ថៃ៖ ក្រុមហ៊ុន ទ្រីផេដ អ៊ីស៊ូហ្ស៊ុ សេល ខូអីលធីឌី សង្កត់ធ្ងន់លើទំនុកចិត្តចំពោះសក្ដានុពលរបស់ប្រទេសថៃ ក្នុងនាមជាមូលដ្ឋានផលិតរថយន្តសម្រាប់ពាណិជ្ជកម្មរបស់អ៊ីស៊ូហ្ស៊ុកម្រិតពិភពលោក ដោយនាំប្រព័ន្ធផ្សព្វផ្សាយកម្ពុជាមកមើលរោងចក្រទំនើបបំផុត “អ៊ីស៊ូហ្ស៊ុហ្គេតវ៉េយ៍” ដែលជាមូលដ្ឋានផលិតមួយ ក្នុងចំណោមមូលដ្ឋានផលិតទាំងបី ក្រោយទុនវិនិយោគខ្ពស់រហូតដល់ ៦.៥០០ លានបាត ក្នុងតំបន់ឧស្សាហកម្មហ្គេតវ៉េយ៍ស៊ីធី ក្នុងខេត្តឆាក់ឆឺងសៅ មានទំហំផ្ទៃដី ៦០០.០០០ ម៉ែត្រក្រឡា ព្រមទាំងបទដ្ឋានផលិតទាន់សម័យ និងសម្បូរបែប ធ្វើឱ្យអ៊ីស៊ូហ្ស៊ុអាចបន្ថែមសក្ដានុពលក្នុងការផលិតរថយន្តភីកអាប់សរុបចំនួន ៤០០.០០០ គ្រឿងក្នុងមួយឆ្នាំ និងផលិតរថយន្តដឹកទំនិញខ្នាតមធ្យម និងខ្នាតធំបានសរុបចំនួន ៣០.០០០ គ្រឿងក្នុងមួយឆ្នាំ ដោយអាចផ្គត់ផ្គង់រថយន្តអ៊ីស៊ូហ្ស៊ុមានគុណភាពលំដាប់ពិភពលោក ជូនដល់អតិថិជនទូទាំងប្រទេសថៃ និងនៅក្រៅប្រទេស។

ប្រទេសថៃគឺជាបេះដូងដ៏សំខាន់នៃមូលដ្ឋានផលិតរថយន្តភីកអាប់ដ៏សម្បូរបែបបំផុតរបស់អ៊ី ស៊ូហ្ស៊ុ ចាប់តាំងពីអ៊ីស៊ូហ្ស៊ុបានសម្រេចចិត្តផ្លាស់មូលដ្ឋានផលិតរថយន្តភីកអាប់ពីប្រទេសជប៉ុនមកកាន់ប្រទេសថៃតាំងពីឆ្នាំ ២០០២ មក។ បច្ចុប្បន្ន អ៊ីស៊ូហ្ស៊ុមានរោងចក្រផលិតរថយន្តភីកអាប់ចំនួនពីរកន្លែងគឺ រោងចក្រអ៊ីស៊ូហ្ស៊ុសំរោង ក្នុងខេត្តសមុទ្រប្រាកាន និងរោងចក្រអ៊ីស៊ូហ្ស៊ុហ្គេតវ៉េយ៍ ក្នុងខេត្តឆាក់ឆឺងសៅ ដោយរួមមានកម្មករនិយោជិតក្នុងរោងចក្រទាំងពីរសរុបជាង ៥.៥០០ នាក់ ហើយមានកម្លាំងផលិតខ្ពស់រហូតដល់ ៤០០.០០០ គ្រឿងក្នុងមួយឆ្នាំ ហើយថែមទាំងមានបែបបទនៃការផលិតប្រកបប្រសិទ្ធភាពខ្ពស់ ដែលអាចជួយឱ្យក្រុមអ៊ីស៊ូហ្ស៊ុក្នុងប្រទេសថៃ រួមទាំងការផលិត ការអភិវឌ្ឍ ការលក់ ព្រមទាំងការនាំចេញ អាចពង្រីកអាជីវកម្មក្នុងការផ្ដល់ជូនយានយន្តមានគុណភាពខ្ពស់ ដើម្បីឱ្យអ្នកប្រើប្រាស់រថយន្តជាជនជាតិថៃ និងអ្នកប្រើប្រាស់រថយន្តទូទាំងពិភពលោក បំពេញទៅតាមសេចក្ដីត្រូវការកាន់តែខ្លាំងថែមទៀត។ ជាពិសេស រោងចក្រអ៊ីស៊ូហ្ស៊ុហ្គេតវ៉េយ៍នេះ អាចដំណើរការផលិតរថយន្តយ៉ាងមានប្រសិទ្ធភាព និងសព្វជ្រុងជ្រោយ រួមទាំងការផលិតចេញនូវបំណែកផ្សេងៗនៃរថយន្ត រហូតដល់ការតម្លើងចេញជារថយន្តអ៊ីស៊ូហ្ស៊ុមានគុណភាពខ្ពស់ ដើម្បីផ្ដល់សេចក្ដីសុខជូនដល់មនុស្សទូទាំងពិភពលោក ដោយមានការត្រិះរិះរកវិធី ផ្សេងៗ ដើម្បីរក្សាបទដ្ឋានផលិតរថយន្តឱ្យមានគុណភាពខ្ពស់ ដោយប្រើបច្ចេកវិទ្យាផលិតរថយន្តយ៉ាងមានប្រសិទ្ធភាព និងសព្វជ្រុងជ្រោយ រួមមាន៖

