ចិន៖ រថភ្លើងមួយខ្សែ នឹងត្រូវធ្វើដំណើរក្នុងរយៈចម្ងាយជាង ១២ ០០០គីឡូម៉ែត្រ ពីប្រទេសចិន ទៅកាន់ទីក្រុងឡុងដ៏ ដែលជាផ្លូវធ្វើពាណិជ្ជកម្មជំនួញសូត្រមួយ កាលពីសម័យបុរាណ ហើយត្រូវយកមកប្រើប្រាស់ជាថ្មីក្នុងសម័យនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉ែល កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧។

ក្បាលរថភ្លើងឈ្មោះ The East Wind មួយខ្សែនេះ នឹងចាកចេញពីប្រទេសចិន ដោយឆ្លងកាត់ប្រទេសរុស្ស៊ី កាហ្សាក់ស្ថាន បេឡារូស ប៉ូឡូញ បែលហ្សិក និងបារាំង មុនពេលដែលវាចូលទៅដល់ចំណត Hackney Rail Freight ភាគខាងកើតទីក្រុងឡុងដ៏។

ប្រភពព័ត៌មានបានឲ្យដឹងថា រថភ្លើងមួយនេះ ត្រូវដឹកទំនិញចំនួន ៣៤ទូ ចេញពីរោងចក្រ ក្នុងទីក្រុង Yiwu ភាគខាងកើតប្រទេសចិន ដោយត្រូវចំណាយពេលធ្វើដំណើរចំនួន ១៦ថ្ងៃ។ ហើយក្នុងការធ្វើដំណើរមួយនេះ រថភ្លើងត្រូវឆ្លងកាត់ជួរភ្នំជាច្រើន វាលខ្សាច់ និងតំបន់ដ៏ធំល្វឹងល្វើយនៅប្រទេសរុស្ស៊ី។ 

ខ្សែរថភ្លើង The East Wind គឺជាការបង្កើតឲ្យមានការរស់ឡើងវិញនៃផ្លូវធ្វើពាណិជ្ជកម្មជំនួញសូត្របុរាណ ហើយក៏ជាជំនាន់ថ្មីមួយ នៃទំនាក់ទំនងរវាងអង់គ្លេស និងចិនផងដែរ។ កាលពីមុន ផ្លូវនេះត្រូវបានប្រើដោយពួកឈ្មួញ ដើម្បីនាំយកផលិតផលរបស់ខ្លួនទៅកាន់តំបន់អឺរ៉ុប។

រថភ្លើង The East Wind ត្រូវបានដំណើរការដោយក្រុមហ៊ុនវិនិយោគរបស់ចិន Yiwu Timex ហើយនឹងរត់ម្ដងក្នុងមួយសប្តាហ៍ក្នុងអំឡុងពេលដាក់ឲ្យដំណើរការជាលើកដំបូងនេះ ។ ខណៈលោក Oscar Lin អ្នកចាត់ការទូទៅខ្សែរថភ្លើងថ្មី នៃ UK agent Onetwothree Logistics របស់អង់គ្លេស បាននិយាយថា “សេវាកម្មរថភ្លើងដឹកទំនិញនេះ បានបញ្ជាក់នូវភាពជាដៃគូពាណិជ្ជកម្មយ៉ាងសំខាន់រវាងចក្រភពអង់គ្លេស និងប្រទេសចិន”។

ដោយសារតែរង្វាស់នៃផ្លូវរថភ្លើងខុសៗគ្នា ក្នុងប្រទេសនីមួយៗ រថភ្លើងតែមួយមិនអាចបំពេញបេសកកម្មនៃការធ្វើដំណើរមួយនេះបាននោះទេ ប៉ុន្តែសម្រាប់រថភ្លើង The East Wind មួយខ្សែនេះវាអាចធ្វើបាន។ ការធ្វើដំណើរមួយនេះ នឹងលឿនជាងការដឹកជញ្ជួនតាមកប៉ាល់ដឹកទំនិញធំៗ ហើយមានតម្លៃថោកជាងពាក់កណ្តាល នៃតម្លៃក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស។ វានឹងធ្វើឲ្យទីក្រុងឡុងដ៍ ក្លាយជាទីក្រុងទី១៥ ដែលត្រូវបានតភ្ជាប់ដោយផ្ទាល់ទៅកាន់ប្រទេសចិន៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]