(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក អ៉ឹង សុងលាភ អ្នកគ្រប់គ្រងផលិតកម្មហង្សមាស បានចេញមុខបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ខុសការពិត របស់កញ្ញា ឈិត សុវណ្ណបញ្ញា ដែលបានរិះគន់ធ្ងន់ៗចំពោះក្រុមហ៊ុន និងបានលើកឡើងថា ការចាកចេញរបស់នាង នាពេលនេះគឺដោយសារ ក្រុមហ៊ុនមិនបានចេញ Solo អាល់ប៊ុមឲ្យរូបនាង។

ឆ្លើយតបនឹងការលើកឡើងរបស់កញ្ញា ឈិត សុវណ្ណបញ្ញា ថាអស់រយៈពេលជាង១១ឆ្នាំ ផលិតកម្មមិនបានធ្វើអ្វីល្អចំពោះរូបនាង, ត្រូវបានលោក អ៉ឹង សុងលាភ ប្រតិកម្មទៅវិញយ៉ាងដូច្នេះថា «តើតារាចម្រៀង ឈិត សុវណ្ណបញ្ញា មានកេរ្តិ៍សព្វថ្ងៃនេះដោយសារអ្នកណា, តើ១១ឆ្នាំមុន នាងនៅឯណា ហេតុអ្វីចាំបាច់រិះគន់ និងប្រមាថកន្លែង ដែលធ្លាប់ផ្តល់ការភាពល្បីល្បាញ និងកេរ្តិ៍ដល់នាងទៅវិញ»

លោក អ៉ឹង សុងលាភ បានបន្តថ្លែងប្រាប់យ៉ាងដូច្នេះថា៖ «ពេលដែលគាត់មិនទាន់ចូលហង្សមាស ដើរច្រៀងតាមកន្លែងផ្សេងៗ គឺប្រៀបដូចជាក្មេងកំព្រា ម្នាក់ដែលគ្មានទីពឹង បន្ទាប់ពីយើងយកគាត់មកកាន់ផលិតកម្ម យើងបានចិញ្ចឹម​បីបាច់ថែរក្សា បានធ្វើឲ្យជីវិតគាត់ផ្លាស់ប្តូរពីអ្វីដែល គេមិនដែលស្គាល់ និងមិនមានទ្រព្យធន ធ្វើឲ្យមានកេរ្តិ៍ឈ្មោះល្បីទូទាំងប្រទេស។ យើងបានចិញ្ចឹមបីបាច់រយៈពេល១១ឆ្នាំ តើការចំណាយទាំងថវិកា និងសម្ភារៈយ៉ាងណា។ ហេតុអ្វីនៅពេលគាត់ចាកចេញពីកន្លែង ដែលធ្លាប់ចិញ្ចឹមបីបាច់គាត់ បែរជាគាត់មករិះគន់វាយប្រហារ តើគុណសម្បត្តិអស់ រយៈពេល១១ឆ្នាំកន្លងមកនេះ បែរជាទទួលបានពាក្យវាយប្រហារប្រមាថ យកទោសសងគុណយ៉ាងដូច្នេះទៅវិញ តើគាត់គិតយ៉ាងមិចដែរ?។

«ពិសេសជាងនោះទៅទៀត នៅពេលដែលគាត់ចាកចេញពីទ្រនំ ទីដែលបង្ហាត់បង្រៀនដល់រូបគាត់ បែរជាមិនបានមកជួបដើម្បីលា និងមិនបានប្រាប់អំពី បញ្ហាអ្វីដែរ, គ្រាន់តែសរសេរសំបុត្រមួយច្បាប់សុំឈប់ចប់តែម្តង។ ទោះបីយ៉ាងណា​យើងគោរពតាមការសម្រេចចិត្តរបស់គាត់ ហើយជូនពរគាត់ទទួលបាន ជោគជ័យបន្ថែមទៀត» នេះបើតាមសម្តីលោក អ៉ឹង សុងលាភ បន្ថែមប្រាប់យ៉ាងដូច្នេះ។ លោកបានអះអាងទៀតថា រាល់ការលើកឡើងរបស់នាង គឺជាការមួលបង្កាច់យ៉ាងធ្ងន់ធ្ងរ។

ឆ្លើយតបនឹងបញ្ហាចេញអាល់ប៊ុមថ្មី លោកបានបន្ថែមថា ក្រុមហ៊ុនមិនបាននិយាយថា មិនចេញ Solo អាល់ប៊ុមឲ្យទេ គ្រាន់តែក្រុមហ៊ុនត្រូវចំណាយ ពេលក្នុងការផលិត ហើយត្រូវសិក្សាឲ្យបានច្រើន និងសិក្សាលើទីផ្សារផងដែរ តើគួរធ្វើបែបណា ព្រោះចំនូន១០បទ មិនមែនធ្វើក្នុងរយៈពេល ក្នុងមួយថ្ងៃអោយហើយទេ សំរាប់បទនិពន្ធភ្លេងថ្មី។

ទោះបីយ៉ាងណាអ្នកដឹកនាំផលិតកម្មហង្សមាសរូបនោះបានព្រលយនូវសុភាសិកមួយឃ្លាថា «ផឹកទឹកត្រូវនឹកដល់ប្រភពដើមផង»។

