(សៀមរាប)៖ ស្ពានបណ្តែតទឹកបណ្តោះអាសន្ន ធ្វើពីពោងជ័រ Polyethylene មានទីតាំងនៅក្នុងទឹកកសិន្ធុខាងត្បូង ស្ពានហាលប្រាសាទ អង្គរវត្ត នឹងដាក់ឲ្យដំណើរការ ប្រើប្រាស់មុនខែឧសភា ឆ្នាំ២០១៧នេះហើយ។

​ស្ពាននេះសាងសង់ឡើង ដើម្បីបង្វែរចរាចរណ៍ និងរក្សាសុវត្ថិភាព ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ពេលធ្វើដំណើរឆ្លងកាត់ទៅទស្សនា អង្គរវត្ត ខណៈស្ពានហាលអង្គរវត្ត ត្រូវបិទទាំងស្រុង ដើម្បីទុកលទ្ធភាពឲ្យក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យ សូហ្វីយ៉ា ធ្វើការជួសជុលក្នុងគោលបំណង អភិរក្សស្ពានបុរាណនេះឲ្យបានល្អប្រសើរ។

លោក ហេង គឹមឡេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ នៃអាជ្ញាធរជាតិអប្សរា បានប្រាប់ថា លក្ខណៈ ពិសេសរបស់ស្ពានបណ្តែតទឹកបណ្តោះអាសន្ន គឺមានសុពលភាពប្រើការបានដល់ទៅ២០ឆ្នាំ មានកន្លែងឈរលេងចំនួន៦ សម្រាប់ភ្ញៀវ ទេសចរឈរ ស្រូបយកខ្យល់អាកាស និងថតរូបជាដើម។ ចំណែកផ្ទៃពោងជ័របណ្តែតទឹក សរុបគឺ១,៨៧៤ម៉ែត្រការេ (បណ្តោយ១៩៧ម៉ែត្រ គុណទទឹង១០ម៉ែត្រ) ដែលក្នុង១ម៉ែត្រការេ អាចទ្របន្ទុកបានចំនួន២៧២គីឡូក្រាម ហើយបើសន្មត់មនុស្សម្នាក់ មានទម្ងន់៨០គីឡូក្រាម ស្ពាននេះអាចទ្រមនុស្សសរុបចំនួន៦,៣៧១នាក់ ក្នុងពេលតែមួយ។ លោក ហេង គឹមឡេង បន្តទៀតថា ស្ពាននេះសិក្សាដោយអាជ្ញាធរ ជាតិអប្សរា ហើយទទួលខុសត្រូវសាងសង់ដោយក្រុមហ៊ុន កាំត្រង់ស៊ីប (KTS)។

លោក វង្ស ចាន់វិបុល ប្រធានការដ្ឋានសាងសង់ស្ពានបណ្តែតទឹក របស់ក្រុមហ៊ុន កាំត្រង់ស៊ីប បញ្ជាក់ថា សម្ភារៈនិងអ្នកជំនាញ បច្ចេកទេសក្នុងការធ្វើស្ពាន គឺយកពីប្រទេសកាណាដាទាំងអស់ ហើយលក្ខណៈពិសេសរបស់ពោងបណ្តែតទឹក គឺជាជ័រ ស្វិត ធន់ ហើយអាចទ្រទ្រង់នឹងអាកាសធាតុ បានយ៉ាងល្អបំផុត មិនមានប្រតិកម្មនឹងពន្លឺថ្ងៃ ភ្លៀង និងធ្វើឱ្យទឹកប្រែពណ៌ ឬបង្ករជាសារធាតុពុល ផ្សេងៗដល់ទឹកឡើយ។ លើសពីនោះទៅទៀត ពោងជ័រ Polyethylene មានលក្ខណៈគ្រើម ដែលមិនធ្វើឲ្យរអិល ហើយពោងនីមួយៗ មានខ្យល់នៅខាងក្នុង ពេលណាកម្តៅឡើងខ្លាំងធ្វើឲ្យឧស្ម័នក្នុងពោងសាយភាយមកក្រៅ ដែលអាចរក្សាទ្រង់ទ្រាយ និងសីតុណ្ហភាព ក្នុងពោងឲ្យនៅដដែល។

