កូរ៉េខាងត្បូង៖ ក្រុមចម្រៀងស្រី 2NE1ត្រូវបានរំសាយជាផ្លូវការកាលពីថ្ងៃទី ២៥ វិច្ឆិកា ២០១៦ កន្លងទៅ ដោយសារតែ សមាជិកក្រុមនាង Minzy បានចាកចេញពីក្រុម និង ParkBom មិនបានចុះកុងត្រាបន្តជាមួយផលិតកម្ម ព្រោះតែនាងមានបញ្ហាសុខភាព។

យ៉ាងណាមិញ ក្នុងពេលថ្មីៗនេះ គេហទំព័រ Naver របស់កូរ៉េខាងត្បូង(គេហទំព័រស្វែងរក ដែលមានលក្ខណៈដូច Google) បានធ្វើការលុបឈ្មោះរបស់ Minzy និង ParkBom ចោលពីប្រវត្តិរូបសង្ខេបរបស់ក្រុម2NE1ហើយ។ ដោយកាលពីមុន នៅពេលដែលលោកអ្នកធ្វើការស្វែករកព័ត៌មានរបស់ ក្រុមចម្រៀង 2NE1 នោះវា នឹងបង្ហាញពីបញ្ជីរាយនាមសមាជិកក្រុមដែលមានគ្នា ៤នាក់ ខណៈដែលពេលបច្ចុប្បន្ន គេហទំព័រស្វែងរកនេះ បង្ហាញតែសមាជិកក្រុម ២នាក់ប៉ុណ្ណោះ ដែលជាសមាជិកសេសសល់សម្រាប់ក្រុមមួយនេះ។

គួរបញ្ជាក់ផងដែរថា នៅពេលនេះ គេហទំព័រស្វែងរក Naver របស់កូរ៉េខាងត្បូង ធ្វើការបង្ហាញតែ សមាជិកក្រុម ២នាក់ប៉ុណ្ណោះដែលមាននៅក្នុងក្រុមចម្រៀងនារី 2NE1 គឺ CL ដែលនាងមានតួនាទីជាប្រធានក្រុម អ្នករ៉េប និងច្រៀងប្រចាំក្រុម និង Sandara មានតួនាទីជាអ្នកច្រៀងប្រចាំក្រុម។  

ប្រភព៖ បរទេស

គួររំលឹកថា កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកគាំទ្រក្រុមចម្រៀង 2NE1 បានទទួលនូវព័ត៌មានក្ដុកក្ដួលមួយ រួចទៅហើយ ដោយសារក្រុមចម្រៀងនេះបានប្រកាសជាផ្លូវការអំពីការរំសាយក្រុម។

ការរំសាយក្រុមនេះបានធ្វើឲ្យអ្នកគាំទ្រមិនសប្បាយចិត្តនោះទេ ដោយសារក្រុមចម្រៀងនេះមានចំនួនអ្នកគាំទ្រ ច្រើនលើសលប់ទៅហើយ ប៉ុន្តែបែរជាត្រូវរំសាយទទេៗបែបនេះ។

យ៉ាងណាមិញ ផលិតកម្ម YG entertainment ក៏បានប្រកាសពីថ្ងៃចេញនូវបទចម្រៀងចុងក្រោយរបស់ពួកគេ នៅលើបណ្ដាញសង្គម Twitter ដែលបទចម្រៀងចុងក្រោយនេះមាន ចំណងជើងថា Goodbye ដែលបទនេះនឹងជាចំណងដៃចុងក្រោយសម្រាប់ 2NE1 និងអ្នកគាំទ្រក្រុមចម្រៀងនេះ។

ជាចុងក្រោយ បទចម្រៀងនេះក៏ជាឱកាសចុងក្រោយសម្រាប់ សមាជិក 2NE1 ទាំងអស់ ដើម្បីរំលឹកពីភាពជោគជ័យក្នុងវិស័យនេះ ដែលពួកគេបានធ្វើរួមគ្នាកន្លងមក។

គួរបញ្ជាក់ថា បទចម្រៀង Goodbye នេះនឹងចេញនៅយប់ថ្ងៃទី ២១ មករា ២០១៧ នេះ ម៉ោងប្រទេសកូរ៉េ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]