(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈ Facebook ផ្លូវការរបស់សម្តេចបានបង្ហាញនូវពាក្យថា៖ «ខ្ញុំនៅមានទុក្ខជាមួយការ បាត់បង់មិត្តភ័ក្រគឺលោក ម៉ា សេរីដែលបានលាចាកលោកនេះនាព្រឹកម៉ិញនេះ, ខ្ញុំបាត់ដៃគូរដែលតែងហៅ រកសួរនាំពីបញ្ហាកីឡា»។

នៅព្រឹកថ្ងៃទី០8 ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះទោះបីខ្ញុំរីករាយជាមួយបុណ្យបញ្ចុះខណ្ឌសីមានៅវត្ត ព្រែកប្រាក៏ដោយ តែ ខ្ញុំនៅមានទុក្ខជាមួយការបាត់បង់មិត្តភ័ក្រគឺលោក ម៉ា សេរី ដែលបានលាចាកលោកនេះនាព្រឹកមិញនេះ។ ខ្ញុំបានជួបលោកម៉ា សេរី តាមទូរសព្ទ័ បន្ទាប់មកបន្តឆ្លងឆ្លើយ គ្នាតាម Line ដែលខ្ញុំបង្ហាញជូននេះ។ តាមគំរោងព្រឹកនេះខ្ញុំនឹងផ្ញើសារសួរសុខទុក្ខគាត់ទៀត តែមិននឹកស្មានថាខ្ញុំទទួលសារពីលោក ហ៊ុយ វណ្ណៈ ថា លោក ម៉ា សេរី ទទួលមរណភាពទៅហើយ។ ខ្ញុំបាត់ដៃគូរដែលតែងហៅរកសួរនាំពីបញ្ហាកីឡា។ ក្រៅពីសាររំលែកទុក្ខខ្ញុំគ្មានពាក្យ អ្វីក្រៅពីពាក្យថាលាហើយជាមួយទឹកភ្នែកដើម្បីជូនដំណើរនោះឡើយ»។

ខាងក្រោមនេះជាសាររបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើសួរសុខទុក្ខលោក ម៉ា សេរី ពេលកំពុងព្យាបាលជំងឺ៖

១៖ សម្តេចតេជោ ហ៊ុន សែន (ថ្ងៃទី៣០ ខែមករា ម៉ោង១០៖៣០ព្រឹក)៖ ជូនពរលោក ម៉ា សេរី ជំនះបានលើពេលវេលាដ៏លំបាកនេះ។ ហ៊ុន សែន

២៖ ម៉ា សេរី (ថ្ងៃទី៣០ ខែមករា ម៉ោង១៣៖១៨នាទី)៖ អរព្រះគុណដ៏ជ្រាលជ្រៅសម្តេច

៣៖ ម៉ា សេរី (ថ្ងៃទី០៣ ខែកុម្ភៈ ម៉ោង១១៖៥៣នាទី)៖ គោរពជូនសម្តេចជាទីគោរពដ៏ថ្លៃថ្លា នៅវេលាម៉ោង១១៖៣០ព្រឹក ថ្ងៃទី០៣កុម្ភៈនេះ ខ្ញុំបានរើចេញពីមន្ទីរពេទ្យរុស្ស៊ីហើយ ព្រោះគ្រូពេត្យបានប្រាប់ថា ពួកគាត់អស់លទ្ធភាពព្យាបាលហើយ។ ប៉ុន្មានថ្ងៃមុខ បើខ្ញុំបាទឈឺទ្រាំមិនបាន ឲ្យខ្ញុំបាទត្រឡប់មកវិញចុះ គាត់នឹងព្យាយាមជួយបន្តទៀត។ ដោយសេចក្តីគោរពដ៏ថ្លៃថ្លាបំផុត ពីខ្ញុំ ម៉ា សេរី។

៤៖ សម្តេចតេជោ ហ៊ុន សែន (ថ្ងៃទី០៣ ខែកុម្ភៈ ម៉ោង១២៖១៩នាទី)៖ ខិតខំព្យាលបន្តនៅផ្ទះតាមការណែនាំ របស់ពេទ្យ។ សូមជូនពរដើម្បីជំនះលើការលំបាកនេះ។

៥៖ ម៉ា សេរី (ថ្ងៃទី០៣ ខែកុម្ភៈ ម៉ោង១២៖៥១នាទី)៖ អរគុណនូវសណ្តានចិត្តគាំទ្ររបស់សម្តេច គុណបំណាច់ដ៏ធំធេងនេះ ខ្ញុំបាទនឹងក្រុមគ្រួសារគ្មានថ្ងៃបំភ្លេចបានឡើយ។

តាមរយៈសារឆ្លើយឆ្លងសួរសុខទុក្ខនេះអាចបង្ហាញថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមួយដែលតែងតែគិតអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ មិនថាឋានៈខ្ពស់ទាប វណ្ណៈពណ៌សំបុរអ្វីឡើយ ដែលនេះជាសកម្មភាពដ៏ប្រពៃមួយដែលកម្រមានមេដឹកនាំថ្នាក់កំពូលយកចិត្តទុក្ខយ៉ាងនេះណាស់។

សូមជំរាបថា លោក ម៉ា សេរី ប្រធានផ្នែកកម្មវិធីកីឡារបស់ស្ថានីយ៍ទូរទស្សន៍ CTN CNC MyTV បានទទួលមរណភាពនៅវេលាម៉ោង​៥៖៥៤នាទីព្រឹកថ្ងៃទី៨ ខែកុម្ភ:​ ឆ្នាំ២០១៧នេះ នៅមន្ទីរពេទ្យរុស្ស៊ី៕

ប្រភព៖ Fresh News

គួររំលឹកព័ត៌មានពាក់ព័ន្ធ៖ លោក ម៉ា សេរី បានទទួលមរណភាព នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈនេះ

លោក ម៉ា សេរី​ បានទទួលមរណភាពហើយ នៅវេលាម៉ោង​៥៖៥៤នាទីព្រឹកថ្ងៃទី៨ ខែកុម្ភ:​ ឆ្នាំ២០១៧នេះ នៅមន្ទីរពេទ្យរុស្ស៊ី នេះបើតាមលោក ហ៊ុយ វណ្ណៈ ថ្លែងប្រាប់ឲ្យដឹងយ៉ាងដូច្នេះនៅមុននេះបន្តិច។

លោក ហ៊ុយ វណ្ណៈ បានឲ្យដឹងថា ក្រោយពីសម្រាកពេទ្យមួយរយ:​ គាត់នឹកផ្ទះសុំពេទ្យទៅសម្រាកនៅផ្ទះបាន២ថ្ងៃ។ ពេទ្យអនុញ្ញាតហើយពេទ្យបានទៅ ជួយតាមថែដល់ផ្ទះ។ ពីរថ្ងៃមុននេះស្ថានភាពចុះដុនដាប គ្រួសារក៏បញ្ជូនមកពេទ្យវិញ។ កូនគាត់ប្រាប់ថា ពេលនោះគាត់មិនចង់មកពេទ្យវិញទេ​ តែកូនទាំងអស់គ្នា និងប្រពន្ធគាត់សុំគាត់មកឱ្យសម្រាកនៅពេទ្យ។ ឥឡូវនេះ​សពលោក ម៉ា សេរី បានតម្កល់នៅផ្ទះរបស់គាត់ម្តុំអូបែកក្អម ជិតកាកបាទក្រហមកម្ពុជា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]