អង់គ្លេស៖ ថ្ងៃទី ១៨ មករា ២០១៧ រថយន្តដ៏ពិសេសចំនួនពីរគ្រឿង នឹងស្ថិតក្នុងចំណោមសំណុំរថយន្ត Rolls-Royce សម្រាប់សណ្ឋាគារ THE 13 ដែលជា សណ្ឋាគារគេទន្ទឹងរង់ចាំជាខ្លាំង ។ រថយន្តដែលបង្កើតឡើងដោយស្រោបមាស តាមការច្នៃកុម្ម៉ង់យ៉ាងពិសេស (Bespoke) ទាំងពីរគ្រឿងនោះ នឹងត្រូវបានបម្រុងទុកសម្រាប់ភ្ញៀវសំខាន់ៗ បំផុតរបស់សណ្ឋាគារ ហើយរថយន្តទាំងពីរគ្រឿងនេះជារថយន្តពិសេសជាងគេ ក្នុងចំណោមសំណុំរថយន្ត Rolls-Royce Phantom ទាំង ៣០ គ្រឿង ដែលកុម្ម៉ង់ដោយសហគ្រិនលោក Stephen Hung ជាសហប្រធានរបស់ក្រុមហ៊ុន THE 13 HOLDINGS LIMITED ដើម្បីឆ្លុះបញ្ចាំងអំពីចក្ខុវិស័យ ដ៏មោះមុតរបស់លោក ដូចបង្ហាញឲ្យឃើញស្រាប់ តាមរយៈការរចនាសណ្ឋាគារ ដ៍ប្រណីតរបស់លោក ។

ភ្ញៀវពិសេសនឹង ត្រូវបានដឹកជញ្ជូនក្នុងភាពឆើតឆាយ ស្ថិតនៅក្នុងរថយន្ត Rolls-Royce ដែលហ៊ុមព័ទ្ធទៅដោយ គ្រឿងបំពាក់ពិសេសបែប Bespoke កុម្ម៉ង់ដោយលោក Hung ដែលរថយន្តនេះត្រូវបានរចនាឡើង ដើម្បីធ្វើឲ្យការធ្វើដំណើរដោយមិនបាច់ប្រឹង និងប្រកបដោយភាពប្រណីត ។ រថយន្តទាំងពីរនេះ ត្រូវបានគេស្គាល់តាម រយៈការស្រោបមាសសុទ្ធកម្រិត ២៤ ការ៉ាត ទាំងផ្ទៃខាងក្រៅ និងខាងក្នុង ហើយត្រូវបានកោតសរសើរថា ជារថយន្តប្រណីតបំផុតក្នុងចំណោមសំណុំរថយន្តទាំង ៣០ គ្រឿង ហើយក៏ស្ថិតក្នុងចំណោមរថយន្ត Rolls-Royce Phantom ថ្លៃៗជាងគេបំផុត ដែលធ្លាប់បានផលិតឡើង រហូតមកទល់នឹងពេលនេះ ។

អ្នកមានចក្ខុវិស័យ ផ្នែកផលិតផលប្រណីតដូចជាលោក Hung បានមកជួបជាមួយនឹងក្រុមហ៊ុនរយន្ត Rolls-Royce ដោយដឹងថា សិប្បកររបស់ម៉ាកយីហោរថយន្តនេះ មិនទទួលយកអ្វីដែលលំៗនោះទេ ។ ការយកចិត្តទុកដាក់ និងការផ្ចិតផ្ចង់ គឺសម្រាប់ការបង្កើតលក្ខណៈពិសេសរបស់រថយន្ត ដោយក្នុងនោះ ផ្ទៃខាងក្រៅ ដែលបានចាំងរំលេចដោយកម្ទេចមាស ដែលមានភាពសុទ្ធរហូតដល់ទៅ ២៣.៧៥ ការ៉ាត់ ជាទម្ងន់មួយដែលត្រូវបាន ជ្រើសរើសដើម្បីធ្វើឲ្យល្បាយស្មើ និងសម្រេចបាននូវផ្ទៃសម្រេចដែលស្អាតឥតខ្ចោះ ។ លទ្ធផលគឺទឹកថ្នាំខាងក្រៅ ដែលមានតម្លៃថ្លៃបំផុត និងមានការផ្ចិតផ្ចង់បំផុត ដែលក្រុមហ៊ុនបានបង្កើតឡើង ហើយនេះជាលំហាត់មួយដែលត្រូវបានស្វាគមន៍ដោយអ្នកជំនាញ នៅរោងចក្រផលិតរថយន្ត Rolls-Royce ។  

