(ភ្នំពេញ)៖ អតីតព្រះសង្ឃម្នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួននិងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃ១៩ ខែមករា ឆ្នាំ២០១៧នេះ ពាក់ពន្ធពីបទឆបោកទឹកប្រាក់រហូតដល់១៨ម៉ឺនដុល្លារ ក្នុងរូបភាពយកគំនូររូបថតព្រះគីណេស ធ្វើការបញ្ចុះបញ្ចូលលើលោកជំទាវម្នាក់ ដោយកុហសថា «ជាវត្ថុសក្តិសិទ្ធិអាចជួយការពារបានរាប់រយរាប់ពាន់ជំពូក គ្រាន់តែយក ទៅដាក់តម្កល់ក្នុងលំនៅដ្ឋាន»។

មន្ត្រីនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំតុលាការថា ជនជាប់សង្ស័យដែលចាប់ខ្លួនឈ្មោះ កែវ កល្យាណ អាយុ៣៨ឆ្នាំ ជាអតីតសង្ឃបួសនៅវត្តអាស្រមឧត្តមព្រៃមាន ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

មន្រ្តីនគរបាលបានបន្តថា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ ឈ្មោះ កែវ ល្យាណ បានប្រើល្បិចទៅបញ្ចុះបញ្ចូលលោកស្រីម្នាក់ អាយុ៤៨ឆ្នាំ មានងារជាលោកជំទាវ ឲ្យទិញលោហៈធាតុធ្វើអំពីសំរិទ្ធ ដែលជាវត្ថុសក្តិសិទ្ធិមានបារមីរាប់រយរាប់ពាន់ជំពូកយកទៅទុក ក្នុងលំនៅដ្ឋាន ដើម្បីជួយការពារ និងថែរក្សាអាយុជីវិត ព្រមទាំងជួយដល់ការប្រកបមុខរបររកស៊ីឲ្យមាសប្រាក់ហូរចូលទៀតផង (នេះជាសំដីបោកប្រាស់) ដែលវត្ថុនោះមានតម្លៃជាទឹកប្រាក់១៨ម៉ឺនដុល្លារអាមេរិក។

មន្រ្តីនគរបាលបន្តទៀតថា ក្រោយពេលបញ្ចុះ ជនសង្ស័យបានតម្រូវឲ្យជនរងគ្រោះ ផ្ទេរប្រាក់ចូលក្នុងកុងរបស់គេ តាមរយៈធនាគារ អេស៊ីលីដា ដោយសន្យាប្រគល់លោហៈធាតុសំរិទ្ធនោះនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង២រសៀល។

ដោយមានការជឿទុកចិត្ត ជនរងគ្រោះ បានបញ្ចូលទឹកប្រាក់គ្រប់ចំនួនទៅក្នុងកុងជនសង្ស័យតាមរយៈធនាគារអេស៊ីលីដា នៅម្តុំអង់តែនទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ស្រាប់តែវេលារសៀលថ្ងៃដដែលឈ្មោះ កែវ កល្យាណ បានទៅដកប្រាក់ ពីកុងធនាគារអស់ចំនួន១៨ម៉ឺនដុល្លារហើយគេចខ្លួនបាត់។

ជនសង្ស័យ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានយកប្រាក់ពីជនរងគ្រោះមែន តាមរយៈរូបថត ជារូបគំនូរព្រះគីណេសថា ជាវត្ថុសក្តិសិទ្ធិ ទៅបង្ហាញជនរងគ្រោះដើម្បីបញ្ចុះបញ្ចូលបោកយកប្រាក់។

ក្រោយពីបានធ្វើសកម្មភាពដូចការរៀបរាប់ខាងលើនេះ និងបានប្រាក់ដល់ដៃហើយ ក៏បានបិទទូរស័ព្ទ ផ្តាច់ការទំនាក់ទំនង ហើយគេខ្លួនរហូតលុះនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ក៏ត្រូវសមត្តកិច្ចចាប់ខ្លួនតែម្តង បន្ទាប់ពីជនរងគ្រោះដាក់ពាក្យប្តឹង។

