ខេត្តកំពត ៖ រាត្រី​ទឹកឃ្មុំ​ ក្លាយជា​រាត្រី​ទឹកខ្មេះ ព្រោះ​កូន​ក​ម្លោះ​ខាន​បាន​ផ្សំ​ដំណេក​ជាមួយ​កូនក្រមុំ​ដោយសារ​តែ​ ត្រូវ​ឪពុក​របស់​ខ្លួន​ហៅ​ ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជា​ប្រញាប់ បន្ទាប់​ពី​ភ្ញៀវ​ខាង​ប្រុស​ និង​ភ្ញៀវ​ខាង​ស្រី​ បានឈ្លោះប្រកែកគ្នា កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៧ នៅ​ភូមិ​ព្រៃ​កឹ​ក ឃុំ​ប្រសាទ​ភ្នំ​ខ្យង ស្រុក​កំពង់ត្រាច ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា អាពាហ៍ពិពាហ៍​នេះ​ មានកូន​ក​ម្លោះ​ឈ្មោះ ណ​.​ម នៅ​ភូមិ​ឃ្លី​ត​លើ ឃុំ​ខ្ជាយ​ខាងជើង ស្រុក​ដងទង់ ខេត្តកំពត កូនក្រមុំ​ឈ្មោះ ទ​.​ក នៅ​ភូមិ​កើតហេតុ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា អាពាហ៍ពិពាហ៍​នេះ​ខាង​ស្រី​ ធ្វើ​ម្ហូប​ទទួលភ្ញៀវ​៤០​តុ រីឯ​ខាង​ប្រុស​ធ្វើ​ម្ហូប​ទទួលភ្ញៀវ​ ១០០​តុ ហើយ​ការ​ទទួលភ្ញៀវ​ទាំង​ខាង​ប្រុស​ទាំង​ខាង​ស្រី​ប្រកបដោយ​សប្បាយ​រីករាយ​ ដោយ​មានការ​ប្រគុំ​តន្ត្រីសម័យ​ យ៉ាង​រណ្ដំ​ផង​ដែរ ប៉ុន្តែ​នៅ​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ខណៈ​កំពុង​រាំ​យ៉ាង​សប្បាយ​រីករាយ​នោះ ស្រាប់តែ​ភ្ញៀវ​ខាង​កូន​ក​ម្លោះ និង​ភ្ញៀវ​ខាង​កូនក្រមុំ​ បាន​ឈ្លោះ​គ្នា​រហូត​ដល់​វាយតប់​គ្នា និង​គប់​កែវ គប់​កៅអី​ឆ្វេ​ច​ឆ្វាច​ធ្វើ​ឲ្យ​អ្នក ចូលរួម​ពិធី និង​ក្រុម​តន្ត្រី​រត់​បាត់ជើង​ស​ព្រាត ។

ការ​ឈ្លោះ​ទាស់ទែង​គ្នា​នេះ​ បណ្ដាល​ឲ្យ​មាន​មនុស្ស​របួសធ្ងន់​៤​នាក់ និង​រង​របួសស្រាល​ជា​ច្រើន​នាក់ ហើយ​កូនប្រុស​ម្ចាស់​ដើមការ​ ខាង​ស្រី​ម្នាក់ និង​សាច់ញាតិ​ម្នាក់ បាន​រង​របួស​បែកក្បាល ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​ នៅ​ប្រទេស​វៀតណាម​ទាំង​យប់ ។ រីឯ​ឈ្មោះ ណ​. ខ ជា​ឪពុក​កូន​ក​ម្លោះ និង​បុរស​ម្នាក់​ទៀត​ ជា​សាច់ញាតិ​ខាង​កូន​ក​ម្លោះ ក៏​បាន​រង​របួស​ដែរ ។

ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ផ្ទុះ​ហិង្សា កូន​ក​ម្លោះ​បាន​ឡើង​ទៅ​លើ​ផ្ទះ​ដើម្បី​ជួប​កូនក្រមុំ ប៉ុន្តែ​ត្រូវ​ឪពុក​កូន​ក​ម្លោះ​ ហៅ​ឲ្យ​ចុះ​មក​វិញ​ជា​ប្រញាប់ ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​យប់​ដោយ​មិន​ផ្សំ​ដំណេក​ ជាមួយ​កូនស្រី​ឡើយ ។

ឪពុក​កូនក្រមុំ បាន​ឲ្យ​សមត្ថកិច្ច​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៧​ថា គាត់​មិន​បានដឹង​រឿង​ទេ ស្រាប់តែ​ពេល​កំពុង​រាំ​ ក៏​ឃើញ​មនុស្ស​រត់​ព្រាត​តែ​ម្តង ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែកក្រឡេទៅមើល ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

អស់ទាស់! បើកដំណើរការផ្លូវរថភ្លើងពីចិន ទៅទីក្រុងឡុងដ៍ មានចម្ងាយជាង១២ ០០០គីឡូម៉ែត្រ...! ពីមុនជាផ្លូវជំនួញសូត្របុរាណ...