លោក​បន្ថែមទៀតថា ក្នុងការតំឡើង និងតភ្ជាប់ពោងពីមួយទៅមួយដើម្បីធ្វើស្ពាន គឺអ្នកជំនាញនៃក្រុមហ៊ុនកាំត្រង់ស៊ីប និងអ្នកជំនាញ ផលិតស្ពាន មកពីប្រទេសកាណា បានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតលើបច្ចេកទេស ដែលធានាបាននូវភាពមាំ សុវត្ថិភាពខ្ពស់ មិនអាចរបូតចេញពីគ្នាឡើយ។

សូមបញ្ជាក់ថា មកដល់ពេលនេះក្រុមការងារ បានតភ្ជាប់ពោងជ័របណ្តែតទឹក រួមនឹងដាក់បង្កាន់ដៃស្ពានរួចរាល់ហើយ នៅសល់តែការ ភ្ជាប់ជណ្តើរឈើមកស្ពានលើទឹកតែប៉ុណ្ណោះ ដែរក្រុមការងារទាំង២ កំពុងសិក្សាពីវិធីសាស្ត្របន្ថែមទៀត ក្នុងការទប់លំនឹងស្ពានកុំឲ្យ យោលយោគឬរេចុះឡើង ខណៈ​មានភ្ញៀវទេសចរឆ្លងកាត់ផងដែរ៕

ប្រភព៖ Fresh News

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា៖ អាជ្ញាធរជាតិអប្សរា សហការ ជាមួយស្ថាប័ន KOCHEF របស់ សាធារណរដ្ឋកូរ៉េជួសជុល ក្រុម ប្រាសាទ ព្រះពិធូរ  

អាជ្ញាធរជាតិអប្សរាបានចាប់ដៃគូជាមួយមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KOCHEF) និងភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ (KOICA) ដើម្បីជួសជុលស្តារឡើងវិញនូវក្រុមប្រាសាទព្រះពិធូរ ដែលស្ថិតនៅទល់មុខព្រះលានជល់ដំរី។

គម្រោងនេះចាប់ផ្តើមពីឆ្នាំ២០១៥ ហើយគ្រោងនឹងបញ្ចប់ជំហានដំបូងនៅឆ្នាំ២០១៨ខាងមុខ។ លោក ផាក ដុងហ៊ី (Park Dong hee) មន្ត្រីសម្របសម្រួលនៃគម្រោងនេះ បញ្ជាក់ថា គម្រោងអភិរក្សជួសជុល ប្រាសាទ ព្រះពិធូរមានការងារ៣ធំដែលត្រូវធ្វើគឺ ការងារបណ្តុះបណ្តាលធនធានមនុស្ស ការងារស្រាវជ្រាវចងក្រងឯកសារ និងការ ងារ អភិរក្សជួសជុលស្តារឡើងវិញ។

សព្វថ្ងៃគម្រោងកំពុងដំណើរការលើការងារបណ្តុះបណ្តាលធនធានមនុស្ស និងស្រាវជ្រាវចងក្រងឯកសារ ចំណែកការជួសជុលស្តារឡើងវិញនឹងចាប់ផ្តើមបន្ទាប់ពីបញ្ចប់ការសិក្សាស្រាវជ្រាវហើយ។

មន្ត្រីសម្របសម្រួលគម្រោងរូបនេះបន្ថែមថា យោងតាមអនុសាសន៍របស់គណៈកម្មាធិការICC-Angkor បានតម្រូវឲ្យក្រុម ការ ងារ របស់លោកធ្វើការអភិរក្សជួសជុលទៅលើ៣ចំណុចនៃក្រុមប្រាសាទព្រះពិធូរគឺ ការជួសជុលលើផ្នែក តូចៗជុំវិញ ប្រាសាទ ការសិក្សាទូទៅអំពីទិដ្ឋភាពជុំវិញប្រាសាទ និងការជួសជុលស្តារឡើងវិញនូវកសិន្ធុជុំវិញប្រាសាទ។ “រហូតមកទល់នឹងពេលនេះ យើងបានសិក្សាចងក្រជាឯកសារបានច្រើនហើយ។

