(ភ្នំពេញ)៖ ក្រោយពីមានការផ្សព្វផ្សាយថា អ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅតែបន្តរិះគន់ភាពយឺតយ៉ាវ កន្លែង X-Ray (ត្រួតពិនិត្យឥវ៉ាន់យួរដៃ) នាំឲ្យកកស្ទះរាល់​ថ្ងៃមុនឡើង​យន្តហោះ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧មានមន្ដ្រីថ្នាក់លើ បានចុះទៅពិនិត្យជាក់ស្ដែង ប៉ុន្ដែមិនមានចំណាត់ការអ្វីទាំងអស់។

នេះបើតាមមន្ដ្រីបម្រើការនៅព្រលានយ​ន្ដហោះអន្ដរជាតិភ្នំពេញ បានឲ្យដឹងនៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧។

ជាមួយគ្នានេះ ក្រុមភ្ញៀវជាតិ និងអន្ដរជាតិ ព្រមទាំងមន្ដ្រីពាក់ព័ន្ធនៅទីនោះ បានធ្វើការអំពាវនាវ ដល់ថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិល ក៏ដូចជានាយកព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ មេត្តាជួយមានចំណាត់ចំពោះករណីនេះផង ដើម្បីកុំឲ្យបន្ដមានការថ្នាំថ្នាក់ ជាមួយភ្ញៀវបែបនេះបន្ដទៀត។​

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ អ្នកដំណើរក៏បានសុំឲ្យអង្គភាព Fresh News ចុះផ្សាយពីភាពយឺតយ៉ាវទាំងនេះ ប៉ុន្តែរហូតមកដល់់ពេលនេះ ថ្នាក់ដឹកនាំព្រលានយន្តហោះ និងមន្រ្តីពាក់ព័ន្ធមិនទាន់មានដំណោះស្រាយ​នោះទេ ពោលនៅតែទុកបណ្តែតបណ្តោយ ឲ្យមានបញ្ហានេះកើតឡើងដដែល។

ជាថ្មីម្តងទៀត នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧​ ក្រុមភ្ញៀវដែលត្រូវធ្វើដំណើរតាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅតែមានសភាពយ៉ាងណែនណាប់ បានឈរតម្រង់ជួរគ្នា ដើម្បីឆ្លងកាត់ កន្លែង X-Ray ដោយសារតែបុគ្គលិកធ្វើការនៅទីនោះតិចពេក ហើយធ្វើឲ្យភ្ញៀវម្នាក់ៗ ក្រវីក្បាលគ្រប់ៗគ្នា ចំពោះការរង់ចាំ និងការធ្វើការមួយៗរបស់បុគ្គលិក។

ភ្ញៀវជនជាតិខ្មែរដែលត្រូវធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះ បាននិយាយថា មានភ្ញៀវជាច្រើននាក់ជាពិសេសបរទេសតែម្តង បានមករង់ចាំនៅកន្លែង X-Ray ក្រោយ Check-in រួច គឺយឺតយ៉ាវណាស់ ហើយបុគ្គលិក ក៏តិចទៀត Check ម្តងមួយៗ មិនដឹងពេលណាចប់ទេ ចឹងសូមឲ្យថ្នាក់ដឹកនាំ ដែលគ្រប់គ្រងនៅព្រលានយន្តហោះហ្នឹងជួយរកដំណោះស្រាយផង។

បើតាមអ្នកដំណើររូបនេះ បានបញ្ជាក់ថា បាតុភាពបែបនេះ បានកើតឡើងយូរថ្ងៃមកហើយ តែមិនទាន់ឃើញមានការដោះស្រាយទេ ដែលនាំឲ្យមានការរិះគន់ពីក្រុមភ្ញៀវយ៉ាងខ្លាំង ជាពិសេសនោះគឺប៉ះអារម្មណ៍ភ្ញៀវអន្តរជាតិតែម្តង៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ក្រសួងទេសចរណ៍៖ ព្រះអាទិត្យរះលើកំពូល​ប្រាសាទ​អង្គរ នឹងកើតឡើង​ជាថ្មី នៅចន្លោះ​ថ្ងៃ២០-២១ ខែមីនា​ខាងមុខ

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរថា នៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ខាងមុខ នឹងកើតមានបាតុភូតព្រះអាទិត្យរះ ចំកំពូលប្រាសាទអង្គរវត្ត (EQUINOX) ជាថ្មី។

ក្រសួងទេសចរណ៍ ក៏បានអំពាវនាវដល់សាធារណជន ក៏ដូចជាភ្ញៀវជាតិ-អន្តរជាតិ ចូលរួមប្រកួតប្រជែងថតរូប Selfie ទាំងអស់គ្នា ដើម្បីចូលរួមផ្សព្វផ្សាយ ព្រឹត្តិការណ៍ដ៏មហស្ចារ្យនេះ ទៅកាន់ពិភពលោកឲ្យបានឃើញ និងបានស្គាល់ពីប្រទេសកម្ពុជា កាន់តែទូលំទូលាយថែមទៀត។

សូមជម្រាបថា បាតុភូតព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តនេះ តែងតែកើតមានឡើង ២ដងក្នុងមួយឆ្នាំ។ បាតុភូតនេះ ស្ដែងឱ្យឃើញពីអច្ឆរិយភាពនៃប្រាសាទអង្គរ ដែលបុព្វបុរសខ្មែរបានសាងសង់ឡើង ប្រកបដោយការគិតគូរយ៉ាងច្បាស់លាស់ និងមានការផ្សាភ្ជាប់ជាមួយបាតុភូតធម្មជាតិគួរឱ្យស្ញប់ស្ញែង៕

សូមអានខ្លឹមសារលម្អិត ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដូចខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]