នៅសាលាដំបូងរាជធានីភ្នំពេញ សំណុំរឿងនេះ បានស្ថិតនៅដៃលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បាន និងកំពុងធ្វើការសាកសួរ។ តែទោះជាយ៉ាងណា មន្រ្តីនគរបាលបង្ហើបថា ជនសង្ស័យគ្មានវាសនាបានទៅផ្ទះវិញទេ អាចនឹងទៅដេក ក្នុងពន្ធនាគារតាមអំពើដែលខ្លួនបានប្រព្រឹត្ត៕

ប្រភព៖ Fresh News

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ប្តី​ក៏​ស្រវឹង​ប្រពន្ធ​ក៏​ស្រវឹង កើតជា​ជម្លោះ​ប្តី​ទាញ​កាំបិត​កាប់​ប្រពន្ធ​ដាច់​ដៃ និង​ជើង

នគរបាល​បាន​ចាប់​ឃាត់ខ្លួន​ម្នាក់ ខណៈ​ជន​នេះ​ស្រវឹងស្រា​បាន​បង្ក​ហិង្សា​ក្នុង​គ្រួសារ​យ៉ាងធ្ងន់ធ្ងរ ដោយ​យក​កាំបិត​ផ្គាក់​កាប់​ទៅ​លើ​ស្ត្រី​ជា​ប្រពន្ធ​ស្ទើរ​ដាច់​ដៃ​ម្ខាង និង​ជើង​ខាងស្តាំ​។ បុរស​ជា​ប្តី​ដែល​ត្រូវ​នគរបាល​ស្រុក​ព្រែក​ប្រសព្វ​ឃាត់ខ្លួន​នេះ ឈ្មោះ ម៉េ​ង ពៅ អាយុ​៤៥​ឆ្នាំ រស់នៅ​ឃុំ​កំពង់​គរ ស្រុក​ព្រែក​ប្រសព្វ និង​បាន​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ស្ត្រី​ជា​ប្រពន្ធ ឈ្មោះ ឆាយ ចាន់​បុ អាយុ​៣៦​ឆ្នាំ ដែល​ជន​ដៃដល់​ជា​ប្តី និង​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ស្រវឹងស្រា​ដូច​គ្នា​ក៏​កើតជា​ទំនាស់​។

អធិការ​នគរបាល​ស្រុក​ព្រែក​ប្រសព្វ​លោក ចាន់ សុ​ផល្លា បាន​ឲ្យ​ដឹង​ថា កន្លង​មក​គ្រួសារ​មួយ​នេះ តែងតែ​កើត​ជម្លោះ​ក្នុង​គ្រួសារ​ជា​ញឹកញាប់​តែ​មិន​ធ្លាប់​បាន​បង្ក​ហិង្សា​ធ្ងន់ធ្ងរ​បែប​នេះ​ទេ​។ លោក​ថា នៅ​ថ្ងៃ​កើតហេតុ​ទី​១៩ មក​រា ស្ត្រី​រង​គ្រោះជា​ប្រពន្ធ និង​បុរស​ជា​ប្តី​បាន​ផឹកស្រា​នៅ​កន្លែង​ផ្សេង​គ្នា និង​ស្រវឹង​ជោគ​ខ្លួន ទើប​កើតជា​ទំនាស់​ពាក្យ​សម្តី​ឈាន​ដល់​ការ​ប្រើ​ហិង្សា​ធ្ងន់ធ្ងរ​។

ក្រោយ​ការ​មាន​ជម្លោះ​ពាក្យ​សម្តី ជន​ដៃដល់​ជា​ប្តី បាន​យក​កាំបិត​ផ្គាក់​មក​កាប់​លើ​ស្ត្រី ជា​ប្រពន្ធ​ដាច់​កំភួនដៃ​ខាងស្តាំ និង​កំភួនជើង​ខាងស្តាំ​ដូច​គ្នា​។ ភ្លាម​ៗ​ក្រោយ​បង្កហេតុ នគរបាល​បាន​ចាប់ខ្លួន​ជន​ដៃដល់​ជា​ប្តី និង​នាំ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឆ្លូង​៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]