សាលតម្លើងតួរថយន្ត មានការប្រើប្រាស់មនុស្សយន្តទាន់សម័យបំផុត នៅក្នុងការផ្គុំបំណែកផ្សេងៗនៃតួរថយន្ត និងបច្ចេកវិទ្យាតម្លើងខ្ពស់បំផុត ធ្វើឱ្យតួរថយន្តមានលក្ខណៈជាប់ធន់បានយូរអង្វែង។

ដើម្បីឱ្យរថយន្តអ៊ីស៊ូហ្ស៊ុមានគុណភាពធ្វើការងារបានល្អបំផុត ក្រុមហ៊ុនអ៊ីស៊ូហ្ស៊ុម៉ូទ័រ (ប្រទេសថៃ) បានបង្កើតរោងចក្របាញ់ថ្នាំ និងលាបថ្នាំរបស់រោងចក្រនៅហ្គេតវ៉េយ៍ ដោយផ្អែកលើទស្សនវិស័យបីសំខាន់ៗគឺ៖

• គុណភាពល្អបំផុត៖ ដោយការជ្រើសរើសប្រើបច្ចេកវិទ្យាទាន់សម័យបំផុត ហៅថា “រ៉ូ-ឌិប” (Ro-Dip) ធ្វើឱ្យការស្រោបការពារច្រេះបានសព្វល្អ កាត់បន្ថយការរបកកន្ទួល កាត់បន្ថយការសេសសល់កំ ទេចធូលី កាត់បន្ថយការឡើងច្រេះ ដែលអាចជួយពន្យារយៈពេលនៃការប្រើប្រាស់រថយន្តបាន យូរ។

• ប្រសិទ្ធភាពខ្ពស់បំផុត៖ ប្រើប្រាស់ប្រព័ន្ធ “ស្រ៊ី-វ៉េត” (Three-wet) ក្នុងការបាញ់ថ្នាំ ដោយបាញ់ជាបន្តបន្ទាប់ចំនួនបីជាន់ ដើម្បីឱ្យពណ៌មានគុណភាពខ្ពស់បំផុត និងជួយសន្សំសំចៃថាមពល។

• បរិយាកាសការងារល្អបំផុត៖ រចនាម៉ូតឡអប់របស់រោងចក្របាញ់ថ្នាំឱ្យនៅជាន់ខ្ពស់បំផុតនៃរោងចក្រ ដើម្បីកាត់បន្ថយសីតុណ្ហភាព ក្នុងការធ្វើការងាររបស់កម្មករនិយោជិត។

