រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​៣​នាក់ បន្ទាប់​ពី​ចូល​ទៅ​រករឿង​ម្ចាស់​ភោជនីយដ្ឋាន​រួច​តែ​មិន​អស់ចិត្ត​បាន​បើកឡាន​បុក​ទម្លុះ​ចូល​ក្នុង​ហាង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៧ នៅ​ភោ​ជនី​ដ្ឋា​ន​សាច់​អាំង​ទ័ពអាកាស​លេខ​១ ផ្លូវ​លេខ​២០៨ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

បើ​តាម​សំដី​របស់​បុគ្គលិក​ស្រី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​ជនជាតិ​ចិន​ប្រុស​៣​នាក់​ចូល​មក​រករឿង​ថៅកែ​ដែល​ជា​ចិន​ដូច​គ្នា ដោយសារ​តែ​ខឹង​ឈប់​ជួល​ផ្ទះ​ឲ្យ​ជនជាតិ​ចិន​ម្នាក់​ក្នុង​ចំណោម​៣​នាក់​នោះ ព្រោះ​ជនជាតិ​ចិន​រូប​នោះ​ជួល​ផ្ទះ​ស្នាក់​នៅ​ពីរ​បី​ខែ​មិន​បាន​ឲ្យ​លុយ​ថ្លៃ​ជួល ។ បុរស​ជា​ជនជាតិ​ចិន​នោះ​ខឹង​បណ្តេញ​រូបគេ​ចេញពីផ្ទះ​ជួល ស្រាប់តែ​នៅ​យប់​កើតហេតុ​បាន​នាំ​បក្សពួក​២​នាក់​ទៀត​ជិះ​រថយន្ត ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-7093 បាន​មក​អុកឡុក​ក្នុង​ហាង ហើយ​បើករថយន្ត​បុក​ចូល​ក្នុង​ហាង​ធ្វើ​ឲ្យ​ខូចខាត​សម្ភារ​ក្នុង​ហាង​អស់​មួយ​ចំនួន ភ្លាម​ៗ​នោះ​បុគ្គលិក និង​ថៅកែ​នាំ​គ្នា​វាយ​បំបែក​កញ្ចក់​រថយន្ត​ទាំង​សងខាង ទើប​អ្នក​បើករថយន្ត​បង្ក​បាន​បើករថយន្ត​គេច​ចេញ​ទៅ​ដល់​ផ្លូវ​លេខ​២៣២​ក៏​ឈប់​រថយន្ត​នៅ​កណ្ដាលផ្លូវ​មុខ​ភោ​ជនី​ដ្ឋា​ន​ស្បូវ​មាស រួច​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់​អស់ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​បាន​សួរនាំ តែ​ម្ចាស់​ភោជនីយដ្ឋាន​ប្រាប់​ថា អត់​ប្តឹងផ្តល់​ទេ សុខចិត្ត​ជួសជុល​ការ​ខូចខាត​ដោយ​ខ្លួនឯង សមត្ថកិច្ច​ក៏​បាន​យក​រថយន្ត​បង្កហេតុ​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​យក​រថយន្ត​វិញ ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ធ្លាយវីដេអូផ្សេងទៀត ដែលចោរបាញ់ប្លន់សម្លាប់បុរសម្នាក់ចោលគូដណ្ដឹង នៅម្តុំបឹងត្របែក

ហេតុការណ៍​ចោរប្លន់​ដល់មុខផ្ទះ និងមានការបាញ់ប្រហារដ៏សាហាវកាលពីយប់មិញនេះ បានធ្វើឲ្យមហាជនទាំងឡាយ នាំគ្នាភិតភ័យ និងមានការព្រួយបារម្ភខ្លាំងមិនស្ទើរនោះទេ។

ទន្ទឹមនឹងនេះ ក្រោយពីហេតុការណ៍នេះបានផ្សព្វផ្សាយ គ្រប់បណ្ដាញសារព័ត៌មានរួចមក ក៏មានគណនីហ្វេសប៊ុកឈ្មោះ Avi Za ក៏បានបង្ហោះសារ និងវីដេអូថា «អាចោរដែលបាញ់គេស្លាប់យប់មុិញ វាក៏ធ្លាប់ប្លន់ខ្ញុំនៅម្តុំបឹងត្របែក តែវាប្លន់មិនបានសំរេចទេ»។

គួរបញ្ជាក់ថា បុរសម្នាក់ក្នុងចំណោមជនរងគ្រោះទាំង៣នាក់ មាននារីម្នាក់ត្រូវជាគូដណ្តឹង ដែលត្រូវក្រុមចោរតាមប្លន់ដល់មុខផ្ទះ ហើយបើកការបាញ់ប្រហារស្ថិតនៅជិតផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមននោះ បានស្លាប់ហើយ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ម្សិលមិញ។

នៅកន្លែងកើតហេតុ គេសង្កេតឃើញវត្តមានលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោក សុង លី ស្នងការរងនគរបាល បានដឹកនាំមន្រ្តីនគរបាលជំនាញមួយក្រុម ចុះទៅសួរនាំបន្ថែមពីករណីប្លន់បាញ់ប្រហារខាងលើនេះ។

សូមបញ្ជាក់ថា ជនរងគ្រោះ៣នាក់ បានរងរបួសធ្ងន់ និងស្រាលដោយក្រុមចោរបានប្លន់ និងបាញ់ប្រហារដល់មុខផ្ទះ នាម៉ោង២រំលងអាធ្រាត្រ​ថ្ងៃទី២១​ ខែមករាឆ្នាំ​២០១៧​ នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ជិតផ្សារទំនើបសុវណ្ណា។ មុនពេលកើតហេតុជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងបានធ្វើសកម្មភាពទៅឆក់កាបូប និងទូរស័ព្ទ ជនរងគ្រោះជានារីម្នាក់ពេលចុះបើកទ្វារ ស្រាប់តែពេលនោះជនរងគ្រោះម្នាក់ទៀតដែលនៅក្នុងរថយន្តត្រូវជាគូដណ្តឹង បានបើកបុកធ្វើឲ្យជនសង្ស័យខឹង ក៏បើកការបាញ់ប្រហារតែម្តងបណ្តាលឲ្យរងរបួសធ្ងន់ និងស្រាលទាំង៣នាក់។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]