កណ្តាល ៖ ចោរកាច់សោករម៉ូតូម្នាក់ ត្រូវអ្នកភូមិសហការជាមួយ ប្រជាការពារភូមិ ឡោមព័ទ្ធចាប់ រួចប្រគល់ឲ្យនគរបាល កាលពីម៉ោង១៦៖៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅចំណុចវាលស្រែ ភូមិខ្នារ ឃុំទួលព្រេជ ស្រុក អង្គស្នួល ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា សង្ស័យដែលឃាត់ខ្លួនបាននោះ ឈ្មោះ ពៅ ធី ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិសំឡី ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ម៉ូតូដែលជិះមកធ្វើ សកម្មភាពម៉ាកសង់កូរ៉េ ពាក់ស្លាកលេខភ្នំពេញ1X.3641 ចំណែកជនរងគ្រោះឈ្មោះ ចន រស្មី ភេទប្រុស ​អាយុ៣៧ឆ្នាំ មានមុខរបរលក់នំប៉័ង រស់នៅក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។​ ម៉ូតូដែលបាត់បង់ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1DO.2393។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះ និងមិត្តភក្តិ ក្រោយពីដើរលក់នំប៉័ងរួច បានបបួលគ្នាយកធ្នាក់ ​លលកទៅទាក់លលក នៅចំណុចកើតហេតុ ដោយជិះម៉ូតូម្នាក់១គ្រឿង ដោយចតម៉ូតូនៅចំងាយពីខ្លួន កន្លែងអង្គុយចាំមើលលលក ប្រហែលជាជិត២០០ម៉ែត្រ ក្រោមម្លប់ដើមឈើក្នុងវាលស្រែ បន្តិចក្រោយ មកស្រាប់តែឮសំឡេងម៉ូតូបញ្ឆេះ ពេលនោះនាំគ្នារត់ចេញមកមើល ស្រាប់តែឃើញជនសង្ស័យ កំពុងតែជិះគេចខ្លួន ពេលជនរងគ្រោះទាំងពីរនាក់ ជិះម៉ូតូមួយគ្រឿងទៀត ​ដេញតាម ​ទាំងជនសង្ស័យបានផ្តាច់ ទុយោសាំងបង្ហូរសាំងចោល ដេញតាមប្រផាត់ប្រភីង ទើបធ្វើភ្ញាក់ផ្អើលអ្នកភូមិជិតនោះ និងប្រជាការពារភូមិ នាំគ្នាចេញមកព្រោងព្រាត ឡោមព័ទ្ធចាប់បាន ក្រោយធ្វើសកម្មភាពបន្តិចរួច នាំគ្នាវាយឡោមទ្រោមខ្លួន ទើបប្រគល់ឲ្យនគរបាល ចាត់ការបន្តទៅតាមផ្លូវច្បាប់។

បច្ចុប្បន្នជនសង្ស័យត្រូវឃុំខ្លួននៅអធិការដ្ឋាន នគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿង​បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តទៅតាមផ្លូវច្បាប់៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]