ចិន៖ រថភ្លើងមួយខ្សែ នឹងត្រូវធ្វើដំណើរក្នុងរយៈចម្ងាយជាង ១២ ០០០គីឡូម៉ែត្រ ពីប្រទេសចិន ទៅកាន់ទីក្រុងឡុងដ៏ ដែលជាផ្លូវធ្វើពាណិជ្ជកម្មជំនួញសូត្រមួយ កាលពីសម័យបុរាណ ហើយត្រូវយកមកប្រើប្រាស់ជាថ្មីក្នុងសម័យនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉ែល កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧។

ក្បាលរថភ្លើងឈ្មោះ The East Wind មួយខ្សែនេះ នឹងចាកចេញពីប្រទេសចិន ដោយឆ្លងកាត់ប្រទេសរុស្ស៊ី កាហ្សាក់ស្ថាន បេឡារូស ប៉ូឡូញ បែលហ្សិក និងបារាំង មុនពេលដែលវាចូលទៅដល់ចំណត Hackney Rail Freight ភាគខាងកើតទីក្រុងឡុងដ៏។

ប្រភពព័ត៌មានបានឲ្យដឹងថា រថភ្លើងមួយនេះ ត្រូវដឹកទំនិញចំនួន ៣៤ទូ ចេញពីរោងចក្រ ក្នុងទីក្រុង Yiwu ភាគខាងកើតប្រទេសចិន ដោយត្រូវចំណាយពេលធ្វើដំណើរចំនួន ១៦ថ្ងៃ។ ហើយក្នុងការធ្វើដំណើរមួយនេះ រថភ្លើងត្រូវឆ្លងកាត់ជួរភ្នំជាច្រើន វាលខ្សាច់ និងតំបន់ដ៏ធំល្វឹងល្វើយនៅប្រទេសរុស្ស៊ី។

ខ្សែរថភ្លើង The East Wind គឺជាការបង្កើតឲ្យមានការរស់ឡើងវិញនៃផ្លូវធ្វើពាណិជ្ជកម្មជំនួញសូត្របុរាណ ហើយក៏ជាជំនាន់ថ្មីមួយ នៃទំនាក់ទំនងរវាងអង់គ្លេស និងចិនផងដែរ។ កាលពីមុន ផ្លូវនេះត្រូវបានប្រើដោយពួកឈ្មួញ ដើម្បីនាំយកផលិតផលរបស់ខ្លួនទៅកាន់តំបន់អឺរ៉ុប។

រថភ្លើង The East Wind ត្រូវបានដំណើរការដោយក្រុមហ៊ុនវិនិយោគរបស់ចិន Yiwu Timex ហើយនឹងរត់ម្ដងក្នុងមួយសប្តាហ៍ក្នុងអំឡុងពេលដាក់ឲ្យដំណើរការជាលើកដំបូងនេះ ។ ខណៈលោក Oscar Lin អ្នកចាត់ការទូទៅខ្សែរថភ្លើងថ្មី នៃ UK agent Onetwothree Logistics របស់អង់គ្លេស បាននិយាយថា “សេវាកម្មរថភ្លើងដឹកទំនិញនេះ បានបញ្ជាក់នូវភាពជាដៃគូពាណិជ្ជកម្មយ៉ាងសំខាន់រវាងចក្រភពអង់គ្លេស និងប្រទេសចិន”។

ដោយសារតែរង្វាស់នៃផ្លូវរថភ្លើងខុសៗគ្នា ក្នុងប្រទេសនីមួយៗ រថភ្លើងតែមួយមិនអាចបំពេញបេសកកម្មនៃការធ្វើដំណើរមួយនេះបាននោះទេ ប៉ុន្តែសម្រាប់រថភ្លើង The East Wind មួយខ្សែនេះវាអាចធ្វើបាន។ ការធ្វើដំណើរមួយនេះ នឹងលឿនជាងការដឹកជញ្ជួនតាមកប៉ាល់ដឹកទំនិញធំៗ ហើយមានតម្លៃថោកជាងពាក់កណ្តាល នៃតម្លៃក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស។ វានឹងធ្វើឲ្យទីក្រុងឡុងដ៍ ក្លាយជាទីក្រុងទី១៥ ដែលត្រូវបានតភ្ជាប់ដោយផ្ទាល់ទៅកាន់ប្រទេសចិន៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]