នាយកផ្នែករចនាម៉ូត របស់រថយន្ត Rolls-Royce លោក Giles Taylor បានមានប្រសាសន៍ថា៖ “រថយន្ត Rolls-Royce មួយគ្រឿងៗត្រូវបានច្នៃកុម្ម៉ង់ឡើង ដើម្បីបង្ហាញពីរសជាតិ ចំណង់ចំណូលចិត្ត របៀបរបបរស់នៅ របស់អតិថិជន ។ រថយន្តមួយជាតឹកតាងបង្ហាញពីជំនាញរបស់វិចិត្រករ ដែលបង្ហាញពីទឹកដៃរបស់ខ្លួនយ៉ាង អស្ចារ្យ នៅឯមជ្ឈមណ្ឌលប្រណីតភាព សកលរបស់យើងនៅឯក្រុង Goodwood ឲ្យបានឃើញថា ការរចនាម៉ូតបែបបច្ចេកទេសលំបាកទាំងនេះ ត្រូវបានអនុវត្តសម្រេចបានយ៉ាងល្អឥតខ្ចោះ” ។

មជ្ឈមណ្ឌលថ្នាំខាងក្រៅនៅឯ មជ្ឈមណ្ឌលប្រណីតភាពសកលរបស់រថយន្ត Rolls-Royce ក្នុងក្រុង Goodwood បានដំឡើងឧបករណ៍ថ្មី និងចំជំនាញ ដើម្បីធានាថា មិនឲ្យមានកំហុសខុសឆ្គង ណាមួយកើតឡើងអំឡុងពេលបាញ់ថ្នាំរថយន្ត ទាំងពីរគ្រឿងនេះ ។ ផ្ទៃខាងក្រៅលើរថយន្តទាំងពីរនេះ ប្រើថ្នាំច្រើនជាងរថយន្ត Phantoms ផ្សេងទៀតរហូតដល់ទៅ ២៥០% ដោយបង្កើតបានជាថ្នាំ ១០ ស្រទាប់យ៉ាងអស្ចារ្យ ដោយថ្នាំមួយ ស្រទាប់ៗមានស្រទាប់មាសជម្រៅ ៤០ មីក្រុង ដោយបូកផ្សំនឹងជាតិកែវ និងអាលុយមីញ៉ូម ដើម្បីធ្វើឲ្យមានពន្លឺចាំងចែងទាក់ភ្នែក ។

អ្នកវិទ្យាសាស្ត្រខាងវត្ថុធាតុ របស់ក្រុហ៊ុនរថយន្ត Rolls-Royce លោក Nick Geehan បានមានប្រសាសន៍ថា៖ “មានតែនៅរោងចក្រ Rolls-Royce ប៉ុណ្ណោះ ដែលមានក្រុមការងារអនុវត្ត លើគម្រោងដ៏មានមហិច្ឆិតាបែបនេះ ជំនួសមុខឲ្យអតិថិជនរបស់យើង ។ យើងមិនទទួលយកអ្វីក្រៅពី ភាពល្អឥតខ្ចោះនោះទេ។ ក្នុងការរៀបចំពណ៌ផ្ទៃខាងក្រៅ យើងបានព្យាយាម ៨ លើក ទម្រាំលាយពណ៌ថ្នាំឲ្យបានល្អឥតខ្ចោះ ប៉ុន្តែនេះជាចំនួនដ៏សក្តិសម បើពិចារណាលើលេខ ៨ ដែលជាលេខនាំសំណាង តាមជំនឿនៅក្នុងទីក្រុងម៉ាកាវ ដែលនឹងក្លាយជាទីលំនៅ សម្រាប់រថយន្ត Phantoms ដ៏មានតម្លៃទាំងនេះ” ។

