ព្រះសីហនុ៖ ជនសង្ស័យចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យ​កណ្តាល ព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល​ខេត្តព្រះសីហនុ ចាប់ឃាត់ខ្លួន ក្រោយ​បង្ករឿង​កាប់គ្នាយ៉ាង​ព្រៃផ្សៃ នៅចំណុច​វិមានឯករាជ្យ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បណ្តាលឲ្យមានជនរង​គ្រោះម្នាក់រងរបួស​កដៃទាំងសងខាង (ជិតដាច់) និងត្រូវក្បាល៣កាំបិត ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ មាស គឹមសាន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងចម្លាក់ មានទីលំនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍ បានបន្តទៀតថា ដោយមានការស្រាវជ្រាវ​ស៊ើបអង្កេតយ៉ាង​ម៉ត់ចត់ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ កម្លាំងការិយាល័យ​កណ្តាលព្រហ្មទណ្ឌ​របស់លោក សហការជាមួយកម្លាំង​នគរបាលមូលដ្ឋាន បានចុះឃាត់ខ្លួនជនសង្ស័យ​បានចំនួន៥នាក់៖ ១. ឈ្មោះ កុយ ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងម៉ាស៊ីន​ត្រជាក់ មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ២. ឈ្មោះ អ៊ុង ដារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ៣. ឈ្មោះ លី ជាសាង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ៤. ឈ្មោះ គឹម វិសាល ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ៥. ឈ្មោះ ទេព វាសនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ​ហូលីដេរ មានទីលំនៅសង្កាត់១ ក្រុងព្រះសីហនុ។

បើតាមលោកស្នងការ បានបន្តថា វត្ថុតាងដែលដក​ហូតបាន រួមមាន ម៉ូតូ​ម៉ាកស៊ូស៊ុគី​និច ២គ្រឿង, ម៉ូតូម៉ាកស្កុបពី ១គ្រឿង, ម៉ូតូម៉ាកស៊ូស៊ុគីលែត ១គ្រឿង, ដាវ១ដើម។

ឆ្លងតាមការសួរចម្លើយជនសង្ស័យ​ទាំង៥នាក់ បានសារភាពថា ពួកគេមានជម្លោះ​ជាមួយភាគីខាងរងគ្រោះ តាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ មកម្ល៉េះ មូលហេតុ​ដោយសារ​ភាគីរងគ្រោះ បានកាប់​មិត្តភក្តិរបស់ពួក​គេមុន គឺឈ្មោះ លី ជាសាង នៅចំណុចបុរីគុជអាស៊ី ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ពេលនោះពួកគេមានគ្នា៩នាក់ បាននាំគ្នាដេញ​កាប់ទៅលើភាគី​ខាងរងគ្រោះ តែភាគីខាងរង​គ្រោះរត់គេចខ្លួនទាន់ ហើយពួកគេបានតែកាប់​ម៉ូតូរបស់ភាគីខាង​រងគ្រោះតែប៉ុណ្ណោះ។

រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ពួកគេបានឃើញ​ភាគីខាងរងគ្រោះ នៅវិមានឯករាជ្យ ជិះម៉ូតូ១គ្រឿង ម៉ាកស៊ូយស៊ូគីលែត មានគ្នា៣នាក់ ពេលនោះពួគេមាន​គ្នា៩នាក់ ដោយមានដាវ២ដើម ខណៈនោះជនសង្ស័យ​ឈ្មោះ កុយ និង ឈ្មោះ ឈិត ស្ទុះទៅកាប់ជន​រងគ្រោះតែម្តង។ តែកាប់បានតែម្នាក់​ដែលជិះពីក្រោយ ឈ្មោះ មាស គឹមសាន តែប៉ុណ្ណោះ ចំណែកឯអ្នកបើកម៉ូតូ និងអ្នកជិះកណ្តាល​រត់គេចខ្លួនទាន់។

ចំពោះជនសង្ស័យដែលនៅសេលសល់ កម្លាំងនគរបាលកំពុង​មានវិធានការតាមចាប់ខ្លួនបន្ត រីឯជនសង្ស័យទាំង៥នាក់ ខាងលើ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការ​តាមផ្លូវច្បាប់។

ប្រភព៖ Fresh News

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

កែច្នៃ​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះ ធ្វើគ្រាប់បែក​​បោក​ត្រី​ បែរ​ជាផ្ទុះ បណ្តាលឲ្យ​មនុស្ស២នាក់​​របួសធ្ងន់ ​នៅស្រុកចុងកាល់​

ឧត្តរមានជ័យ​៖​ មនុស្ស២នាក់រពិសដៃយក​យុទ្ធភណ្ឌមិនទាន់ផ្ទុះ​កែច្នៃជាគ្រាប់បែក​ ដើម្បីយកទៅបំផ្ទុះ​បោកយក​ត្រី​ ទីបំផុតផ្ទុះដាច់ម្នាក់​ រងរបួលស្រាលម្នាក់។​ ហេតុការណ៍នេះ កើតឡើងនៅរសៀល​ថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០១៧​ នៅចំណុចស្ទឹងស្រែង ខាងកើតភូមិអាតោ ឃុំចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ​។

សមត្ថកិច្ច​មូលដ្ឋានបានឲ្យដឹងថា​ ករណីខាងលើនេះ​ រងរបួស​មនុស្សប្រុស២នាក់​ ទី១​៖ឈ្មោះ​ ឈួន ផល់​ អាយុ៥៥ឆ្នាំ (អតីតយុទ្ធជន)​ របួសធ្ងន់ដាច់ដៃ

ខាងស្ដាំ​ និងទី២​៖ឈ្មោះ ហ៊ត់ ព្រីង​ អាយុ​២២ ឆ្នាំ (របួសស្រាល)​ រស់នៅភូមិអាតោ ឃុំចុងកាល់​ ស្រុកចុងកាល់​ ខេត្ដ​ឧត្ដរមានជ័យ។

ក្រោយពីកើតហេតុ​សមត្ថកិច្ច ​បាន​បញ្ជូនជនរងគ្រោះ​ទាំង២នាក់ ​ទៅកាន់​មន្ទីរពេទ្យ​បង្អែកស្រុក​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]