នៅរវាងខែមីនានិងមេសា ឆ្នាំ២០១៧ ខាង មុខ នេះ ក្រុមការងារនឹងធ្វើសិក្ខាសាលាមួយដើម្បីបង្ហាញអំពីផែនការពិស្តារនៃគម្រោង ហើយស្តាប់យោបល់ របស់ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា និងអ្នកជំនាញផ្សេងៗដែលកំពុងអនុវត្តការងារជួសជុលនៅក្នុងរមណីយដ្ឋានអង្គរដែរ។ ជាជំហានដំបូងយើងនឹងធ្វើការអភិរក្សជួសជុលទៅលើរានហាលនៃប្រាសាទកោរជុកតែមួយប៉ុណ្ណោះ”។ លោក ដុង ហ៊ី បន្ថែមថា ដើម្បីផ្តល់ជូនព័ត៌មានបន្ថែមដល់អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ គម្រោងនេះបាន សាងសង់ អាគារពិព័រណ៍មួយនៅខាងមុខប្រាសាទកោរសក់ (ប្រាសាទមួយក្នុង ចំណោមក្រុមប្រាសាទ ព្រះពិធូរទាំង៥)។

អាគារពិព័រណ៍នេះនឹងបង្ហាញអំពីទិដ្ឋភាពទូទៅនៃគម្រោង ផែនការ សកម្មភាពទូទៅ រួមនឹងប្រវត្តិសាស្ត្រនៃប្រាសាទជាដើម ហើយគ្រោងបើកជូនទស្សនាជាផ្លូវការនៅចុងខែមករាឆ្នាំ២០១៧ខាងមុខ។ លោក ស្រ៊ុន តិច មន្ត្រីជំនាញផ្នែកបុរាណវិទ្យានៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការបញ្ជាក់ ថា ប្រវត្តិទូទៅនៃប្រាសាទព្រះពិធូរមានលក្ខណៈស្មុគ្រស្មាញច្រើន ដោយសារមិនទាន់មានឯកសារផ្លូវការ ណាមួយចង ក្រងច្បាស់លាស់នៅឡើយ។

ការស្រាវជ្រាវរបស់ប្រទេសបារាំងបានដាក់ឈ្មោះប្រាសាទទាំង៥នេះ ជាតំណាងដោយអក្សរ T U X Z Y។ លោកបញ្ជាក់ថា គេមិនទាន់ដឹងថាមូលហេតុអ្វីទើបបារាំងដាក់ឈ្មោះប្រាសាទទាំង៥នេះដូច្នេះឡើយ តែតាមពិតប្រាសាទ នេះ មានឈ្មោះរបស់ខ្លួនតាមដែលអ្នកស្រុកធ្លាប់ហៅមកហើយ គឺ ប្រាសាទកោរសក់ ប្រាសាទជម ប្រាសាទតាទួត ប្រាសាទ ដូនមារ និងប្រាសាទកណ្តក់យក្ស។

តាមការសន្និដ្ឋានរបស់លោក ប្រាសាទទាំង៥នេះអាចនឹង សាងសង់ឡើងក្នុង សម័យ កាលផ្សេងគ្នាទៀតផង។ អ្នកបុរាណវិទ្យារូបនេះជឿជាក់ថា ក្រោយការស្រាវជ្រាវចង ក្រងឯកសារដើម្បីធ្វើការ អភិរក្សជួស ជុលឡើងវិញរបស់ក្រុមអ្នកជំនាញកូរ៉េ និងកម្ពុជាហើយ គេនឹងទទួលបានទិន្នន័យនិង កម្រងប្រវត្តិសាស្ត្រជាក់ ច្បាស់ជា មិនខាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]