ទេវរូប Spirit of Ecstasy ជារូបដែលមានមោទនភាព នាំផ្លូវសម្រាប់គ្រប់រថយន្ត Rolls-Royce ទាំងអស់នោះ ត្រូវបានស្រោបមាសសុទ្ធកម្រិត ២៤ ការ៉ាត ហើយស្ថិតនៅលើប៉ាណាពណ៌មាស និងផ្ទាំងផ្លាកអក្សរ Rolls-Royce ដែលផលិតឡើងដោយប្រើមាសកម្រិត ១៨ ការ៉ាត ទម្ងន់ ៩៧,១ ក្រាមមុនពេលស្រោបដោយមាសកម្រិត ២៤ ការ៉ាត ដើម្បីឲ្យស៊ីគ្នាជាមួយនឹងផ្ទៃខាងក្នុងសំខាន់ៗ ដែលមានពណ៌មាស ។ វ៉ែរនីថ្លាត្រូវបានប្រើដើម្បី បង្កើតជារូបសញ្ញា RR ហើយត្រូវបានបំពាក់ជុំវិញ ដោយគ្រាប់ពេជ្រ ៣៣៦ គ្រាប់ដែលដាំតម្រៀបគ្នា យ៉ាងស្រស់ស្អាតបំផុត ។ ឆ្នូតចំហៀងភ្លោះដែលមានពណ៌មាស ត្រូវបានគូសដោយដៃដោយលោក Mark Court ជាវិចិត្រករជំនាញគូស ថ្នាំឆ្នូតចំហៀងប្រចាំក្រុមហ៊ុនរថយន្ត Rolls-Royce ដោយប្រើប្រាស់ជក់រោមកំប្រុក ។

នៅផ្នែកខាងក្នុងរបស់ទ្វាររថយន្ត ឆ័ត្រ Rolls-Royce ដ៏ល្បីល្បាញ ត្រៀមរួចជាស្រេចដើម្បីការពារភ្ញៀវពីអាកាសធាតុមិនល្អ ឬពីអ្នកថតរូបឆ្មក់ ដែលកំពុងតែរង់ចាំ ។ ឆ័ត្រទាំងនេះត្រូវបានច្នៃដោយបំពាក់ដងមាស និងជាយពណ៌មាស ដើម្បី ឲ្យស៊ីគ្នានឹងពណ៌របស់សណ្ឋាគារ ។ បន្ទះឈ្មោះរថយន្តធ្វើពីមាស ដែលមានឆ្លាក់អក្សរ “PHANTOM Specially Commissioned by Stephen Hung” (“រថយន្ត Phantom កុម្ម៉ង់ពិសេសដោយលោក Stephen Hung) បានរំឭកដល់អ្នកជិះ ឲ្យនឹកឃើញដល់កំណើតនៃរថយន្តដ៏វិសេសទាំងនេះ ។

ពេលវេលាសំខាន់សម្រាប់ការសាងសង់ ស្នាដៃស្ថាបត្យកម្មអ្វីមួយ គឺស្ថិតនៅលើការបញ្ចុះបឋមសិលា ។ នៅក្នុងករណីសណ្ឋាគារ THE 13 ឱកាសជាប្រវត្តិសាស្ត្រនេះត្រូវបានបញ្ចូលទៅក្នុងរថយន្ត Phantom ស្រោបមាសទាំងពីរគ្រឿង តាមរយៈការបំពាក់នូវដំបូលផ្កាយ ដែលត្រូវបានបង្កើតឡើង ដើម្បីបង្ហាញអំពីផ្ទៃតារាក្រុងម៉ាកាវនារាត្រី បញ្ចុះបឋមសិលារបស់សណ្ឋាគារ THE 13 ។ សរសៃអំបោះមាសត្រូវបានប៉ាក់ដិនជារាងតារា ដើម្បីសម្គាល់ផ្ទៃហ្វូងតារានេះ ហើយស្លាកមាស ដែលមានឆ្លាក់កាលបរិច្ឆេទ និងទីតាំង ជួយរំឭកឥស្សរជនក្នុងលោកឲ្យដឹងអំពីទីតាំងនៃមជ្ឈមណ្ឌលថ្មីមួយនេះដែលបង្ហាញពីភាព ប្រណីតក្នុងទីក្រុងម៉ាកាវ ។

