បរទេស៖ សមុទ្រអាចជាគោលដៅទីមួយ សម្រាប់អ្នកដែលមានអារម្មណ៍ធុញថប់ក្នុងការងារ ហើយចង់ស្វែងរកកន្លែងស្ងប់ស្ងាត់ ដើម្បីស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ និងគយគន់ទេសភាពដ៏ស្រស់ត្រកាល ដើម្បីជួយឲ្យអារម្មណ៍បានស្រស់ស្រាយឡើងវិញមួយគ្រា។

យ៉ាងណាមិញ ក្រៅពីឆ្នេរសមុទ្រពណ៌ស ដ៏ស្រស់ស្អាតទាំងនោះ នៅក្នុងពិភពលោកយើងនេះក៏មានឆ្នេរសមុទ្រស្អាតៗ និងប្លែកៗជាច្រើនទៀតដែលអ្នកទាំងអស់គ្នាធ្លាប់បានឃើញតាមរយៈប្រព័ន្ធអ៊ិនធឺណេត ដូចជាឆ្នេរខ្សាច់ពណ៌ផ្កាឈូកនៅក្នុងប្រទេស Bahamas ឆ្នេរពណ៌ខ្មៅរបស់ប្រទេសIceland និងឆ្នេរថ្មចម្រុះពណ៌របស់រុស្ស៊ីជាដើម ដែលឆ្នេរទាំងនោះ បានទាញយកអារម្មណ៍អ្នកទាំងអស់គ្នាឲ្យចង់ទៅទស្សនាផ្ទាល់តែម្ដង។

ផ្ទុយទៅវិញ ថ្ងៃនេះខ្មែរឡូតនឹងបង្ហាញ ការពិតពីឆ្នេរថ្មចម្រុះពណ៌មួយកន្លែងក្នុងប្រទេសរុស្ស៊ី ដែលកន្លងមកប្រិយមិត្តប្រាកដជាធ្លាប់បានឃើញឆ្នេរនេះ តាមរយៈការចែកចាយនានានៅលើបណ្ដាញសង្គម ដែលអាចធ្វើឲ្យប្រិយមិត្តយល់ច្រឡំថា ភាពស្រស់ស្អាតរបស់ឆ្នេរនេះ គឺកើតចេញពីធម្មជាតិដូចឆ្នេរដទៃទៀត។

កាលពីដំបូងឡើយឆ្នេរនេះត្រូវបានគ្របដណ្ដប់ដោយ ខ្សាច់កំអែភ្នំភ្លើងដែលមានពណ៌ខ្មៅ បូកផ្សំជាមួយនឹងថ្មជម្រាលខ្ពស់ៗ ដែលធ្វើឲ្យតំបន់នេះមានទេសភាពស្អាតម្យ៉ាង។ យ៉ាងណាមិញ ក្នុងសម័យដែលប្រទេសរុស្ស៊ី នៅជាសហភាពសូវៀត តំបន់នេះត្រូវបានប្រើប្រាស់ជាតំបន់សម្រាប់ចាក់កាកសំណល់ចោល ដូចជាបំណែកអំបែងដបស្រា Vodka និងបំណែកចាន ព័រសឺឡែន ដែលបំណែកកំទេចអំបែងទាំងនោះបានសឹករិចរឹលបន្តិចម្ដងៗ រហូតទាល់តែវាមានរូបរាងមូលៗដូចគ្រួសធម្មតាដូចដែលយើងបានឃើញកន្លងមកនេះ។

មួយវិញទៀត ឆ្នេរនេះមិនអាចបង្កគ្រោះថ្នាក់ដល់អ្នកទៅកម្សាន្តនៅទីនោះឡើយ ដោយសារតែអំបែងទាំងនោះបានសភាពសឹករិចរិលជារៀងរាលថ្ងៃ ដោយអំណាចធម្មជាតិ។ ផ្ទុយទៅវិញ វាថែមទាំងបានបង្ហាញសម្រស់របស់វា ហាក់បីដូចជាគ្រាប់ត្បូងរាយពាសពេញលើឆ្នេរទាំងមូលផងដែរ។