ហេតុនេះ ដំណើរការការបាញ់ថ្នាំរថយន្ត ដែលចាប់ផ្ដើមចេញពីការជ្រលក់ពណ៌តួរថយន្តទាំងមូល ដើម្បីបង្ការការឡើងច្រេះ ដោយរួមមានបីផ្នែកគឺ៖ ការលាងជម្រះកំណកខ្លាញ់ ការជ្រលក់ថ្នាំគីមី និងការជ្រលក់ពណ៌ដោយបន្ទុកអគ្គិសនី ដោយប្រើបច្ចេកវិទ្យាទាន់សម័យបំផុតហៅថា "រ៉ូ-ឌិប” ដែលបង្វិលតួរថយន្តចុះទៅក្នុងអាងជ្រលក់ពណ៌ ដោយបច្ចេកវិទ្យានេះធ្វើឱ្យអាចស្រោបការពារច្រេះបានសព្វល្អ និងមានប្រសិទ្ធភាពខ្ពស់ ថ្នាំពណ៌ស្រោបមានភាពក្រាសស្មើល្អពេញតួរថយន្តទាំងមូល។ បន្ទាប់មក នៅមានការបាញ់ថ្នាំផ្នែកខាងក្រៅតួរថយន្តជាបន្តបន្ទាប់ចំនួនបីជាន់ទៀត គឺបាញ់ថ្នាំទ្រាប់បាត បាញ់ថ្នាំពិត និងថ្នាំស្រោបរលោង។ ការបាញ់ស្រោបថ្នាំនេះនឹងជួយការពារការលេចជ្រាប និងធ្វើឱ្យការបាញ់ថ្នាំជាន់បន្តបន្ទាប់ទៀតស្រោបជិតល្អ។ បន្ទាប់ពីនោះទើបបញ្ជូនទៅអប់សម្ងួតតែក្នុងមួយដំណាក់កាល ហេតុនេះទើបធ្វើឱ្យពណ៌រថយន្តមានគុណភាពខ្ពស់បំផុត និងជួយសន្សំថាមពល។ ពេលជ្រលក់ពណ៌រួចរាល់ និងបាញ់ថ្នាំគ្រប់ដំណាក់កាលហើយ បុគ្គលិកជំនាញនឹងធ្វើការត្រួតពិនិត្យរថយន្តមួយគ្រឿងៗយ៉ាងល្អិតល្អន់ ដើម្បីរក្សាបទដ្ឋានខ្ពស់បំផុតរបស់អ៊ីស៊ូហ្ស៊ុ។

នេះជាការបាញ់ថ្នាំដោយប្រើមនុស្សយន្ដ

ចំណែកសាលតម្លើងរថយន្តដំណាក់កាលចុងក្រោយ គឺមានផ្នែកការផលិតការតម្លើងជើងក្រោម ដែលតម្លើងគ្រឿងចក្រ និងប្រអប់លេខ ការផ្គុំគ្រឿងបន្លាស់របស់បន្ទប់អ្នកជិះជាមួយ និងការផ្គុំគ្រឿងបន្លាស់ផ្នែកផ្ទុកទំនិញខាងក្រោយ និងការងារផ្សេងៗទៀត ដោយក្នុងនោះគ្រប់ដំណើរការទាំងអស់ត្រូវបានរៀបចំធ្វើដោយការយកចិត្តទុកដាក់យ៉ាងប្រណិត ធ្វើឱ្យកើតចេញជារថយន្តអ៊ីស៊ូហ្ស៊ុដែលបានឆ្លងកាត់ដំណើរការតម្លើងរួចរាល់យ៉ាងបរិបូណ៍ ត្រៀមជាស្រេចសម្រាប់ជំហានបន្ទាប់ទៀត។

