជំងឺនៅភូមិមួយ ក្នុងស្រុក ស៊ីជី (Xiji) ហើយលោកនៅតែបន្តធ្វើការនេះ អស់រយៈពេលជាង ០៤ទសវត្សរ៍មកហើយ។ បើទោះជាមានការលំបាកនៅក្នុងការដើរទៅណាមកណា ប៉ុន្តែលោកគ្រូពេទ្យ Mou Tianming មិនដែលបោះបង់អ្នកភូមិណាម្នាក់ ដែលត្រូវការជំនួយនោះឡើយ។

ទោះបីជាមានភ្លៀងធ្លាក់ ឬថ្ងៃក្តៅយ៉ាងណា លោក Mou Tianming នៅតែតស៊ូដើរទៅផ្ទះអ្នកជំងឺ ដើម្បីព្យាបាលពួកគេ ដោយមិនមានត្អួញត្អែរតាមរយៈសកម្មភាពទាំងអស់នេះហើយ ដែលធ្វើឲ្យអ្នកភូមិគោរពស្រលាញ់ និងចាត់ទុកលោក ជាគ្រូពេទ្យទេវតានោះ៕ 

ប្រភព៖ People's Daily

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ហេតុតែស្រលាញ់! ទោះត្រឹមជាត្រីមាស មួយក្បាលក៏ដោយ តែម្ចាស់ហ៊ានជួលគ្រូពេទ្យឲ្យវះកាត់ ព្យាបាលជំងឺ។

ត្រីមាសឈ្មោលមួយក្បាល ដែលមានដុះដុំសាច់មរណៈនៅលើព្រុយរបស់វា ត្រូវបានក្រុមគ្រូពេទ្យវះកាត់យកចេញដោយជោគជ័យ ដើម្បីព្យាបាល បន្ទាប់ពីម្ចាស់ដ៏ស្មោះស្ម័គ្ររបស់វា បានចំណាយលុយប្រមាណ ២៥០ដុល្លារ ជួលគ្រូពេទ្យឲ្យវះកាត់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន មីរ័រ របស់អង់គ្លេស កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។

ប្រភពព័ត៌មានបានឲ្យដឹងថា កូនត្រីនេះមានឈ្មោះ Bob វាមានប្រវែងជាង ៧សង់ទីម៉ែត្រ មកពីតំបន់ Norfolk ភាគខាងកើតប្រទេសអង់គ្លេស។ ត្រីមួយក្បាលនេះ ត្រូវបានគ្រួសារមួយ ដែលជាម្ចាស់របស់វា ប្រញាប់ប្រញាល់នាំទៅកាន់មន្ទីរពេទ្យសត្វ បន្ទាប់ពីពួកគេបានប្រទះឃើញ មានដុំសាច់ដ៏ចម្លែកមួយដុះនៅលើព្រុយរបស់វា។

ប្រភពព័ត៌មានបានឲ្យដឹងថា ដុំសាច់ដ៏គ្រោះថ្នាក់នោះ បានធ្វើឲ្យត្រីមាស មួយក្បាលនោះធ្វើសកម្មភាពចម្លែកៗ ហើយមិនតែប៉ុណ្ណោះវាថែមទាំងហែលទឹកថយក្រោយ នៅក្នុងអាងរបស់វាថែមទៀតផង។ ប៉ុន្តែបើទោះបីជាកូនត្រី Bob មានប្រវែងប្រហែលម្រាមដៃមួយក៏ដោយ ក៏ក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យសត្វ Toll Barn Veterinary Centre បានចំណាយពេលដល់ទៅ ៣០នាទី ដើម្បីធ្វើការវះកាត់យកដុំសាច់នោះចេញ។

បន្ទាប់ពីយកកូនត្រី Bob មកដាក់លើតុវះកាត់ ដែលមានក្រាលកន្លែងសើមពីក្រោម ក្រុមគ្រូពេទ្យបានដាក់បំពងទឹកតូចមួយចូលក្នុងមាត់របស់វា និងចាក់ថ្នាំស្ពឹក ដើម្បីកាត់បន្ថយការឈឺចាប់ នៅពេលធ្វើការវះកាត់ មិនតែប៉ុណ្ណោះពួកគេបានភ្ជាប់កូនត្រីនោះទៅនឹងម៉ាស៊ីនពិនិត្យចង្វាក់បេះដូងផងដែរ ដើម្បីត្រួតពិនិត្យស្ថានភាព។ ដោយមានជំនួយពីទឹកដែលធ្វើឲ្យត្រីនោះនៅរស់ ក្រុមគ្រូពេទ្យបានពាក់កែវពង្រីក រួមទាំងកន្ល្រៃដ៏តូច ដើម្បីធ្វើការវះកាត់ដុំសាច់ដ៏តូចនោះចេញ។

ជាទូទៅត្រីមាស មិនអាចរស់បានយូរជាង ១៥ឆ្នាំ ទេ ប៉ុន្តែតាមការឲ្យដឹងរបស់ម្ចាស់វា ត្រីមួយក្បាលនោះ មានអាយុដល់ទៅ២០ឆ្នាំ ហើយម្ចាស់របស់វាសប្បាយចិត្តជាខ្លាំងនៅពេលដែលដឹងថា ក្រុមគ្រូពេទ្យបានធ្វើការវះកាត់ដោយជោគជ័យ។ បន្ទាប់ពីចំណាយពេលកន្លះម៉ោងលើការវះកាត់ ត្រីមួយក្បាលនោះអាចត្រឡប់ទៅផ្ទះវិញបានហើយ និងមានសុខភាពល្អថែមទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]