កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកគាំទ្រក្រុមចម្រៀង 2NE1 បានទទួលនូវព័ត៌មានក្ដុកក្ដួលមួយ រួចទៅហើយ ដោយសារក្រុមចម្រៀងនេះបានប្រកាសជាផ្លូវការអំពីការរំសាយក្រុម។

ការរំសាយក្រុមនេះបានធ្វើឲ្យអ្នកគាំទ្រមិនសប្បាយចិត្តនោះទេ ដោយសារក្រុមចម្រៀងនេះមានចំនួនអ្នកគាំទ្រ ច្រើនលើសលប់ទៅហើយ ប៉ុន្តែបែរជាត្រូវរំសាយទទេៗបែបនេះ។

យ៉ាងណាមិញ ផលិតកម្ម YG entertainment ក៏បានប្រកាសពីថ្ងៃចេញនូវបទចម្រៀងចុងក្រោយរបស់ពួកគេ នៅលើបណ្ដាញសង្គម Twitter  ដែលបទចម្រៀងចុងក្រោយនេះមាន ចំណងជើងថា Goodbye ដែលបទនេះនឹងជាចំណងដៃចុងក្រោយសម្រាប់ 2NE1 និងអ្នកគាំទ្រក្រុមចម្រៀងនេះ។

ជាចុងក្រោយ បទចម្រៀងនេះក៏ជាឱកាសចុងក្រោយសម្រាប់ សមាជិក 2NE1 ទាំងអស់ ដើម្បីរំលឹកពីភាពជោគជ័យក្នុងវិស័យនេះ ដែលពួកគេបានធ្វើរួមគ្នាកន្លងមក។

គួរបញ្ជាក់ថា បទចម្រៀង Goodbye នេះនឹងចេញនៅយប់ថ្ងៃទី ២១ មករា ២០១៧ នេះ ម៉ោងប្រទេសកូរ៉េ៕

ប្រភព៖ បរទេស

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ចង់ស្រក់ទឹកភ្នែក អ្នកគាំទ្រ លែងបានស្តាប់ចម្រៀងរបស់ក្រុម 2NE1 តទៅទៀត ព្រោះប្រកាសរំសាយក្រុមចោលហើយ! 

កូរ៉េខាងត្បូង៖ ផលិតកម្ម YG Entertainment បានប្រកាសជាផ្លូវការថាក្រុម 2NE1 នឹងត្រូវបានរំសាយចោល ហើយនឹងគ្មានការច្រៀងជាក្រុមទៀតនោះទេ ស្របពេលដែលមានអ្នកគាំទ្រជាច្រើននាក់បានសង្ឃឹមទុកជាមុនថាក្រុមចម្រៀង 2NE1 នឹងអាចឆក់យកប្រជាប្រិយភាពវិញបាន ក្រោយការវិលត្រឡប់មកវិញ របស់កញ្ញា CLដែលជាមេក្រុមរបស់ក្រុមនោះ។

តាមដែលដឹងកន្លងមក កញ្ញា CL និង Sandara Park សមាជិកក្រុម 2NE1 បានចុះហត្ថលេខាសារជាថ្មីម្តងទៀតឡើងវិញ ជាមួយផលិតកម្ម YG Entertainment ក្នុងនាមជាអ្នកចម្រៀងទោលមួយរូប ដោយមិនមានច្រៀងជាក្រុមដូចមុនទេ ក្រោយពេលដែលបានផុតកុងត្រា ហើយមានតែនាង Park Bom ម្នាក់ប៉ុណ្ណោះដែលមិនបានចុះហត្ថ លេខាឡើងវិញ។

ខាងក្រោមនេះគឺជាសេចក្តីថ្លែងការណ៍ដែលបានធ្វើឡើងដោយផលិតកម្ម YG Entertainment:

«នៅខែឧសភាឆ្នាំ២០១៦ នេះ កិច្ចសន្យារបស់ក្រុម 2NE1 ជាមួយនឹង YG ត្រូវបានបញ្ចប់ហើយ និងមើលឃើញថានាង Minzy មិនអាចបន្តការងារជាមួយក្រុមនេះបានតទៅទៀតផលិតកម្ម YG រួមជាមួយសមាជិកដទៃទៀត ក៏បានសម្រេចចិត្តថា រំសាយក្រុមនេះជាផ្លូវការបន្ទាប់ពីការពិភាក្សាជាច្រើនជាមួយក្រុម 2NE1 រួចមក។

ខណៈពេលដែលក្រុម 2NE1 បានក្លាយជាក្រុមតារាស្រីដែលតំណាងឱ្យផលិតកម្ម YG សម្រាប់រយៈពេល៧ឆ្នាំចុងក្រោយនេះ យើងពិតជាមានការសោកស្តាយខ្លាំងណាស់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងបានសម្រេចចិត្តហើយថា នឹងរំសាយក្រុមនេះចោល ប្រសើរជាងការរង់ចាំឱ្យ សមាជិកក្រុមនេះវិលត្រឡប់មកជួបជុំគ្នាសារជាថ្មីឡើងវិញ។ ពេលនេះផលិតកម្ម YG បានសម្រេចផ្តោតលើតែតារាចម្រៀងដែលច្រៀងទោលតែម្នាក់ឯងប៉ុណ្ណោះ។

ជាចុងក្រោយ យើងក៏សូមអរគុណដល់អ្នកទាំងអស់គ្នា សម្រាប់ការស្រលាញ់ និងការគាំទ្រកន្លងមក ដែលមានចំពោះក្រុម 2NE1 និងតន្ត្រីរបស់ពួកគេ។

ហើយនៅឆ្នាំ២០១៦នេះ យើងបានចុះកិច្ចសន្យាជាមួយសិល្បករទោល២រូប គឺនាង CL និង Sandara Park ហើយចំណែកឯនាង Park Bom គឺមិនចុះកិច្ចសន្យាជាមួយ YG ឡើយ»។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]