ក្រោយពីនោះ រោងចក្រពិនិត្យគុណភាពដំណាក់កាលចុងក្រោយ ដោយធ្វើការពិនិត្យគុណភាពរថយន្តមួយគ្រឿងម្ដងៗយ៉ាងល្អិតល្អន់ម្ដងទៀត ដើម្បីឱ្យប្រាកដថា រថយន្តអ៊ីស៊ូហ្ស៊ុទាំងអស់សុទ្ធតែបានឆ្លងកាត់ល័ក្ខខ័ណ្ឌវិនិច្ឆ័យនៃបទដ្ឋានគុណភាពខ្ពស់បំផុត ដើម្បីអាចត្រៀមខ្លួនរួចរាល់ក្នុងការផ្ដល់ជូននូវរថយន្តអ៊ីស៊ូហ្ស៊ុមានគុណភាពលំដាប់ពិភពលោកជូនដល់អតិថិជនទូទាំងប្រទេសថៃ និងនៅក្រៅប្រ ទេស។

អ៊ីស៊ូហ្ស៊ុ ធ្វើសកម្មភាពតាមប្រព័ន្ធគ្រប់គ្រងការផលិតដ៏លេចធ្លោហៅថា IMM ឬ Isuzu Manufacturing Management ដែលជាសកម្មភាពគ្រប់គ្រងការផលិតរបស់ក្រុមអាជីវកម្មអ៊ីស៊ូហ្ស៊ុ ដើម្បីការពារកុំឱ្យមានការនាំយករថយន្តមិនមានបទដ្ឋានត្រឹមត្រូវចូលទៅកាន់ទីផ្សារ ដោយសកម្មភាព IMM និងដំណើរការពិនិត្យគុណភាពក្នុងសង្វាក់ផលិតកម្ម ដើម្បីពិនិត្យគុណភាពគ្រឿងបរិក្ខានីមួយៗ មុនពេល តម្លើង ធ្វើឱ្យអាចទុកចិត្តបានចំពោះការគ្រប់គ្រងគុណភាព និងប្រសិទ្ធភាពក្នុងការផលិតរបស់អ៊ីស៊ូហ្ស៊ុ។

ក្រៅពីនេះ រោងចក្រអ៊ីស៊ូហ្ស៊ុហ្គេតវ៉េយ៍ ថែមទាំងផ្តោតការយកចិត្តទុកដាក់យ៉ាងសំខាន់ទៅលើការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមគោលការណ៍សរីរសាស្ត្រ ដើម្បីជួយកាត់បន្ថយការហត់នឿយ ភាពតានតឹង និងគ្រោះថ្នាក់ចំពោះបុគ្គលិក ដោយក្នុងនោះក៏រួមបង្កើតឱ្យបរិយាកាសការងារល្អ និងងាយស្រួលសម្រាប់ការធ្វើការងារ ដោយរាប់បញ្ចូលទាំងការរចនាម៉ូតឡអប់រថយន្តរបស់រោងចក្របាញ់ថ្នាំឱ្យស្ថិតនៅជាន់លើបំផុត ដើម្បីកាត់បន្ថយសីតុណ្ហភាពក្នុងការធ្វើការងារជាដើម។

អស់រយៈពេល ៦០ឆ្នាំ នៃដំណើរការអាជីវកម្មក្នុងប្រទេសថៃកន្លងមក ក្រុមអាជីវកម្មអ៊ីស៊ូហ្ស៊ុ ប្ដេជ្ញាចិត្តកែច្នៃយានយន្ត ដែលមិនត្រឹមតែអាចជួយដឹកជញ្ជូនទំនិញ និងមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដឹកជញ្ជូននូវក្ដីសង្ឃឹម និងជោគជ័យជូនដល់មនុស្សទូទាំងពិភពលោក ឱ្យបានទទួលសេចក្ដីសុខពីការប្រើប្រាស់រថយន្តអ៊ីស៊ូហ្ស៊ុថែមទៀតផង ដោយអនុលោមតាមទស្សនវិស័យរបស់ក្រុមហ៊ុនដែលចែងថា “អ្នកប្រើប្រាស់សប្បាយចិត្ត ចំណូលកើនឡើង ជួយឱ្យសង្គមអភិវឌ្ឍ” ឬហៅថា “វិថីអ៊ីស៊ូហ្ស៊ុ”៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]