ថៃ៖ សារព័ត៌មានចិន បានចុះផ្សាយកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ថា បុរសស្រវឹងស្រាម្នាក់ រស់នៅក្នុងប្រទេសថៃ បានធ្លាក់ចូលទៅក្នុងទឹកទន្លេដោយចៃដន្យ និងបានយំស្រែកឲ្យគេជួយ ប៉ុន្តែបែរជាជួបរឿងដ៏ហួសចិត្តបំផុត ដោយគ្មាននរណាម្នាក់ចូលទៅជួយសង្គ្រោះទៅវិញ។

បុរសរងគ្រោះមិនចេះហែលទឹកទេ គាត់បានព្យាយាមយំស្រែកយ៉ាងខ្លាំង ដើម្បីឲ្យគេជួយ ប៉ុន្តែមនុស្សដែលនៅជុំវិញនោះមិនបានជួយឡើយ ហើយបែរជានាំគ្នាដកទូរស័ព្ទដៃយកមកថតរូប បង្ហោះចូលទៅក្នុងហ្វេសប៉ុកទៅវិញ ដោយអ្នកខ្លះបានសរសេរថា “តើគាត់ធ្លាក់ទៅក្នុងទឹកនោះដោយរបៀបណា? ហាហា”។ ខណៈបុរសរងគ្រោះកំពុងតែព្យាយាមស្រវេស្រវ៉ាខំប្រឹងតោងថ្មច្រាំង ដែលនៅក្បែរនោះតែម្នាក់ឯង។

មិនយូរប៉ុន្មានប៉ូលិសក៏បានទៅដល់ ដោយបុរសខាងលើនោះកំពុងស្ថិតនៅកណ្ដាលទឹកនៅឡើយ ប៉ុន្តែជាអកុសល គាត់បានដាច់ខ្យល់ស្លាប់ទៅហើយ។ លើសពីនេះទៅទៀត ពេលស្រង់សាកសពមកដល់លើគោកវិញ មនុស្សម្នាដែលនាំគ្នាឈរមើលនោះ នៅតែមិនអស់ចិត្ត នាំគ្នាបើកភ្លើងហ្វ្លាស់ (Flash) ពីទូរស័ព្ទ ហើយថតរូប និងវីដេអូបន្ថែមទៀត ខណៈពេលដែលប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេត ត្រួតពិនិត្យលើសាកសព។

ដោយអត់ទ្រាំនឹងទង្វើគ្មានសីលធម៌ទាំងអស់នេះមិនបាន មន្រ្តីប៉ូលិសក៏បានធ្វើការព្រមាន នឹងនិយាយទៅកាន់ហ្វូងមនុស្សទាំងអស់នោះថា “បញ្ឈប់ការថតរូបទៅ ហើយសូមមេត្តាគោរពដល់មនុស្សដែលបានស្លាប់ទៅផង!”។ 

ក្រោយមក បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង មន្ត្រីប៉ូលិសក៏បានចេញមកថ្លែងថា មនុស្សមួយក្រុមខាងលើនោះ បានអះអាងថា ពួកគេមិនចេះហែលទឹកនោះទេ ដូច្នេះពួកគេបានត្រឹមតែអាចទៅរកប៉ូលិសតែប៉ុណ្ណោះ។

តែទោះជាយ៉ាងណា យោងតាមស្ថានភាពជាក់ស្ដែង ពួកគេអាចជួយបុរសខាងលើនោះបាន ដោយមិនចាំបាច់លោតចុះទៅក្នុងទឹកឡើយ គឺងាយៗដោយគ្រាន់តែជួយបោះដៃឲ្យគាត់តោងទៅ បានបាត់ទៅហើយ៕ 

ប្រភព៖ People's Daily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]