សូមជំរាបថា ការប្រតិកម្មខ្លាំងៗពីសំណាក់ផលិតកម្មហង្សមាស នៅពេលនេះធ្វើឡើងបន្ទាប់ពីមានអ្នកគាំទ្រកញ្ញា ឈិត សុវណ្ណបញ្ញា បានរិះគន់ធ្ងន់ៗដល់ផលិតកម្ម ហង្សមាស ស្របពេលដែលតារាចម្រៀងរូបនោះ ប្រកាសផ្តាច់ខ្លួនចេញពីផលិតកម្មនេះជាផ្លូវការ ក្រោយពីជ្រកក្រោមដំបូលផលិតកម្មអស់រយៈពេល ជាង១១ឆ្នាំមកនោះ៕

ប្រភព៖ Freshnews

ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

តារាចម្រៀងនៅហង្សមាសពីរដួងទៀតហើយ ដែលបានសម្តែងភាពសោកស្តាយ ក្រោយការចាកចេញរបស់មិត្តរួមផលិតកម្ម!

ភ្នំពេញ៖ ក្រោយការឈានជើងចាកចេញពីផលិតកម្មរស្មីហង្សមាស ជារបស់តារាចម្រៀងស្រគត់ស្រគំ អ្នកនាង យក់ ថិតរដ្ឋា និងកញ្ញា ឈិត សុវណ្ណបញ្ញា បានធ្វើឱ្យតារាចម្រៀងល្បីៗដទៃទៀតជាច្រើនរូប ដែលធ្លាប់ជ្រកនៅក្រោមដំបូលផលិតកម្មរួមគ្នាតាំងពីមុនមក បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះការចាកចេញមួយនេះ។

ដោយមុននេះតារាចម្រៀងល្បីៗដែលនៅក្នុងផលិតកម្មរស្មីហង្សមាសដូចជា កញ្ញា ពេជ្រ សោភា កញ្ញា សួសវីហ្សា និង កញ្ញា យក់ ថិត រដ្ឋា ជាដើម បានបង្ហាញការសោកស្តាយពេលឃើញកញ្ញា ឈិត សុវណ្ណបញ្ញា មិត្តរួមក្រុមធ្លាប់ធ្វើការជាមួយគ្នាដើរចេញជាបន្តបន្ទាប់បែបនេះ។

ដោយឡែកកាលពីយប់មិញនេះ កញ្ញា ឱក សុគន្ធកញ្ញា និងលោក ណុប បាយ៉ារិទ្ធ ឯណេះវិញ ក៏បានបង្ហាញនូវភាពសោកស្តាយរបស់ខ្លួនផងដែរ សម្រាប់ការចាកចេញរបស់មិត្តភក្តិដែលធ្លាប់បានធ្វើការរួមគ្នាកន្លងមក។ ថ្វីត្បិតតែអ្នកទាំងពីរមិនបានបញ្ចេញឈ្មោះឱ្យចំថា សោកស្តាយនរណាម្នាក់ក៏ដោយ ក៏អ្នកគាំទ្រអាចស្មានដឹងដែរ។

នៅក្នុងហ្វេសប៊ុករបស់កញ្ញា ឱក សុគន្ធកញ្ញា បានប្រាប់ថា៖

«សោកស្ដាយចំពោះការបាត់បង់សមាជិកការងាររួមក្រុម.. ប៉ុន្តែមនុស្សម្នាក់ៗតែងមានការសម្រេចចិត្តរៀងៗខ្លួន សង្ឃឹមថាការសម្រេចចិត្តរបស់ពួកគាត់ធ្វេីឲ្យគាត់សប្បាយចិត្ត....! សូមជូនពរមានសំណាងល្អ Love you all»។

ចំណែកលោក ណុប បាយ៉ារិទ្ធ ក៏បានប្រាប់ឱ្យដឹងថា៖

«ពេលវេលាបណ្តាលឱ្យពួកយើងស្គាល់គ្នា....ពេលវេលាបណ្តាលឱ្យយើងបានមកធ្វើការជាមួយគ្នា....ពេលវេលាបានរក្សាទុកនូវអនុស្សាវរីយ៍គ្រប់រសជាតិជាមួយគ្នា...ក្រោមដំបូលផ្ទះតែមួយ មិនថាឧបសគ្គតូចធំ យើងតែងតែកាន់ដៃគ្នាដើរឆ្លងជាមួយនិងស្នាមញញឹមជាមួយនិងតំណក់ញើសរាប់លានតំណក់ដែលហូរចេញពីការតស៊ូប្រឹងប្រែង! ជានិស្ស័យ ឬវាសនាដែលកំណត់ឱ្យយើងបែកគ្នា...?

ខ្ញុំពិតជាមិនចង់ឃ្លាត មិនចង់ឮពាក្យបែក រឹតតែមិនចង់ឃើញការបោះជំហ៊ានចាកចេញរបស់អ្នក...រឹតតែគ្មានសិទ្ធសូម្បីឃាត់និងរារាំងការសម្រេចចិត្តរបស់អ្នក មានតែការសោកស្តាយ ការនឹករលឹក មិនចង់បាត់បង់ តែក៏ត្រូវតែទទួលយក ! សង្ឃឹមថាតំលៃនៃមិត្តភាពរបស់ពួកយើងនិងឋិតនៅក្នុងចិត្ថយើងគ្រប់គ្នាជារៀងរហូត»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]