ឆ្នេរថ្មចម្រុះពណ៌ ឬឆ្នេរកញ្ចក់នេះមានទីតាំង នៅតាមមាត់សមុទ្រប៉ាស៊ីហ្វិក ក្នុងឈូងសមុទ្រ Ussuri ក្បែរនឹងផែនាវា Vladivostok ភាគខាងកើតប្រទេសរុស្ស៊ី ដែលឆ្នេរនេះបានក្លាយជាទិសដៅទេសចរណ៍ដ៏សំខាន់របស់អ្នកទេសចរក្នុងប្រទេសរុស្ស៊ី៕

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

នេះជាលទ្ធផល រាំអុកពេក ចុងក្រោយមុតព្រះកន្ធីង ដេរអស់៣ថ្នេរ (មានវីដេអូ)

អង់គ្លេស៖ វីដេអូឃ្លីបមួយ បាននិងកំពុងតែធ្វើឲ្យគ្រប់គ្នាហួសចិត្ត និងអស់សំណើចក្រោយពីបានទស្សនារួច ដោយសារនារីវ័យក្មេងស្រស់ស្អាតម្នាក់ ភ្លេចខ្លួនរាំចាក់ក្បាច់ជ្រុលទៅបុកនឹងដែក ពេលចូលរួមពិធីជប់លៀងជាមួយមិត្តភក្តិ។

នាង Bonnie Lee Brown រស់នៅក្នុងទីក្រុង Sheffield ប្រទេសអង់គ្លេស។ នាង និងមិត្តភក្តិរបស់នាង បាននាំគ្នារាំលេងក្នុងពិធីជប់លៀង តែបន្តិចក្រោយមក Bonnie ស្រាប់តែរាំក្បាច់ទម្លាក់គូទ ភ្លេចខ្លួនជ្រុលទៅជុងជាមួយចុងចម្រឹងដែកសម្រាប់ដាក់ស្បែកជើង ធ្វើឲ្យលោតឡើងខ្ទប់គូទ ស្រែកទាំងឈឺចុកចាប់តែម្តង។

គួរឲ្យដឹងថា នាងបានព្យាយាម រាំចាក់ក្បាច់ព្រលែងត្រគាក ដូចក្នុងកម្មវិធីប៉ុស្តិ៍ទូរទស្សន៍ ដ៏មានប្រជាប្រិយភាពក្នុងស្រុកមួយ (TV Show Geordie Shore) តែបែរជាភ្លាត់ស្នៀតបែបនេះទៅវិញ។ បន្ទាប់មកនាងក៏ទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស ដោយខាងគ្រូពេទ្យបាន ចាក់ថ្នាំវ៉ាក់សាំងការពារតេតាណូស និងដេរអស់៣ថ្នេរលើសាច់កំប៉េះគូទរបស់នាង ដែលបានដាច់រលាត់ផងដែរ។

កាលពីថ្ងៃច័ន្ទកន្លងទៅនេះ Bonnie បានសម្រេចចិត្តបង្ហោះ វីដេអូឃ្លីបមួយនេះឡើង ចូលទៅក្នុងបណ្តាញសង្គម Twitter របស់នាងផ្ទាល់ ដើម្បីជាការចែករំលែកបទពិសោធន៍ដ៏ឈឺចាប់កើតមានលើរូបនាង។ ក្នុងនោះនាងបានសរសេរថា «នៅទីបំផុតគូទរបស់ខ្ញុំ បានមុតជាមួយនឹងចម្រឹងដែក កាលពីយប់ផាតធីថ្ងៃសៅរ៍កន្លងទៅ ហើយបានដេរអស់៣ថ្នេរ លើសាច់ថ្ពល់កំប៉េះគូទរបស់ខ្ញុំ និងថែមទាំងបានចាក់វ៉ាក់សាំង ការពារជំងឺតេតាណូសទៀតផង។ ហើយចុះសម្រាប់ ថ្ងៃចុងសប្តាហ៍របស់អ្នកទាំងអស់គ្នាវិញ ប្រព្រឹត្តទៅយ៉ាងណាដែរ?» ។

គូសបញ្ជាក់ផងដែរថា វីដេអូឃ្លីបរបស់ Bonnie បន្ទាប់ពីនាងបានបង្ហោះមក ទទួលបានចំនួនអ្នកចុចចូលមើល និងអ្នកចុច Like រាប់ម៉ឺនដងឯណោះ។ ក្នុងនោះមានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បញ្ចេញមតិចំអកឡកឡើយ និងខ្លះទៀតបានសម្តែងក្តីអាណិតអាសូរ និងជូនពរឲ្យនាងឆាប់ជាសះស្បើយផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]