ច្រកធំរបស់សណ្ឋាគារនេះ ត្រូវបានចម្លងមករចនានៅផ្ទៃខាងក្នុងរបស់រថយន្ត Phantoms ទាំងនេះ ។ នៅពេលចូលទៅក្នុងរថយន្ត Phantom ប្រភេទតួវែង ទាំងនេះ ភ្ញៀវត្រូវបានស្វាគមន៍ ដោយកៅអីដែលមានផ្ទៃពណ៌សខ្មៅដែលប្រៀបបាននឹងកម្រាលក្រឡាចតុរង្គ នៃច្រកចូលរបស់សណ្ឋាគារ ។ ដោយពឹងផ្អែកលើជំនាញរបស់វិចិត្រករនៅរោងចក្ររថយន្ត Rolls-Royce ដែលបានទទួលការបណ្ដុះបណ្ដាលសិល្បៈធ្វើពូកកែបនោះ ពូកអង្គុយត្រូវបានគ្របដណ្ដប់ ដោយស្បែកពណ៌សខ្មៅប៉ាក់ដិនដោយដៃ ដែលបង្កើតបានជាក្រឡាបីជ្រុង សម្រាប់ផ្នែកកៅអីមុខរបស់រថយន្ត ។ ស្បែកពណ៌មាសថ្មីដែលចាំងពន្លឺដូចគជខ្យង ត្រូវបានបង្កើតឡើងដើម្បីធ្វើជាគែមពូកអង្គុយ ដើម្បីធានាថា ភ្ញៀវក្នុងរថយន្តរីករាយនឹងបទពិសោធន៍អស្ចារ្យ ខណៈដែលពួកគេទទួលបានការយកចិត្តទុកដាក់ យ៉ាងខ្លាំងពីមជ្ឈដ្ឋាននានានៅក្នុងទីក្រុងម៉ាកាវដ៏អ៊ូអរ ។

ការផ្ចិតផ្ចង់យ៉ាងពិសេស ត្រូវបានធ្វើឡើងសម្រាប់រាល់ការរចនាបែប Bespoke របស់រថយន្ត Rolls-Royce ។ ការផ្ចិតផ្ចង់នេះត្រូវបានបង្ហាញ តាមរយៈការបំពាក់នូវប៊ូតុងបង្វិលយ៉ាងស្រស់ស្អាត និងនាឡិកា ដែលវត្ថុទាំងអស់នេះសុទ្ធតែយកលំនាំតាមពណ៌សណ្ឋាគារ THE 13 គឺក្រហម និងមាស ។ នាឡិកាវិញត្រូវបានរចនាឡើង ដោយមានការសហការគ្នាជាមួយនឹងក្រុមហ៊ុន Graff ដែលជាកំពូលក្រុមហ៊ុនខាងគ្រឿងអលង្កា ។

រថយន្ត Rolls-Royce Phantom បែបច្នៃកុម្ម៉ង់ពិសេស (Bespoke) ទាំង ៣០ គ្រឿងដែលជាការកុម្ម៉ង់ តែមួយលើកក្នុងចំនួនច្រើនបំផុត ក្នុងប្រវត្តិសាស្ត្ររបស់រថយន្ត Rolls-Royce ត្រូវឆ្ពោះទៅកាន់សណ្ឋាគារ THE 13 ហើយ នាពេលនេះ។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]